ការ​បង្ខំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​រៀបការ​ គឺជា​បទឧក្រិដ្ឋ​ប៉ុន្តែ​គ្មាន​ការ​ផ្តន្ទាទោស

loading...
ភ្នំពេញៈ នៅពេល​ដែល​គាត់​មាន​ផ្ទៃពោះ​ ៦ ​ខែ​អ្នកស្រី​ នាង យក​ដៃ​ស្ទាប​ផ្ទៃពោះ​ហើយ​ពេល​​នោះ​អ្នកស្រី​​ហាក់​មាន​អារម្មណ៍​ថា​កូន​ក្នុង​ផ្ទៃ​របស់​​អ្នកស្រី​ឈប់​បម្រះ។​ ពេល​នោះ​គឺ​ឆ្នាំ​ ១៩៧៦ ​ជា​ពេល​ដែល​អ្នកស្រី​មាន​ជំងឺ​​គ្រុនចាញ់​យ៉ាង​ធ្ងន់ធ្ងរ។ ​៣ ​ខែ​ក្រោយ​មក​អ្នកស្រី​បាន​ផ្តល់​កំណើត​ឲ្យ​កូនស្រី​របស់​​អ្នកស្រី​ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​កូន​នោះ​​បាន​ស្លាប់​បាត់​ទៅ​ហើយ​។
ការ​បង្ខំ​ឲ្យ​រៀបការ​នៅក្នុង​ឆ្នាំ ១៩៧៥ ​ក្រោម​របប​ឃោរឃៅ​ខ្មែរ​ក្រហម​អ្នកស្រី​នាង​គឺជា​ជនរងគ្រោះ​នៃ​បទ​ឧក្រិដ្ឋ​មួយ​ដែល​ប្រហែល​ជា​មិន​អាច​ត្រូវ​បាន​គេ​ធ្វើការ​ស៊ើបអង្កេត​នៅក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ពី​បទ​ឲ្យ​ពពោះ​ដោយ​បង្ខំ​នោះ​ទេ។
ទោះបី​ជា​បច្ចុប្បន្ន​នេះ​សាលាក្តី​ខ្មែរក្រហម​កំពុង​ស្តាប់​សក្ខីកម្ម​ពី​​​ជនរងគ្រោះ​ និង​អ្នក​ជំនាញ​ស្តីពី​បទចោទ​ប្រកាន់​នៃ​ការ​ឲ្យ​រៀបការ​ទាំង​បង្ខំ​ដែល​អ្នក​តស៊ូ​មតិ​ផ្នែក​ច្បាប់​បាន​និយាយ​ថា​តុលាការ​បាន​សម្រេច​កាល​ពី​ដើម​ឆ្នាំ​នេះ​ថា​ខ្លួន​នឹង​មិន​ធ្វើការ​ស៊ើបអង្កេត​ករណី​​ឲ្យ​ពពោះ​ដោយ​បង្ខំ​ថា​ជា​បទឧក្រិដ្ឋ​ដាច់​ដោយ​ឡែក​ពី​គ្នា​នោះ​ទេ​។
ការ​សម្រេច​នេះ​ធ្វើ​ឲ្យ​អ្នក​តំណាង​ជនរងគ្រោះ​ទាំង​នោះ​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​ពួកគាត់​មើល​ឃើញ​ថា​វា​ជា​ការ​បាត់បង់​ឱកាស​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​លើ​បទឧក្រិដ្ឋ​ដែល​ទាក់ទង​ទៅ​នឹង​ការ​ឲ្យ​ពពោះ​ដោយ​បង្ខំ។
ការ​សម្រេច​នោះ​ក៏​មាន​ន័យ​ផង​ដែរ​ថា​ការ​ឲ្យ​ពពោះ​ដោយ​បង្ខំ​ជា​បទឧក្រិដ្ឋ​មួយ​ដែល​មិន​ទាន់​មាន​សាលាក្តី​ព្រហ្មទណ្ឌ​អន្តរជាតិ​ណា​មួយ​យក​មក​កាត់ទោស​នៅ​ឡើយ​។
បម្រើ​អង្គការ
អ្នកស្រី​នាង​ពេល​នេះ​​មាន​អាយុ ៦១ ឆ្នាំ​ហើយ​អ្នកស្រី​បាន​រៀបរាប់​ប្រាប់ពី​វិធី​ដែល​គេ​បង្ខំ​ឲ្យ​​អ្នកស្រី​រៀបការ​ក្នុង​ឆ្នាំ​ ១៩៧៥ ​ជាមួយ​បុរស​​ពិការ​ម្នាក់​ពី​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​សមរភូមិ។ អ្នកស្រី​មិន​ដូចជា​ជនរងគ្រោះ​ដទៃ​ទៀត​ដែល​ត្រូវ​គេ​បង្ខំ​ឱ្យ​រៀបការ​នោះ​ទេ​គឺ​អ្នកស្រី​ហ៊ាន​ប្រកែក​តវ៉ា។ អ្នកស្រី​និយាយ​នៅ​ពេល​នោះ​ថា៖ «​មិន​​ថា​អ្នក​ធ្វើ​អ្វី​មក​លើ​ខ្ញុំ​មិន​ថា​អ្នក​យក​ខ្ញុំ​ទៅ​ទី​ណា​គឺ​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ»។
