ដំណើរ​កាត់​ព្រៃ​ព្រឹក្សា​​ទៅ​​​កាន់​ទឹក​ធ្លាក់​​កោះរ៉ុង

loading...
ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ពី​ឆ្នេរ​អូរឈើទាល​នៃ​ក្រុង​ព្រះ​សីហនុ​​ឆ្ពោះ​ទៅ​កាន់​រមណីយ​ដ្ឋាន​កោះ​រ៉ុង​ ឆ្នេរ​​កោះតូច​គឺជា​រមណីយ​ដ្ឋាន​ធម្មជាតិ​មួយ​​ដ៏ស្រស់​បំព្រង​ដែល​មាន​ឆ្នេរ​ខ្សាច់​ដ៏​ស​ក្បុស។ ភ្ញៀវ​ទេសចរ​​ភាគ​ច្រើន​ជា​ជន​ជាតិ​បរទេស​ដែល​ចង់​ទៅ​លម្ហែ​កាយ​លើ​ឆ្នេរ​ធម្មជាតិ​ស្អាត​ដូច​ផ្ទាំង​គំនូរ​គេច​ចេញ​ពី​សំឡេង​អ៊ូអរ​។
ខណៈ​ពេល​ភ្ញៀវ​បរទេស​រីករាយ​​ជាមួយ​នឹងការ​គេង​សំដិល​​ថ្ងៃ​លើ​ឆ្នេរ​ មុជទឹក​មើល​ផ្កាថ្ម​ក្នុង​ផ្ទៃ​សមុទ្រ​ពណ៌​ខៀវ​ស្រងាត់​ និង​ពិសា​ភេសជ្ជៈ​គ្រប់​ប្រភេទ​នៅ​តាម​បារ៍​ក្បែរ​កំពង់​ផែន​ឆ្នេរ​កោះតូច រមណីយដ្ឋាន​ទឹក​ធ្លាក់​ក្នុង​ព្រៃ​ស្រោង​លើ​ដែន​កោះ​ហាក់​មិន​ទទួល​បាន​ការ​ពេញ​និយម​ពី​ភ្ញៀវ​ទេសចរ​ប៉ុន្មាន​ទេ ជាពិសេស​ភ្ញៀវ​ខ្មែរ​តែ​ម្ដង​។
ក្រោយ​ពី​ចូល​ចត​នៅ​កំពង់​ផែ​ឆ្នេរ​​កោះតូច​ ក្រុម​ទេសចរ​ខ្មែរ​ដែល​​ស្រឡាញ់ និង​ចង់​ឃើញ​សម្បត្ដិ​ធម្មជាតិ​របស់​ជាតិ​ខ្លួន​ នោះ បាន​​នាំ​គ្នា​បន្ដ​ដំណើរ​ពី​កំពង់​ផែ​ឆ្លង​​កាត់​ឆ្នេរ​វែង ឆ្ពោះ​ទៅ​ឆ្នេរ​ សុខសាន្ដ ​ដែល​​មាន​​រយៈ​ពេល​ជិត​ ១ ​ម៉ោង​តាម​កាណូត​លឿន និង​ជាង​ ២ ​ម៉ោង​តាម​កាណូត​ធម្មតា​។ ចំពោះ​កាណូត​លឿន​មាន​តម្លៃ​ ២០ ​ដុល្លារ​ក្នុង​​ម្នាក់​ទាំង​ទៅ​ ទាំង​មក​ ហើយ​ចំពោះ​កាណូត​ធម្មតា​មាន​តម្លៃ​ ១៥ ​ដុល្លារ​។​
បើ​អ្នក​ខ្លាច​រលក និង​មិន​ចេះ​ហែល​ទឹក​​ អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ដោយ​ដើរ​កាត់​ព្រៃ។ ការ​ដើរ​ថ្មើរ​ជើង​នេះ​មិន​មែន​ជា​រឿង​លេង​សើច​​ទេ​​ នៅ​លើ​​ផ្លូវ​តូច​ ឡើង​ចំណោត​ និង​ថ្ម​រដិប​រដុប​ដែល​ត្រូវ​ចំណាយ​​ពេល​ជាង​​ ​១ ​ម៉ោង។
