រដ្ឋ​មន្រ្តី ព្រមាន​ប្រើ​ហ្វេសប៊ុក ឃ្លាំ​មើល​ក្រុមហ៊ុន​ដឹក​ជញ្ជួន​ឡើង​ថ្លៃ​ឈ្នួល

loading...
យ៉ាង​ហោច​ណាស់ ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ចំនួន ១៤ ក្នុង​ចំណោម ៣១​ក្រុម​ហ៊ុន បាន​សន្យា​នៅ​ចំពោះ​មុខ លោក​រដ្ឋ​មន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ចូន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ថា​មិន​ដំឡើង​ថ្លៃ​ឈ្នួល​ឡើយ នៅ​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ។ ជា​ការ​តបស្នង លោក​រដ្ឋ​មន្រ្តី ស៊ុន ចាន់ថុល សន្យា​ថា នឹង​ជួយ​ផ្សព្វផ្សាយ​ឈ្មោះ ក្រុម​ហ៊ុន​ ដែល​មាន​សណ្តាន​ចិត្ត​ទាំង​នោះ នៅ​លើ​ហ្វេសប៊ុក​របស់​ក្រសួង​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ព្រម​ទាំង​បណ្តាញ​សារព័ត៌មាន​ផង​ដែរ។ លោក​រដ្ឋ​មន្រ្តី ក៏​បាន​ព្រមាន​ផង​ដែរ​ថា នឹង​ប្រើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដដែល​នេះ ដើម្បី​តាមដាន​មើល​គុណភាព​សេវាកម្ម​ដឹក​ជញ្ជូន​អ្នក​ដំណើរ​អំឡុង​ពេល​បុណ្យ​ភ្ជុំ​ដូច​គ្នា​។
ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ឡារីតា ក្រុមហ៊ុន វីរៈ ប៊ុនថាំ ក្រុមហ៊ុន​ហ្គោល​ដេនបាយ័ន​អេចប្រេស និង​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ផ្សេង​ទៀត សរុប ១៤ ក្រុមហ៊ុន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​យល់​ព្រម និង​ប្តេជ្ញា​ចិត្ត​ភ្លាម​ៗ តប​តាម​ការ​ស្នើ​សុំ​របស់ រដ្ឋ​មន្រ្តី​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ចូន ថា​នឹង​មិន​ដំឡើង​ថ្លៃ​ឈ្នួល​ដឹក​ជញ្ជូន​ឡើង​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ។
លោក​ទេស​រដ្ឋ​មន្រ្តី ស៊ុន ចាន់ថុល រដ្ឋ​មន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ចូន បាន​បញ្ជាក់​ថា ការ​អំពាវនាវ​នេះ ​គឺ​ធ្វើ​ឡើង​ចំពោះ​រថយន្ត​ដឹក​អ្នក​ដំណើរ​ទាំង​អស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តែ​មិន​មែន​ជា ការ​ដាក់​កំហិត​ឡើយ។ លោក​រដ្ឋ​មន្រ្តី ក៏​បាន​សន្យា​ថា​ ឈ្មោះ​របស់​ក្រុមហ៊ុន ដែល​ប្តេជ្ញា​ថា មិន​ដំឡើង​ថ្លៃ​ឈ្នួល​ នឹង​ត្រូវ​លើក​ទឹក​ចិត្ត​ ដោយ​ការ​បង្ហោះ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្រ្តី និង​ហ្វេសប៊ុក​របស់​ក្រសួង និង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ផង​ដែរ។

ថ្លែង​ក្រោយ​ជំនួប​រវាង រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ចូន​ជាមួយ​តំណាង​ក្រុម​ហ៊ុន​ដឹកជញ្ជូន​ក្នុង​ស្រុក កាល​ពី​ថ្ងៃ​ទី​២២ កញ្ញា នៅ​ក្រសួង​ដឹក​ជញ្ជូន ប្រធាន​សមាគម​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ផ្លូវ​គោក​កម្ពុជា លោក ឆឹម ចំណាន បាន​សម្តែង​ការ​សោក​ស្តាយ ដែល​គ្មាន​ឱកាស​ថ្លែង​ពី​ទុក្ខ​កង្វល់ និង​ជំហរ​រួម​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ជា​សមាជិក​ ដែល​នឹង​សុំ​ឡើង​ថ្លៃ​បន្តិច​បន្តួច ប្រាប់​រដ្ឋ​មន្រ្តី​ក្រសួង​ដឹក​ជញ្ជូន។ បើ​តាម​ ប្រធាន​សមាគម​ចំណុះ​សមាជិក ១៤ ក្រុមហ៊ុន​ដឹក​ជញ្ជូន​រូបនេះ ​មាន​សមាជិក​ខ្លះ បាន​ប្តេជ្ញា​ចិត្ត មិន​ឡើង​ថ្លៃ​ដឹក​ជញ្ជូន ខណៈ​សមាជិក​ខ្លះ​ទៀត​យល់​ថា ប្រសិន​បើ​មិន​ឲ្យ​ឡើង​ថ្លៃ​នោះ​ក្រុមហ៊ុន​នឹង​មិន​ដឹក​ជញ្ជូន​ទេ ឬ​ដឹក​តែ​មួយ​ជើង​ក្នុង​មួយ​ថ្ងៃ​ ព្រោះ​តម្លៃ​បច្ចុប្បន្ន​ទាប​ស្រាប់​ហើយ។

អ្នក​ស្រី រស់ ហ្សានីកា ប្រធាន​គ្រប់គ្រង ក្រុមហ៊ុន​រថយន្ត Golden Bayon Express ដែល​សម្រេច​មិន​តំឡើង​ថ្លៃ​ឈ្នួល​ បាន​បញ្ជាក់​ថា នេះ​ជា​ការ​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ចំពោះ​ភក្តី​ភាព​របស់​អតិថិជន ក្នុង​រដូវ​ភ្ជុំបិណ្ឌ បើ​ទោះ​បី​ជា ក្រុមហ៊ុន​ត្រូវ​បន្ថែម​ថ្លៃ​ចំណាយ​លើ​បុគ្គលិក និង​ទំនិញ​ផ្សេង​ៗ ព្រម​ទាំង​ប្រឈម​នឹង​ការ​បើកបរ​ត្រឡប់​ចូល​ក្រុង​វិញ​ដោយ​រថយន្ត​ទទេ​ក៏​ដោយ។

យ៉ាងណា​ក៏​ដោយ លោក​រដ្ឋ​មន្រ្តី ស៊ុន ចាន់ថុល បញ្ជាក់​ថា​ក្រសួង​នឹង​មិន​ចាត់​វិធានការណ៍​ផ្លូវ​ច្បាប់​លើ ក្រុមហ៊ុន​ដែល​ដំឡើង​ថ្លៃ​ដឹកជញ្ជូន​ទេ ព្រោះ​កម្ពុជា​គោរព​គោល​ការណ៍​ទីផ្សារ​សេរី។ លោក​បន្ថែ​មថា យើង​សាកល្បង​វិធី​នេះ មួយ​ឆ្នាំ​សិន ដោយ​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ជិះ​រថយន្ត ដែល​ឡើង​ថ្លៃ​ឈ្នួល ព្រម​ទាំង​បើក​ទទួល​បណ្តឹង​ត្អូញត្អែរ​របស់​ពលរដ្ឋ​តាម​រយៈ​គេហទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង និង​ហ្វេកប៊ុក​លោក​នាយក​រដ្ឋមន្រ្តី​មុន​ពេល​ កោះ​ហៅ ក្រុមហ៊ុន​ដែល​ដំឡើង​ថ្លៃឈ្នួល​មក​ពិភាក្សា​នៅ​ពេល​ក្រោយ​ទៀត។

គួរ​ជម្រាប​ថា ចរន្ត​នៃ​ការ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​នៅ​តាម​បណ្តា​ខេត្ត​នានា និង​ការ​វិល​ត្រឡប់​មក​រាជធានី​វិញ របស់​ពលរដ្ឋ​ខ្មែរ ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នា​ឱកាស​បុណ្យ​ភ្ជុំ​បែប​នេះ ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ជា​រឿយ​ៗ តែង​ឆ្លៀត​ដំឡើង​ថ្លៃ​ឈ្នួល​ជា​រៀង​រាល់​ឆ្នាំ បើ​ទោះ​បី​ជា មាន​ការ​អំពាវនាវ​ពី​រដ្ឋាភិបាល​ស្នើ​មិន​ឲ្យ​ដំឡើង​ថ្លៃ​រថយន្ត​យ៉ាង​ណា​ក៏​ដោយ៕
ប្រភព៖ វិទ្យុបារ៉ាំង
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment