នៅតាមដងផ្លូវដែលអមសងខាងទៅដោយសំណាបពណ៌បៃតងខ្ចីចំពេលមេឃរលឹម។
ទោះជាផ្លូវមានសភាពលំបាកបន្តិចព្រោះរងការដាច់ច្រោះដោយទឹកភ្លៀង និងទឹកហូរពីភ្នំក្តី តែលោកអ្នកនៅតែអាចធ្វើដំណើរដោយម៉ូតូ និងដោយរថយន្តបានក្នុងចម្ងាយប្រមាណជាជាង ៦០ គីឡូម៉ែតពីទីរួមខេត្តស្ថិតនៅក្នុងភូមិគោកព្នៅ ឃុំគោកដូង ស្រុកអង្គរជុំ។
ថ្វីបើផ្លូវមិនមានសភាពស្មុគស្មាញ តែលោកអ្នកគប្បីមានអ្នកនាំផ្លូវម្នាក់ និងចាំបាច់បំផុតត្រូវវេចខ្ចប់បាយទឹកទៅបរិភោគផង ព្រោះនៅទីនោះពុំទាន់មានកន្លែងលក់ចំណីអាហារនៅឡើយទេ។
លោក កែវ គាន ជាមន្ត្រីមកពីអង្គភាពការពារបរិស្ថាន និងអភិវឌ្ឍន៍បានថ្លែងក្នុងពេលលោកកំពុងតែដើរល្បាតនៅលើភ្នំនេះថា លោកទើបតែមកល្បាតនៅទីនេះបន្ទាប់ពីមនុស្សម្នាចាប់ផ្តើមមកកម្សាន្តយ៉ាងច្រើនកាលពីពីរបីសប្តាហ៍មុន។
លោកបានថ្លែងថា៖ «ថ្វីដ្បិតតែទីនេះឆ្ងាយពីទីរួមខេត្តហើយផ្លូវលំបាកខ្លាំងតែមនុស្សចាប់ផ្តើមមកលេងទីនេះច្រើនមែនទែន មិនថាខ្មែរមិនថាជនបរទេស ថ្ងៃខ្លះមនុស្សមកដល់ទៅ ៤០០ ឬ ៥០០ នាក់ឯណោះ»។
ទេសភាពថ្មដុះនៅរមណីយដ្ឋានធម្មជាតិ ភ្នំពើងតានាន់ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។
ប្រវត្តិនៃទីនេះហាក់នូវស្រពេចស្រពិល ហើយអ្នកភូមិមិនដឹងពីមូលហេតុដែលនាំឲ្យមានឈ្មោះ «ពើងតានាន់» បែបនេះទេ។ អ្វីដែលអ្នកភូមិនៅទីនេះដឹងច្បាស់គឺពួកគេថាទីនេះគឺជាសមុទ្រកាលពីអតីតកាលរាប់ម៉ឺនឆ្នាំមុន។
លោកបានរៀបរាប់ថា៖ «បើតាមអ្នកភូមិគេថាភ្នំពើងតានាន់នេះគឺជាច្រាំងសមុទ្រ។ បើអ្នកមិនជឿលោកអ្នកអាចឈរពីលើដុំថ្មដុះណាមួយដែលនៅក្បែរចំណោតភ្នំពើងនេះហើយសម្លឹងទៅទិសខាងកើត លោកអ្នកអាចនឹងមានអារម្មណ៏ថាលោកអ្នកកំពុងឈរលើច្រាំងសមុទ្រមួយដែលសមុទ្រនេះព័ទ្ធជុំវិញទៅដោយជួរភ្នំដងរែក ភ្នំគូលែន និងភ្នំដទៃទៀតមីរដេរដាស»។
លោក កែវ គាន បានរៀបរាប់បន្តទៀតថា៖ «ហើយបើសង្កេតទៅលើថ្មដុះទាំងនោះទំនងជាកើតចេញបណ្ដុំដីខ្សាច់ស និងពពុះទឹកសមុទ្រដែលជាប់គ្នារាប់ម៉ឺនឆ្នាំដែលអាចដេញពន្លឺនៅពេលដែលត្រូវពន្លឺព្រះអាទិត្យហើយថ្មទាំងនេះមិនធ្វើឲ្យអ្នករអិលនោះទេបើទោះជាអ្នកដើរឡើងនៅពេលដែលមានភ្លៀងធ្លាក់»។