ក្រុម​ទេសចរ​កម្ពុជា​ដែល​ទទួល​បាន​ព័ត៌មាន​ពី​អ្នក​នេសាទ​អំពី​ទឹក​ធ្លាក់​នៅ​ចម្ងាយ​ប្រមាណ ​​​៣០០ ទៅ​ ៤០០ ​ម៉ែត្រ​នោះ បាន​នាំ​​គ្នា​ដោះ​អាវ​វែង និង​ខោ​វែង​ដាក់​ចូល​កាបូប​ស្ពាយ​ដើម្បី​សម្រួល​ដល់​ដំណើរ​ឡើងភ្នំ​។
លោក នុល ចំរុង អាយុ​ ២៥ ​ឆ្នាំ ជា​អ្នក​ទស្សនា​ធម្មជាតិ​លើ​កោះ​រ៉ុង​ បាន​និយាយ​ថា៖ «ចម្ងាយ​ផ្លូវ​តែ​បីបួន​រយ​​ម៉ែត្រ​ទេ ប៉ុន្ដែ​វា​ហាក់​ដូច​ឆ្ងាយ​គ្រាន់​បើ​ ពីព្រោះ​ពួក​យើង​ត្រូវ​ដើរ​ឡើង​ភ្នំ​រដិប​រដុប​ និង​ឆ្លង​កាត់​ទឹក​។ បើ​គ្មាន​អ្នក​នាំ​ផ្លូវ​​ទេ [អ្នក​នេសាទ​] យើង​រក​ប្រភព​​ទឹក​នោះ​មិន​ឃើញ​ឡើយ!»។
នៅពេល​ដើរ​ឆ្លង​កាត់​ទឹក​ត្រឹម​ស្មង​ជើង​ ភ្ញៀវ​ទេសចរ​មួយ​ក្រុម​នេះ ​បាន​បង្ហាញ​នូវ​ភាព​រីករាយ​យ៉ាង​​ខ្លាំង​ដោយ​ខ្លះ​ខំ​រត់​ត្របាញ់​លើ​ទឹក ខ្លះ​ឡើង​ជិះ​ក​គ្នា​ ហើយ​ខ្លះ​​ទៀត​ ឈរ​ថត​រូប​យ៉ាង​រំភើយ​ហាក់​គ្មាន​អារម្មណ៍​នឿយ​ហត់​សោះ​ឡើយ​។
យុវជន​រូបនេះ បាន​បន្ដ​ថា៖ «យើង​មិន​នឿយ​ហត់​ បើ​ទោះ​ជា​យើង​ត្រូវ​ដើរ​ឡើង​ភ្នំ​ និង​កាត់​ទឹក​ដ៏​លំបាក​យ៉ាងណា​ក៏ដោយ​។ សម្រស់​​ព្រៃភ្នំ ទឹក​សមុទ្រ និង​ទឹក​ធ្លាក់​ពិតជា​ធ្វើ​ឲ្យ​ពួក​យើង​បាត់​ភាព​ហេវ​ហត់​អស់​កម្លាំង​រលីង​ហើយ​»។
ក្រោយ​ពី​ងូតទឹកធ្លាក់​រិញៗ ​នៅ​រដូវ​ប្រាំង​ដ៏​ត្រជាក់នោះ លោក ចំរុង បាន​ឆ្លៀត​មក​ប្រាប់​បន្ដ​ថា​៖ «ទិដ្ឋភាព​​នេះ​ពិតជា​ប្លែក​ភ្នែក​ខ្លាំង​ណាស់​ ហើយ​នឹក​ស្មាន​មិន​ដល់​ថា​ ធម្មជាតិ​ស្រុក​ខ្មែរ​ពិតជា​ស្អាត​ដល់​ថ្នាក់​នេះ​សោះ»​។
លោក​បាន​បន្ថែម​ថា៖ «​ខ្ញុំ​ពិត​ជា​នឹក​ស្មាន​មិន​ដល់​មែន​។ ប៉ុន្ដែ​ខ្ញុំ​សូម​ឲ្យ​វា​នៅ​តែ​ស្អាត​ដរាប​ទៅ ដោយ​សារតែ​ទី​នេះ​មិន​ទាន់​មាន​មនុស្ស​ច្រើន​ទៅ​ដល់​ ទើប​វា​មិន​ទាន់​ត្រូវ​បាន​បំផ្លាញ។ សូម​ជួយ​ថែ​រក្សា​បរិស្ថាន​ទាំងអស់​គ្នា»។
នៅពេល​ការ​ងូត​ទឹក​កម្សាន្ដ​បាន​បញ្ចប់ ​ក្រុម​ទេសចរ​របស់​លោក​ ចំរុង ​បាន​វិល​មក​កាន់​ឆ្នេរ​កោះ​​តូច​វិញ​ដើម្បី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ និង​សម្រាក​មួយ​រាត្រី​នៅ​ផ្ទះ​ស្នាក់​លើ​ឆ្នេរ​ដែល​​មាន​ប្រមាណ​ ១៥ ​កន្លែង និង​មាន​តម្លៃ​ចាប់​ពី​ ៣០ ​ទៅ​ ៥០​ ដុល្លារ​​សម្រាប់​ បឹង​កាឡូ​ ហើយ​ប្រមាណ​​ ២៥ ​ដុល្លារ​សម្រាប់​ផ្ទះ​សំណាក់​ធម្មតា​។
លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​ព្រះ​សីហនុ បាន​ឲ្យដឹងថា នៅ​លើ​កោះ​រ៉ុង​នេះ មាន​ទឹក​ធ្លាក់តែ​មួយ​កន្លែង​ទេ គឺ​ទឹក​ធ្លាក់​​សុខសាន្ដ​ដែល​ហូរ​រិញ​ៗ​ពី​​ស្ទឹង​តូច​ខាង​លើ​។​
លោក​ទទួល​ស្គាល់​​ថា ចំពោះ​ការ​​ធ្វើ​ដំណើរ​​ផ្លូវ​គោក​ពី​ឆ្នេរ​កោះ​តូច​ទៅកាន់​ឆ្នេរ​វែង​ពិតជា​មាន​ការ​​លំបាក​ប្រាកដ​មែន​។ ប៉ុន្ដែ​ ថ្មីៗ​​នេះ​ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​កំពុង​រៀបចំ​ត្រួស​ត្រាយ​ផ្លូវ​​​ឲ្យ​ក្រុម​​ផលិតកម្ម​ Survivor មាន​លទ្ធភាព​ងាយ​ស្រួល​ចូល​ថត​ទិដ្ឋភាព​នានា​លើកោះ​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្ដានុពល​ទេសចរណ៍​លើ​ កោះ​រ៉ុង​។
ប្រធាន​មន្ទីរទេសចរណ៍ លោក នូ សុផល ​បាន​បន្ដថា​៖ «​ភាព​ទាក់​​ទាញ​បំផុត​សម្រាប់​កោះ​រ៉ុង​គឺ​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​ និង​ការ​បម្រើ​សេវាកម្ម​ល្អ​»។​
យោងតាម​លោក វណ្ណៈ អាយុ​ ២៥ ​ឆ្នាំ ជា​អ្នក​ទទួល​ភ្ញៀវ​នៅ​ Island Palace Bungalow បាន​​ឲ្យ​ដឹងថា​ នៅ​លើ​កោះ​រ៉ុង​នេះ​ មាន​ទឹក​ធ្លាក់ ​២ ​កន្លែង​ ដែល​មួយ​នៅ​​ក្បែរ​ឆ្នេរ​កោះ​តូច​ចម្ងាយ​ប្រមាណ ១០០ ​ម៉ែត្រ​ពី​ Island Palace និង​មួយ​ទៀត​នៅ​ភូមិ​សុខសាន្ដ​នេះ​តែ​ម្ដង​។
ទាក់ទិន​នឹង​រដូវ​កាល​ដ៏​សម​ស្រប​ក្នុង​ការ​​ងូត​ទឹក​ជ្រោះ លើ​កោះ លោក​បន្ដថា​៖ «​ជា​ទូទៅ ភ្ញៀវ​មក​លេង​ទឹក​ធ្លាក់​ទាំង​នេះ​នៅ​រដូវ​ភ្លៀង ជាពិសេស​​បុណ្យ​​ភ្ជុំ​បិណ្ឌ ដោយ​សារតែ​សម្បូរ​​ទឹក​ច្រើន​ហូរ​ច្រោះ​ថ្ម​ស្អាត»៕

Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment