ក្នុងសុន្ទរកថាគម្រប់ពេល ១០០ថ្ងៃនៃការឡើងកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃសុក្រទី ៧តុលា លោក Rodrigo Duterte បានឆ្លៀតឱកាសឌឺដងនិងទិតៀនលោកខាងលិចជាថ្មីទៀត។ លោកបាននិយាយផ្គើនឲ្យអាមេរិក ជុំវិញពាក្យចរចាមអារ៉ាមថា ភា្នក់ងារចារកម្មមជ្ឈិមអាមេរិក (CIA)ចង់ទម្លាក់លោក ពីតំណែងនោះ ហើយលោកបានបន្តទិតៀនរាល់ប្រទេសលោកខាងលិចដែលតែងរិះគន់សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកដែរ។
យោងតាមទីភ្នាក់ព័ត៌មាន AFP លោក Duterte បានថ្លែងដូច្នេះថា៖« អ្នកចង់ទម្លាក់ខ្ញុំពីតំណែងឬ? អ្នកចង់ប្រើភ្នាក់ងារចារកម្ម CIA មែនទេ? ធ្វើទៅ! ខ្ញុំមិនខ្វល់ទេ។ បើគេទម្លាក់ខ្ញុំ វាជារឿងធម្មតាទេ ព្រោះវាជាភ័ព្វវាសនារបស់ខ្ញុំ។ ភ័ព្វវាសនានាំរឿងច្រើនណាស់ឲ្យយើងម្នាក់ៗ។ ហើយបើខ្ញុំស្លាប់ វាក៏ជាភ័ព្វវាសនារបស់ខ្ញុំដែរ!។
ក្នុងពេលជាមួយគ្នានោះលោក Duterte បានឆ្លៀតលើកឡើងពីអត្ថបទដែលចុះផ្សាយក្នុងសារព័ត៌មានក្នុងស្រុកមួយដែលបានព្រមានលោកពីការកកើតចលនាប្រជាជនដើម្បីទម្លាក់លោកពីតំណែងផងដែរ។ អ្នកនិពន្ធអត្ថបទនោះព្រមានថា ចលនាអំណាចប្រជាជនអាចនឹងត្រូវគេបង្កើតឡើង ដើម្បីបណ្តេញលោកចេញពីអំណាច ដូចចលនាបដិវត្តដែលទម្លាក់លោក Ferdinand Marcos កាលពីឆ្នាំ ១៩៨៦។
លោកក៏បានបញ្ជាក់ផងដែរថា លោកមិនខ្លាចការគំរាមកំហែងទាំងនេះឡើយ។ យុទ្ធនាការប្រឆាំងគ្រឿងញៀនដែលសម្លាប់មនុស្សជាមធ្យម ៣៣ នាក់ក្នុងមួយថ្ងៃនេះ មិនបញ្ចប់ត្រឹមតែប៉ុណ្ណឹងទេ។ លោកប្តេជ្ញាបន្តប្រយុទ្ធប្រឆាំងគ្រឿងញៀនទៀតទោះបីជា មានការរិះគន់ឬថ្កោលទោសយ៉ាងណាក៏ដោយក្តី។
តាមពិតទៅការប្រើប្រាស់សម្តីផ្គើនភា្នក់ងារចារកម្មអាមេរិកនេះ កើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពេលមេដឹកនាំរូបនេះអះអាងថាប្រាប់សហគមន៍ហ្វីលីពីនៅវៀតណាមថា ភ្នាក់ងារ ថា ភា្នក់ងារចារកម្មមជ្ឈិមអាមេរិក (CIA) មានផែនការចង់សម្លាប់លោកចោលដើម្បីបញ្ចប់សង្គ្រាមប្រឆាំងគ្រឿងញៀន។ហើយកាលនោះ លោកក៏បានប្រកាសផងដែរថា រដ្ឋាភិបាលរបស់លោកនឹងមិនអនុញ្ញាតឲ្យទាហានហ្វីលីពីនចូលរួមក្នុងសកម្មភាពល្បាតនៅសមុទ្រចិនខាងត្បូងជាមួយអាមេរិកឡើយ ដោយលោកសម្អាងថា លោកមិនប្តូរឲ្យទាហានលោកទៅស្លាប់ឡើយ៕ប្រភព៖ ថ្មីៗ
loading...

0 comments:
Post a Comment