ពេល​ឃើញ​អ្នកស្រី​ យំ​ លោក​មេឃុំ​មាន​ចិត្ត​អាណិត​អ្នកស្រី​ព្រោះ​លោក​មេឃុំ​ធ្លាប់​ឃើញ​អ្នកស្រី​ខិតខំ​ធ្វើ​ការងារ។ ប៉ុន្តែ​លោក​មេឃុំ​បាន​រៀបចំ​អាពាហ៍​ពិពាហ៍​មួយ​ផ្សេង​ទៀត​ឲ្យ​អ្នកស្រី​ហើយ​​ម្តង​នេះ​គេ​រៀបចំ​ឲ្យ​អ្នកស្រី​រៀបការ​ជាមួយ​នឹង​យុវជន​ដែល​ជា​យោធា​ម្នាក់។
អ្នកស្រី​​និយាយ​ថា៖ «​លើក​ទី​ពីរ​នេះ​ខ្ញុំ​មិន​ហ៊ាន​ប្រកែក​ទេ។ ខ្មែរ​ក្រហម​បាន​គំរាម​ឪពុក​​ម្តាយ​​របស់​ខ្ញុំ​ហើយ​ខ្ញុំ​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព​របស់​ពួកគាត់​យ៉ាង​ខ្លាំង។ ពួកគេ​បាន​គំរាម​ថា​នឹង​វាយ​ធ្វើ​បាប​ខ្ញុំ​ហើយ​នឹង​ចាប់​ខ្ញុំ​យក​ទៅ​ដាក់គុក»។
អ្នកស្រី​ នាង ​មិន​ធ្លាប់​បាន​និយាយ​ជាមួយ​បុរស​នោះ​ទេ​ពី​មុន​មក​គឺ​គាត់​បាន​ឃើញ​មុខ​​​បុរស​នោះ​តែ​ប៉ុន្មាន​ថ្ងៃ​មុន​​ពេល​រៀបការ​ប៉ុណ្ណោះ​ហើយ​ពិធី​មង្គលការ​របស់​​អ្នកស្រី​គឺ​មិនមែន​មាន​តែ​អ្នកស្រី​មួយ​គូ​នោះ​ទេ​គឺ​គេ​ធ្វើ​ពិធី​រៀបការ​រួម​គ្នា​ជា​ក្រុម មាន​គូ​ស្វាមី​ភរិយា​ដទៃ​ទៀត​រហូត​ដល់​ ៦០ ​គូ​។
អ្នកស្រី​នាង​ចងចាំ​ជានិច្ច​ពី​ពិធី​ដែល​គេ​ធ្វើ​នោះ​គឺ​មិន​ដូចជា​​ពិធី​អាពាហ៍ពិពាហ៍​ដែល​ជា​ប្រពៃណី​ខ្មែរ​ទេ​គឺ​មិន​មាន​ការ​ជប់លៀង​អរសប្បាយ​អ្វី​នោះ​ទេ​វា​គឺជា​កា​ចុះចូល​តាម​បញ្ជា​របស់​អង្គការ​ខ្មែរ​ក្រហម​តែ​ប៉ុណ្ណោះ​។ ពួកគេ​ដឹកនាំ​ដោយ​ប្រើ​អំណាច​។ ពួកគេ​បាន​ប្រាប់​យើង​ថា​អ្នក​ត្រូវ​តែ​បង្កើត​កូន​ឲ្យ​បាន​ច្រើន​ដើម្បី​បម្រើ​ដល់​អង្គការ»។
សម្រាប់​មេធាវី​​តំណាង​ភាគី​ស៊ីវិល​បញ្ជាក់​ថា​ជនរងគ្រោះ​នៃ​ឧក្រិដ្ឋកម្ម​ដែល​​កំពុង​ត្រូវ​បាន​កាត់​ទោស​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​គឺជា​រឿង​សំខាន់​ព្រោះ​វា​បង្ហាញ​ពី​បទពិសោធ​របស់​ជនរងគ្រោះ​ផ្សេង​ទៀត និង​​ធ្វើ​ឲ្យ​រឿង​នេះ​មាន​លក្ខណៈ​ទូលំទូលាយ​ដែល​គោលបំណង​នៃ​ការ​ដឹកនាំ​នោះ​គឺ​វា​ហាក់​ដូចជា​ការ​ប្រមូល​ទង់​បដិវត្តន៍ (ទស្សនាវដ្តី​ចលនា) ហើយ​បើ​តាម​ការ​ថ្លែង​សុន្ទរកថា​របស់​​មេដឹកនាំ​ខ្មែរ​ក្រហម​ ប៉ុល ពត និង​រដ្ឋមន្ត្រី​ការបរទេស​លោក អៀង សារី គឺ​ពួក​គាត់​ចង់​បង្កើន​ចំនួន​ប្រជាជន​ឲ្យ​បាន​ច្រើន។
ព្រះរាជអាជ្ញា​ និង​មេធាវី​ភាគី​ស៊ីវិល​ថ្លែង​ថា​ការ​បង្ខំ​ឲ្យ​រៀបការ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​​ផ្នែក​មួយ​ដើម្បី​ធានា​ថា​ចំនួន​ប្រជាជន​នឹង​កើនឡើង​ទ្វេដង​គឺ​ដល់​ចំនួន ​២០​ លាន​នាក់​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ដោយ​បន្ថែម​ថា​មនុស្ស​ជំនាន់​ថ្មី​នៃ​ពួក​កម្មាភិបាល​បដិវត្តន៍​នឹង​មិន​ចម្លង​គំរូ​អាក្រក់​មក​ពី​របប​មុនៗ​។
មេធាវី​ការពារ​ក្តី​មេដឹកនាំ​ដែល​នៅ​រស់​ទាំង​ពីរ​រូប​គឺ​លោក​ នួន ជា និង​លោក​ ខៀវ សំផន បាន​ថ្លែង​ថា​របៀប​ដែល​របប​នេះ​រក​វិធី​ធ្វើ​ឲ្យ​ចំនួន​ប្រជាជន​មាន​ការ​កើនឡើង​គឺ​មិនមែន​តាមរយៈ​ការ​បង្ខំ​ឲ្យ​រៀបការ​នោះ​ទេ​ប៉ុន្តែ​តាមរយៈ​ការ​កែលម្អ​លក្ខខណ្ឌ​រស់នៅ​របស់​ប្រជាជន។
ជា​បទឧក្រិដ្ឋ​ផ្សេង​គ្នា
ខណៈ​ពេល​ដែល​ករណី​បង្ខំ​ឲ្យ​ពពោះ​នេះ​គឺជា​បទឧក្រិដ្ឋ​ថ្មី​តែ​តាមពិត​វា​មាន​ប្រវត្តិ​យូរ​មក​ហើយ​ដែល​ត្រូវ​បាន​គេ​ប្រើ​ជា​ឧបករណ៍​សង្គ្រាម។​ នេះ​បើ​​តាម​​កំណត់​ត្រា​ថ្មីៗ​របស់​មេធាវី​សិទ្ធិ​​មនុស្ស​លោកស្រី Mari'a Lobato ស្តី​អំពី​ការ​បង្ខំ​ឲ្យ​ពពោះ​ក្នុង​របប​ខ្មែរ​ក្រហម។
នៅ​ក្នុង​សៀវភៅ​កំណត់ត្រា​នោះ​លោកស្រី Lobato អះអាង​ថា​ការ​ពពោះ​ដោយ​បង្ខំ​គួរ​តែ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​បទឧក្រិដ្ឋ​មួយ​ដាច់​ដោយ​ឡែក​ប៉ុន្តែ​វា​ទាក់ទង​ទៅ​នឹង​បទឧក្រិដ្ឋ​នៃ​ការ​បង្ខំ​ឲ្យ​រៀបការ​ដែល​កំពុង​ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ​។
ទោះ​ជា​យ៉ាង​ណា​ការ​បង្ខំ​ឲ្យ​ពពោះ​បាន​ក្លាយ​ជា​បទឧក្រិដ្ឋ​អន្តរជាតិ​ដាច់​ដោយ​ឡែក​គឺ​មាន​​តែ​នៅ​ឆ្នាំ ១៩៩៨ ​ក្នុង​លក្ខន្តិកៈ​ទីក្រុង​រ៉ូម​តែ​មួយ​ប៉ុ​ណ្ណោះ​គឺជា​សន្ធិសញ្ញា​ដែល​បាន​​បង្កើត​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​​។
ទោះ​ជា​យ៉ាង​នេះ​ក្តី​ភាគី​មេធាវី​ដើម​បណ្តឹង​លោកស្រី Linda Behnke ​ដែល​បាន​ផ្តល់​មូលនិធិ​ដោយ​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញ​អាល្លឺម៉ង់ ​GIZ ​បាន​ដាក់​សំណើ​មួយ​នៅ​ក្នុង​ខែ​មីនា​កន្លង​ទៅ​ដើម្បី​សុំ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​មួយ​សម្រាប់​ឧក្រិដ្ឋកម្ម​នេះ​ចូល​ទៅក្នុង​នីតិវិធី​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​ក្នុង​សំណុំ​រឿង​ ០០៤ ​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​ពីរ​រូប​បន្ថែម​ទៀត​គឺ​លោក ​អៅ​ អាន ​និង ​លោក ​យឹម ​ទិត្យ។
លោកស្រី Behnke បាន​ថ្លែង​ថា​បើ​ទោះ​ជា​ករណី​បង្ខំ​ឲ្យ​ពពោះ​មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​បទឧក្រិដ្ឋ​នៅ​ក្នុង​ឆ្នាំ​ ១៩៧៥ ​ហើយ​លោកស្រី​​ក៏​យល់ស្រប​ថា​ច្បាប់​មិន​អាច​ត្រូវ​បាន​អនុវត្ត​ជា​ប្រតិសកម្ម​ក្តី​ក៏​វា​នៅ​មាន​វិសាលភាព​ដើម្បី​ធ្វើការ​ពិចារណា​​លើ​ករណី​បង្ខំ​ឲ្យ​ពពោះ​ថា​ជា «ទង្វើ​ឃោរឃៅ​មួយ» ​ក្នុង​ចំណោម​អំពើ​ឃោរឃៅ​ផ្សេង​ទៀត​ដែល​បាន​ប្រព្រឹត្ត​ដោយ​របប​នេះ​ហើយ​វា​គួរ​តែ​ត្រូវ​បាន​កាត់ទោស។
លោកស្រី Silke Studzinsky អតីត​មេធាវី​ដើម​បណ្តឹង​ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​នាំ​យក​រឿង​ដែល​ទាក់ទង​​នឹង​អំពើ​ហិង្សា​ផ្លូវភេទ​ និង​យេនឌ័រ​ដូចជា​ការ​បង្ខំ​ឱ្យ​រៀបការ​ និង​ការ​រំលោភ​សេពសន្ថវៈ​ទៅ​កាន់​តុលាការ​បាន​យល់ស្រប​​ថា​ការ​ពពោះ​ដោយ​បង្ខំ​គួរ​តែ​ត្រូវ​បាន​កាត់ទោស​ថា​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ហើយ​លោកស្រី​បាន​ស្នើសុំ​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​លើ​បញ្ហា​នេះ​ដូច​នៅ​ដើម​ឆ្នាំ​ ២០០៨​ ពេល​ដែល​លោកស្រី​មាន​វត្តមាន​នៅ​សាលា​ក្តី​នេះ។
លោកស្រី​ថ្លែង​ថា៖ «ការ​ពពោះ​ដោយ​បង្ខំ​គឺ​វា​ខុស​ពី​បទឧក្រិដ្ឋ​បង្ខំ​ឲ្យ​រៀបការ ​និង​ការ​ចាប់​រំលោភ។ គ្រោះថ្នាក់​ក៏​ខុស​គ្នា​ផង​ដែរ។ មិន​មាន​អង្គហេតុ​បន្ថែម​ដើម្បី​ដាក់​បន្ថែម​នោះ​ទេ។ ​សេណារីយ៉ូ​ដែល​គេ​បង្ខំ​ឲ្យ​គូ​ស្វាមី​ភរិយា​រៀបការ​គឺ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​តាមរយៈ​ការ​ដាក់​សម្ពាធ​ ការ​ធ្វើ​ចារកម្ម​ ឬ​ការ​គំរាម​កំហែង​ដើម្បី​ឲ្យ​បាន​គ្រប់​ចំនួន​ដែល​គេ​បង្ខំ។ លោកស្រី​ថ្លែង​ថា​ខ្មែរ​ក្រហម​បំបែក​បំបាក់​ក្រុម​គ្រួសារ ​និង​គ្រប់គ្រង​ការ​បន្ត​ពូជ​តាមរយៈ​ការ​កំណត់​ដោយ​របប​របស់​ខ្លួន។
លោកស្រី Behnke ​ថ្លែង​ថា៖ «ការ​បង្ខំ​ឲ្យ​រៀបការ​គឺជា​បទល្មើស​ប្រឆាំង​ទាំង​បុរស​ និង​​ស្ត្រី​ចំណែកឯ​ការ​បង្ខំ​ឲ្យ​ពពោះ​គឺជា​បទល្មើស​ប្រឆាំង​តែ​ចំពោះ​ស្ត្រី​ទេ «យើង​ចង់​ធ្វើ​ឱ្យ​បាន​ច្បាស់លាស់​ថា​យើង​នឹង​មិន​ឃើញ​កុមារ​ណា​ម្នាក់​មាន​គ្រោះថ្នាក់​នោះ​ទេ​ដោយសារ​តែ​វា​គឺជា​ស្ថានភាព​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង។ គ្មាន​នរណា​ម្នាក់​ចង់​ពពោះ​នោះ​ទេ​មិនមែន​ដោយសារ​តែ​ពួកគាត់​មិន​ចង់​បាន​កូន​នោះ​ទេ​ប៉ុន្តែ​ដោយសារ​តែ​លក្ខខណ្ឌ»។
លោកស្រី Behnke ថ្លែង​ថា​ការ​រួម​បញ្ចូល​គ្នា​នៃ​កត្តា​ទាំង​នោះ​មាន​ដូចជា​ការ​ធ្វើ​ពលកម្ម​ដោយ​បង្ខំ​កង្វះ​អាហារ ​កង្វះ​ការ​ថែទាំ​សុខភាព និង​គ្មាន​វិធី​ទប់ស្កាត់​ការ​មាន​ផ្ទៃពោះ​មាន​ន័យថា​ស្ត្រី​ត្រូវ «ស៊ូទ្រាំ» ពពោះ​ចំនួន​ប្រាំ​បួន​ខែ។ «បើ​ទោះ​ជា​អ្នក​មាន​ជីវភាព​រស់នៅ​ល្អ​ប្រសើរ​ក៏ដោយ​បើ​អ្នក​មាន​ផ្ទៃពោះ​មិន​ស្រប​ទៅ​តាម​ឆន្ទៈ​របស់​អ្នក... វា​គឺជា​ការ​រំលោភ​សិទិ្ធ​មនុស្ស​ដ៏​អាក្រក់​បំផុត​ដែល​​កើតឡើង​ចំពោះ​អ្នក»។
សាលាក្តី​បាន​បដិសេធ
ទោះបី​ជា​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ពី​លោកស្រី​ Behnke Studzinsky ដែល​ជំរុញ​ឲ្យ​ព្រះរាជ​អាជ្ញា ​និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ស្នើ​ទៅ​សាលាក្តី​ខ្មែរក្រហម​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​​លើ​ករណី​បង្ខំ​ឲ្យ​ពពោះ​ក្តី​ក៏​ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត (OCIJ) បាន​បដិសេធ​។
នៅ​ក្នុង​សេចក្តី​សម្រេច​ដែល​បាន​​ចេញ​ផ្សាយ​ក្នុង​ខែ​មិថុនា​កន្លង​ទៅ​ការិយាល័យ​សហចៅក្រម​ស៊ើបអង្កេត (OCIJ) ​បាន​លើក​ឡើង​ពី​បញ្ហា​ផ្លូវ​ច្បាប់​ដែល​ទាក់ទង​នឹង​សិទ្ធិ​បន្តពូជ​រវាង​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ​ ១៩៧៩ ថា​ខ្វះខាត​ភ័ស្តុតាង​ និង​ពេលវេលា​នៃ​ការ​ដាក់​សំណើ​គឺ​មិន​សមស្រប។
OCIJ ​សរសេរ​ថា៖ «នា​ពេល​បច្ចុប្បន្ន​នេះ​បន្ទាប់​ពី​ចំណាយ​ពេល​អស់​ជាច្រើន​ឆ្នាំ​ធ្វើការ​ស៊ើបអង្កេត​លើ​ករណី​បង្ខំ​ឲ្យ​រៀបការ​គឺ​មិន​មាន​ភ័ស្តុតាង​ដើម្បី​គាំទ្រ​ដល់​គោលនយោបាយ​នៃ​ការ​បង្ខំ​ឲ្យ​ពពោះ​នោះ​ទេ» ទោះបី​ជា​ការ​ពន្យល់​ថា​ករណី​ខ្វះ​ភ័ស្តុតាង​ត្រូវ​បាន​គេ​លុប​ចោល​ហើយ​ក្តី។ «សំណើ​ទាំង​ពីរ​នេះ​ត្រូវ​បាន​ដាក់​មក​យឺត​​ខ្លាំង​ពេក​ហើយ​មិន​បាន​បង្ហាញ​ពី​អង្គហេតុ​ច្បាស់លាស់​នោះ​ទេ»។ សម្រាប់​លោកស្រី Behnke នេះ​គឺជា​រឿង​ខក​ចិត្ត​មួយ។ ក្រុម​មេធាវី​របស់​លោកស្រី​បាន​ជ្រើសរើស​មិន​ប្តឹង​ឧទ្ធរណ៍​​លើ​ការ​សម្រេច​នេះ​ទេ។
សម្រាប់​អ្នក​ស្រាវជ្រាវ​លោកស្រី Theresa de Langis, ដែល​បាន​បង្កើត​គម្រោង​ប្រវត្តិសាស្ត្រ​ផ្ទាល់​មាត់​របស់​ស្ត្រី​កម្ពុជា​ត្រូវ​បាន​គេ​ប្រាប់​ថា៖ «វា​យឺត​ពេក» គឺ​វា​ «មិន​ល្អ​គ្រប់គ្រាន់»។ ​«វា​ពិត​ជា​ខកចិត្ត​មែន​ទែន​នៅពេល​ដែល​គេ​ប្រាប់​ថា​វា​យឺត​ពេក»។ ខ្ញុំ​យល់​ប្រសិន​បើ​វា​មិន​បាន​បំពេញ​ទៅ​តាម​ច្បាប់។​ ប៉ុន្តែ​ការ​និយាយ​ថា​វា​យឺត​​ពេក​សម្រាប់​ឲ្យ​តុលាការ​ជួយ​ពង្រីក​ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​ស្ត្រី...ខ្ញុំ​គិត​ថា​ជា​ការ​​ខកខាន​ឱកាស​ដ៏ធំ​មួយ»។
លោកស្រី De Langis ជា​អ្នក​ស្រាវជ្រាវ​អំពី​ស្ត្រី សន្តិភាព និង​ផ្នែក​សុវត្ថិភាព... បាន​ថ្លែង​ថា​ករណី​នេះ​មិនមែន​ជា​ករណី​តែ​មួយ​សម្រាប់​តែ​សាលាក្តី​ខ្មែរ​ក្រហម​នោះ​ទេ​វា​គឺជា​បញ្ហា​សកល​ដែល​ក្នុង​នោះ​បទពិសោធន៍​នៃ​ជីវិត​របស់​ស្ត្រី​មិន​ត្រូវ​បាន​គេ​កត់សម្គាល់​ដោយ​តុលាការ​អន្ដរជាតិ​នានា​រហូត​ដល់​មាន​រលក​នៃ​ការ​តស៊ូ​មតិ​មួយ​សម្រាប់​រឿងរ៉ាវ​ទាំង​នោះ​ដែល​ត្រូវ​បាន​គេ​លើក​ឡើង។
លោកស្រី​ថ្លែង​ថា៖ «ផ្នែក​មួយ​នៃ​ច្បាប់​គឺ​មើល​មិន​សូវ​ឃើញ​ទេ​នៅ​ពេល​ដែល​និយាយ​ដល់​បទពិសោធន៍​របស់​ស្ត្រី​ទាំង​នោះ។ ច្បាប់​ត្រូវ​បាន​បង្កើត​ឡើង​​ដោយ​បុរស​ដើម្បី​ការពារ​បុរស​ហើយ​ស្ត្រី​គ្រាន់​តែ​ជា​កម្មសិទ្ធិ​របស់​ពួកគេ​ប៉ុណ្ណោះ។ ​ចាប់​តាំងពី​ពេល​នោះ​មក​យើង​បាន​ធ្វើការ​កែប្រែ​ជា​បន្តបន្ទាប់​ដើម្បី​ពង្រីក​ឆ័ត្រ​សម្រាប់​យុត្តិធម៌​។ ​ដូច្នេះ​ប្រសិន​បើ​អ្នក​មើល​ឃើញ​ថា​ស្ត្រី​​គ្រាន់​តែ​ជា​កម្មសិទ្ធិ​របស់​អ្នក​នោះ​អ្នក​ពិត​ជា​មើល​មិន​ឃើញ​ថា​ការ​បង្ខំ​ឲ្យ​ស្ត្រី​ពពោះ​ថា​ជា​បញ្ហា​ទេ»។
ក្នុង​បន្ទប់​សវនាការ​គំនិត​ដែល​គិត​ពី​ការ​ឲ្យ​ពពោះ​ដោយ​បង្ខំ​អាច​ក្លាយ​ជា​រឿង​មិន​សូវ​ច្បាស់​ប្រហែល​ជា​មាន​ការ​យល់​ឃើញ​​ថា​តើ​វា​ជា​ការ​យល់​ព្រម​ ឬ​ជា​ការ​បង្ខិតបង្ខំ​ហើយ​ជនរងគ្រោះ​ត្រូវ​បាន​គេ​អង្កេត​ថា​តើ​វា​ជា​ការ​គំរាម​ពិតប្រាកដ​មែន​ ឬ​ក៏​ជា​រឿង​ប្រឌិត។ ជាធម្មតា​រឿង​នេះ​តែងតែ​កើត​ឡើង​នៅ​ក្នុង​ករណី​រំលោភ​ និង​ការ​បំពាន​ផ្លូវភេទ។
ប៉ុន្តែ​សម្រាប់​លោកស្រី De Langis ថ្លែង​ថា​៖ «គ្មាន​ការ​យល់ព្រម​កើតឡើង​ក្នុង​រឿង​យ៉ាង​ដូច្នេះ​ទេ» នៅ​ក្នុង​បរិបទ​នៃ​ការ​បង្ខំ​ឲ្យ​រៀបការ​របស់​ពួក​ខ្មែរ​ក្រហម។
លោកស្រី​និយាយ​ថា​៖ ​«បើ​យោង​តាម​បរិយាកាស​គឺ​ធ្វើ​តាម​ការ​បង្គាប់​ដូច្នេះ​ការ​យល់ស្រប​គឺ​វា​ក្លាយ​ជា​រឿង​មួយ​ដ៏គួរ​ឲ្យ​សង្ស័យ»។
ជា​ឧទាហរណ៍​លោកស្រី​បាន​ដកស្រង់​តួអង្គ​មួយ​ក្នុង​រឿង​ដែល​បាន​យក​​មកពី​គម្រោង​របស់​លោកស្រី​បាន​ឲ្យ​ដឹង​ថា​ប្តី​ និង​ប្រពន្ធ​ពួកគាត់​នឹង​ជួប​ផលវិបាក​ធ្ងន់ធ្ងរ​ប្រសិន​​បើ​ពួកគាត់​មិន​ព្រម​រួមភេទ​ដូច្នេះ​​ដើម្បី​គេច​ចេញ​ពី​ផលវិបាក​ដែល​អាច​កើត​មាន​ឡើង​គឺ​ពួកគាត់​ត្រូវ​ស្រុះ​ស្រួល​​ទៅ​តាម​ដំណើរ​។
លោកស្រី​ De Langis ថ្លែង​ថា​៖ ​«សម្រាប់​ស្ត្រី​នៅ​ក្នុង​គំនិត​របស់​គាត់​វា​នៅ​តែ​ជា​ការ​រំលោភ​បំពាន​​មួយ​ដដែល​ប៉ុន្តែ​នៅ​ក្នុង​បរិបទ​គឺ​នាង​គ្មាន​ជម្រើស​ផ្សេង​ទេ»​។
គ្មាន​ជម្រើស
ស្ថានភាព​នេះ​គឺ​ដូច​រឿង​របស់​អ្នកស្រី​ នាង ​ដែរ។ ទោះបី​ជា​អ្នកស្រី​បាន​បដិសេធ​​រួម​ដំណេក​ជាមួយ​ប្តី​នៅ​យប់​ដំបូង​ និង​យប់​ទី​ ២ ​​បន្ទាប់ពី​ពិធី​មង្គលការ​ជា​ក្រុម​​នោះ​ក្តី​ក៏​ស្វាមី​របស់​អ្នកស្រី​ត្រូវ​បាន​គេ​ហៅ​ទៅ​ណែនាំ​អំពី​របៀប​នៃ​ការ​រួមភេទ​ហើយ​នៅ​យប់​ទី​បី​ពួកគាត់​បាន​​ប្តូរ​ចិត្ត​។
អ្នកស្រី​នាង​ថ្លែង​ថា៖ «​ដោយសារ​តែ​ខ្ញុំ​ភ័យ​ខ្លាច​ហើយ​ខ្ញុំ​ត្រូវ​ធ្វើ​វា​ជា​ចាំបាច់​ខ្ញុំ​ក៏​បាន​សម្រួល​ទៅ​តាម​ដំណើរ​។ ខ្ញុំ​មិន​បាន​រឹងទទឹង​នោះ​ទេ​ខ្ញុំ​គ្រាន់តែ​នៅ​ដេក​ស្ងៀម។ ខ្ញុំ​គ្មាន​អារម្មណ៍​អ្វី​ទាំងអស់ ខ្ញុំ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​»​​។
មេធាវី​ភាគី​ស៊ីវិល​លោកស្រី Behnke និយាយ​ថា​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ត្រូវ​បាន​គេ​បង្ខំ​ដោយសារ​តែ​មាន​ការ​ភ័យខ្លាច​ហើយ​មាន​គូ​ស្វាមី​ភរិយា​មួយ​ចំនួន​រត់​គេច​ដោយសារ​តែ​បដិសេធ​ការ​រួមដំណេក​ហើយ​មាន​អ្នក​ខ្លះ​ទៀត​ត្រូវ​បាន​គេ​គំរាម​ ឬ​ក៏​ដាក់​ទោស​ជាដើម​។
លោកស្រី​ថ្លែង​ថា៖ «​ប្រជាជន​​បាន​គិត​ថា​ពួកគាត់​គ្មាន​ជម្រើស​ទេ។ ពួកគាត់​គ្មាន​មធ្យោបាយ​ណា​ផ្សេង​ទៀត​ដើម្បី​គេច​ចេញ​ទេ»។
លោកស្រី Kasumi Nakagawa ​អ្នក​ស្រាវជ្រាវ​ជនជាតិ​ជប៉ុន​បាន​ទាញ​រឿងរ៉ាវ​ផ្សេងៗ​របស់​ស្ត្រី​ជាច្រើន​មក​ចងក្រង​នៅ​ក្នុង​សៀវភៅ​របស់ស្រី​ដែល​មាន​ឈ្មោះ​ថា «​ភាព​ជា​ម្តាយ​នៅក្នុង​សម័យ​សង្គ្រាម» ​បាន​ឲ្យ​ដឹង​ថា​មិន​មាន​ស្ត្រី​ណា​ម្នាក់​ដែល​លោកស្រី​បាន​សម្ភាស​ចង់​​មាន​ផ្ទៃពោះ​នៅក្នុង​របប​ខ្មែរ​ក្រហម​នោះ​ទេ។
ប៉ុន្តែ​លោកស្រី​បាន​ព្រមាន​ប្រឆាំង​នឹង​ភាព​ «លម្អៀង» ​ចំពោះ​ការ​បង្ខំ​ឲ្យ​ពពោះ​ដោយ​លោកស្រី​​និយាយ​ថា​ការ​មិន​គោរព​ចំពោះ​ជីវិត​មនុស្ស​ក្នុង​របប​នោះ​គឺជា​រឿង​ផ្ទុយ​ពី​ការ​អះអាង​ដែល​ថា​ធ្វើ​ដើម្បី​បង្កើន​ចំនួន​ប្រជាជន​។
លោកស្រី​ថ្លែង​ថា​ពួកគេ​មិន​ខ្វល់​អំពី​សុខុមាលភាព​របស់​មាតា​ និង​ទារក​ទេ។ ប្រសិន​បើ​ខ្មែរ​ក្រហម​ចង់​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង​គោល​បំណង​បង្កើន​ចំនួន​ប្រជាជន​មែន​នោះ​គួរ​តែ​មាន​សញ្ញា​ប្រាប់​ថា​ពួកគេ​បាន​យក​ចិត្ត​ទុក​ដាក់​ថែទាំ​ដល់​ស្ត្រី​ទាំងនោះ​ប៉ុន្តែ​មិន​ឃើញ​មាន​ទេ​។
