មានការប្រកាសច្រើនដងមកហើយពីអគ្គនាយកដ្ឋានកីឡាពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡាជាតិខាងលើ ។ យោងតាមកិច្ចប្រជុំស្តីពីការរៀបចំព្រឹត្តិការណ៍កីឡាជាតិកាលពីថ្ងៃទី៥ កញ្ញា កន្លងទៅ ការប្រកួតរបស់ព្រឹត្តិការណ៍នេះនឹងតម្រូវឱ្យប្រើថវិកាជាតិត្រឹមតែ១លានដុល្លារ ឬស្មើនឹង៤០០០លានរៀលប៉ុណ្ណោះ ។ ប៉ុន្តែបន្ថែមពីលើការចំណាយដែលជាបន្ទុករបស់រដ្ឋនេះ អ្នករៀបចំ និងអត្តពលិកក៏ទទួលបានទឹកប្រាក់ឧបត្ថម្ភចំនួន២០ម៉ឺនដុល្លារបន្ថែមផងដែរ ដើម្បីចាត់ចែងព្រឹត្តិការណ៍កីឡាដែលផ្ដើមបង្កើតជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាឱ្យរលូនទៅមុខ ។ នៅក្នុងកិច្ចប្រជុំដែលមានការចូលរួមដោយមន្ត្រីអូឡាំពិកកម្ពុជា និងក្រសួងអប់រំនាគ្រានោះបានអះអាងថា ព្រឹត្តិការណ៍កីឡាជាតិចាប់ផ្ដើមប្រារព្ធជាលើកដំបូងពីថ្ងៃទី២៥ តុលា រហូតដល់ថ្ងៃទី៥ វិច្ឆិកា ដោយអនុញ្ញាតឱ្យគ្រប់ប្រភេទកីឡាទាំងអស់មានលទ្ធភាពចូលរួមប្រកួតនៅក្នុងអំឡុងពេលនោះ ។
អង្គប្រជុំបានអះអាងថា កីឡាករ-កីឡាការិនីនៅគ្រប់សហព័ន្ធនឹងត្រូវជំរុញឱ្យរៀបចំកីឡាករ-កីឡាការិនីចូលប្រកួត ហើយសមាសភាពអ្នកចូលរួមសម្រាប់ព្រឹត្តិការណ៍កីឡានេះ គឺសុទ្ធតែជាធនធានកីឡាករ-កីឡាការិនីក្មេងៗជាអាទិភាព ។ មកទល់ពេលនេះគេឃើញអត្តពលិកស្ទើរគ្រប់សហព័ន្ធបានបង្ហាញការត្រៀមខ្លួនក្នុងការហ្វឹកហាត់ស្ទើរជារៀងរាល់ថ្ងៃ ដើម្បីបង្អួតសមត្ថភាពនៅក្នុងវេទិកាប្រកួត ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានលើកឡើងថា ព្រឹត្តិការណ៍ National Game ឬកីឡាជាតិ នឹងសម្រេចធ្វើឡើងរៀងរាល់មួយឆ្នាំម្ដងចាប់ពីឆ្នាំ២០១៦តទៅ ដើម្បីប្រមូល និងស្វែងរកធនធានកីឡាករ-កីឡាការិនីក្មេងៗល្អៗ សម្រាប់ត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ។ លោកអះអាងថា ព្រឹត្តិការណ៍កីឡាជាតិនឹងក្លាយជាការជំរុញឱ្យយុវវ័យបន្តប្រឹងប្រែងនៅតាមក្លិប និងក្នុងសហព័ន្ធច្រើនឡើងជាងមុន ដើម្បីទទួលបានឱកាសចេញប្រកួតស៊ីហ្គេមក្នុងពេលព្រឹត្តិការណ៍អន្តរជាតិសម្រាប់១០ប្រទេសមួយនេះ ត្រូវបានធ្វើឡើងនៅលើទឹកដីកម្ពុជា ។ លោកថាការប្រកួតកីឡាជាតិដែលកាន់តែកៀកចូលមកដល់ក្នុងពេលដ៏ខ្លីនេះ នឹងបើកឱកាសឱ្យមានការប្រកួតពីសំណាក់ធនធានវ័យក្មេងកាន់តែច្រើន ដើម្បឱ្យកីឡាករ-កីឡាការិនីក្មេងៗទាំងនោះ បោះជំហានទៅកាន់ស៊ីហ្គេម២០២៣ក្រោយពេលប្រកួតជាប់ ។
លោកនិយាយថា ការបង្កើតព្រឹត្តិការណ៍កីឡាជាតិមានគោលបំណងតែមួយគត់គឺស្វែងរកធនធានសម្រាប់ស៊ីហ្គេមក្នុងពេលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ដោយសារតែហេតុនេះហើយ ទើបការប្រកួតកីឡាចម្រុះប្រភេទនៅចុងខែតុលាខាងមុខ គឺនឹងជ្រើសយកតែធនធានកីឡាករខ្លាំងដែលអាចបណ្ដុះពីឥឡូវ ហើយចូលប្រកួតស៊ីហ្គេមឆ្នាំ២០២៣បានប៉ុណ្ណោះ ។ លោកនិយាយថា៖ «ដោយសារស៊ីហ្គេមយើងធ្វើម្ចាស់ផ្ទះ អ៊ីចឹងវិញ្ញាសាកីឡាប្រភេទណាក៏យើងអាចកំណត់ជាវិញ្ញាសារបស់ស៊ីហ្គេមបានដែរ ទើបគ្រប់ប្រភេទកីឡាទាំងអស់ត្រូវតែកំណត់ពង្រឹងតាមរយៈព្រឹត្តិការណ៍កីឡាជាតិ ឬ National Game » ។ ក្នុងនោះការរៀបចំសម្រាប់ព្រឹត្តិការណ៍មួយនេះ ក៏មិនខុសគ្នាពីការប្រកួតស៊ីហ្គេមជាអន្តរជាតិនោះដែរ ដោយសារតែប្រភេទកីឡា និងវិញ្ញាសាដែលត្រូវបានកំណត់នៅស៊ីហ្គេមត្រូវបានប្រកាសធ្វើការប្រកួតគ្នាទាំងអស់ ដោយគ្រាន់តែមិនមានវត្តមានរបស់អត្តពលិកមកពីបណ្ដាប្រទេសអាស៊ាន ។
អ៊ីចឹងហើយទើបមានការភ្ញាក់ផ្អើលនៅពេលមានការប្រកាសថា ថវិកាសម្រាប់ចំណាយពេញមួយព្រឹត្តិការណ៍ចាប់ពីថ្ងៃទី២៥ តុលា រហូតដល់ថ្ងៃទី៥ វិច្ឆិកា នោះ តម្រូវឱ្យចំណាយថវិកាជាតិត្រឹមតែ៤០០០លានរៀល ឬ១លានដុល្លារដែលនៅទាបជាងការរៀបចំព្រឹត្តិការណ៍កីឡារបស់ប្រទេសជិតខាងឆ្ងាយ ។ យ៉ាងណាមិញ ថវិកាដែលកំណត់ឱ្យចំណាយនោះ ក៏មានការប៉ាន់ស្មាននឹងគ្រប់គ្រាន់ផងដែរ ដោយសារតែពេលកន្លងមកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំព្រឹត្តិការណ៍កីឡាជាច្រើននៅក្នុងពិធីបុណ្យជាតិធំៗ គឺតម្រូវឱ្យចំណាយថវិកាតិចជាងនេះទៅទៀត ។
លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញការសាទរបន្ទាប់ពីឃើញកីឡាករ-កីឡាការិនីភាគច្រើនមានការត្រៀមខ្លួន ដែលមានន័យថាកម្ពុជាមិនខ្វះធនធានអត្តពលិកវ័យក្មេងដើម្បីស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម ។ លោករំពឹងថា ការប្រកួតដែលជិតឈានចូលមកដល់នាពេលនេះ នឹងទទួលជោគជ័យ ហើយជ្រើសរើសបានអត្តពលិកល្អគ្រប់ប្រភេទកីឡា ដើម្បីយកទៅបណ្ដុះបណ្ដាលបន្ថែមទៀតឱ្យកាន់តែខ្លាំង ៕
loading...
0 comments:
Post a Comment