យោងតាមមន្ត្រីមកពីអង្គភាពការពារបរិស្ថាន និងអភិវឌ្ឍន៍ខាងលើ តំបន់នេះក៏មានទឹកជ្រោះដែលធ្លាក់ពីភ្នំផងដែរតែដោយសារលោកទើបតែមកបំពេញការងារ លោកមិនទាន់ហ៊ានចូលទៅត្រួសត្រាយនៅឡើយរង់ចាំទាល់តែលោកស្គាល់តំបន់ច្បាស់លាស់សិន។
តំបន់ថ្មដុះក្លាយជាទីថតរូបដ៏ពេញនិយម។
លោកថ្លែងថា៖ «ក្រុមការងាររបស់ខ្ញុំបានដាំដើមឈើបន្ថែមចំនួន ៥០ ដើមនឹងមានគម្រោងបង្កើនសេដ្ឋកិច្ចអ្នកភូមិទីនោះដោយនឹងបង្កើតកន្លែងលក់ចំណីអាហារសម្រាប់អ្នកមកកម្សាន្តទៅភ្នំពើងតានាន់នេះ»។ទាំងក្មេងទាំងចាស់ច្រើនព្រលយពាក្យថាហត់ព្រោះត្រូវធ្វើដំណើរថ្មើរជើងប្រមាណជា ៧០០ ម៉ែត្រ តែភាពនឿយហត់ទាំងនោះនឹងរលាយបាត់សល់តែស្នាមញញឹម និងពាក្យលាន់មាត់សរសើរអំពីទេសភាពលើភ្នំ។
កំពុងឡើងលើថ្មដុះដើម្បីថតរូប ប្អូនស្រី សារឿន ជាអ្នកស្រុក វ៉ារិន អាយុ ១៨ ឆ្នាំ ដែលបានជិះម៉ូតូជាមួយមិត្តភក្ដិ មកកាន់ភ្នំនេះទាំងជាប់ផុងម៉ូតូផង ទាំងភ្លៀងផង ផ្លូវរអិលផង នោះ បាននិយាយថា៖ «គេថាស្អាតគ្រប់គ្នាខ្ញុំក៏មកមើលផ្ទាល់ដូចពាក្យគេថា ឮគេថាមួយរយដងមិនស្មើបានឃើញម្តង។ ស្អាតណាស់បងអើយ ទេសភាពបែបហ្នឹងខ្ញុំស្មានតែស្រុកយើងអត់មានទេមានតែប្រទេសគេទេ តាមពិតស្អាត ស្ទើរតែស្អាតជាងស្រុកគេផង»។
នៅពីក្រោម ភ្នំពើងតានាន់ មានអាស្រមបុរាណមួយដែលមានព្រះសង្ឈតែពីរព្រះអង្គគង់នៅតែប៉ុណ្ណោះ។
អាស្រមនោះមានឈ្មោះ អាស្រមមនោរម្យភ្នំពើងតានាន់ ដែលពីមុនមានតែអ្នកភូមិប្រមាណជា ៣០ គ្រួសារអាស្រ័យនៅប៉ុណ្ណោះ។
ព្រះតេជគុណ តោ ញិល មានសង្ឃដីកាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «បើមានមនុស្សមកច្រើនបែបនេះហើយ អាត្មាសូមស្នើសុំអាជ្ញាធរឲ្យជួយធ្វើផ្លូវទៅមក ដើម្បីឲ្យញាតិញោមធ្វើដំណើរមកទីនេះបានស្រួលផង ហើយបើអាច អាត្មាក៏ស្នើសុំសាលារៀនមួយសម្រាប់ក្មេងនៅក្បែរភ្នំនេះផងដែរ ពីព្រោះរាល់ថ្ងៃនេះ ពួកគេរៀននៅក្រោមដើមឈើក្នុងបរិវេណអាស្រមនេះទេ»៕
ទីថ្មដុះត្រូវបានគេជឿថាជាអតីតសមុទ្រ។
ប្រភព៖ ភ្នំពេញប៉ុស្ត៏
loading...
0 comments:
Post a Comment