លោកស្រី​បន្ថែម​ថា​ខណៈ​ពេល​ដែល​គូស្វាមី​ភរិយា​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​រួម​ដំណេក​គឺ​ទម្រង់​មួយ​នេះ​វា​ជា​ការ​រំលោភ​បំពាន​ប្រឆាំង​ទាំង​បុរស​ និង​ស្ត្រី។ «​ស្ត្រី​​​ទាំង​នោះ​បាន​ប្រាប់​ [ខ្ញុំ] ថា​ពួកគាត់​មិន​ចង់​មាន​ផ្ទៃពោះ​​ទេ​ព្រោះ​​នៅពេល​ដែល​ពួកគាត់​គិត​អំពី​អនាគត​របស់​កូនគាត់​ដែល​ត្រូវ​កើត​មក​ [ពួក​គាត់​ខ្លាច] ថា​កូន​គាត់​ជួប​ទុក្ខ​លំបាក​ជាពិសេស​ខ្លាច​ថា​កូន​គាត់​មិន​អាច​រស់​បាន​ខណៈ​ជីវិត​របស់​ពួកគាត់​ត្រូវ​រស់នៅ​ក្នុង​ភាព​ភ័យ​តក់ស្លុត​ទាំង​ស្រុង»។
ចំពោះ​បទពិសោធ​របស់​អ្នកស្រី​នាង​អ្នកស្រី​មិន​ចង់​មាន​ផ្ទៃពោះ​ជាថ្មី​ម្តង​ទៀត​ទេ​ប៉ុន្តែ​មិន​មាន​វិធី​ណា​ដើម្បី​ការពារ​នោះ​ទេ។ អ្នកស្រី​បាន​ស៊ូទ្រាំ​ពពោះ​ម្តង​ទៀត​ហើយ​ថ្ងៃ​មួយ​ខណៈ​ពេល​ដែល​អ្នកស្រី​កំពុង​ធ្វើការ​ពេល​នោះ​អ្នកស្រី​​​មិន​មាន​អ្វី​ហូប​​​ទេ​សូម្បី​តែ​បាយ​បន្តិច​ក៏​គ្មាន​ដែរ​ជំនួស​វិញ​​​អ្នកស្រី​បាន​ដើរ​រក​បេះ​ផ្លែឈើ​ណា​ដែល​អាច​ហូប​បាន​យក​មក​ជ្រលក់​ជាមួយ​នឹង​អំបិល​។
អ្នកស្រី នាង​ បាន​ផ្ដល់​កំណើត​កូន​ប្រុស​របស់​​អ្នកស្រី​ម្នាក់​នៅ​ឆ្នាំ ១៩៧៧ ហើយ​កូន​​អ្នកស្រី​​នៅ​រស់រាន​មាន​ជីវិត។
អ្នកស្រី​និយាយ​ពី​លក្ខខណ្ឌ​ដ៏យង់ឃ្នង​ដែល​ស្ថិត​នៅ​ក្រោម​របប​ខ្មែរ​ក្រហម​នា​ពេល​នោះ។ អ្នកស្រី​ នាង ​ចាត់​ទុក​ការ​មាន​ផ្ទៃពោះ​កូន​ដំបូង​របស់​អ្នកស្រី​ថា​ជា​ការ​បង្ខំ​របស់​អង្គការ។ ហើយ​ការ​មាន​ផ្ទៃពោះ​លើក​ទី​ពីរ​គឺជា​ការ​បង្ខំ​របស់​ស្វាមី​។ ទោះបី​ជា​ពួកគាត់​មាន​កូន​រហូត​ដល់​ ៩ ​នាក់​បើ​ទោះបី​ជា​ពួកគាត់​​មិន​ដែល​ស្រឡាញ់​គ្នា​ក្តី​។
អ្នកស្រី​និយាយ​ទាំង​ទឹកភ្នែក​ថា៖​ «​រហូត​មក​ទល់​ពេល​នេះ​អារម្មណ៍​គឺ​នៅ​ដដែល​ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​រ៉ូមែនទិក​អី​ទេ។ ប្តី​របស់​ខ្ញុំ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង​មើល​ទៅ​​គាត់​ហាក់​ដូចជា​មិន​ខ្វាយខ្វល់​ពី​ក្រុម​គ្រួសារ​នោះ​ទេ»។ អារម្មណ៍​ស្រឡាញ់​ចំពោះ​កូន ​​និង​អារម្មណ៍​សោកស្តាយ​ចំពោះ​អ្វី​ដែល​កើតឡើង​ក្នុង​ជីវិត​អ្នកស្រី​គឺ​វា​ពិបាក​ក្នុង​ការ​ចែករំលែក​ទៅ​ដល់​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នកស្រី​ណាស់​ទោះបី​ជា​ពេលវេលា​កន្លង​ផុត​ទៅ​​អស់​​ ៤ ​ទសវត្សរ៍​មក​ហើយ​ក្តី​៕ NS
ប្តី​ប្រពន្ធ​មួយ​គូ​ឡើង​ប្តេជ្ញា​ចិត្ត​នៅ​ចំពោះ​មុខ​អង្គការ​នៅក្នុង​ពិធី​រៀបការ​ជា​ក្រុម​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​​​ខ្មែរ​ក្រហម។ រូបថត សហការី

Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment