មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់អាមេរិក កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានចេញសេចក្ដីថ្លែងការណ៍មួយ រំឮកស្ដ្រីមានផ្ទៃពោះ ឲ្យពិចារណាឡើងវិញអំពីការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា និងប្រទេសចំនួន១០ផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ ដោយសារតែតំបន់នេះ កំពុងតែត្រូវបានវាយលុកដោយជំងឺហ្ស៊ីកា។ សេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់អាមេរិកនេះ ធ្វើឡើងចំពេលដែលក្រសួងសុខាភិបាលកម្ពុជា កំពុងតែបើកយុទ្ធនាការអប់រំសុខភាពទូទាំងប្រទេស ដើម្បីបង្ការ និងទប់ស្កាត់ជំងឺហ្ស៊ីកា។
បើតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់អាមេរិក កម្ពុជា ព្រុយណេ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ម៉ាល់ឌីវ ហ្វីលីពីន ថៃ វៀតណាម និងទីម័រខាងកើត គឺជាប្រទេសដែលកំពុងតែប្រឈមនឹងគ្រោះថ្នាក់ឆ្លងជំងឺហ្ស៊ីកា។ ដូច្នេះ ស្ដ្រីអាមេរិកដែលមានផ្ទៃពោះ ឬមានគម្រោងយកកូនក្នុងពេលឆាប់ៗខាងមុខ គួរតែពិចារណាពន្យារពេលធ្វើដំណើរទៅកាន់ប្រទេសទាំង១១នេះ ដើម្បីចៀសឲ្យផុតពីគ្រោះថ្នាក់ឆ្លងជំងឺហ្ស៊ីកា។មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់អាមេរិក ហៅកាត់ថា CDC បានឲ្យដឹងទៀតថា មេរោគហ្ស៊ីកា មានវត្តមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសដែលបានរៀបរាប់ខាងដើមជាច្រើនឆ្នាំមកហើយ។ ហើយរហូតមកទល់ពេលនេះ ប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាថៃ សិង្ហបុរី និងហ្វីលីពីន ជាដើម កំពុងតែត្រូវបានរាតត្បាតយ៉ាងខ្លាំងដោយសារតែមេរោគហ្ស៊ីកា។ ក្នុងនោះ កាលពីថ្ងៃពុធទី២៨កញ្ញា ប្រទេសថៃបានរកឃើញទារកបីនាក់ ដែលកើតមកមានក្បាលតូច និងដែលអាចបណ្ដាលមកពីមេរោគហ្ស៊ីកា។
នៅកម្ពុជាឯណេះវិញ ថ្វីត្បិតតែមិនទាន់មានករណីឆ្លងថ្មីនៅក្នុងឆ្នាំ២០១៦នេះក៏ដោយ ប៉ុន្តែរដ្ឋាភិបាលហាក់បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជំងឺនេះ។ លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែររួមគ្នាបង្ការជំងឺហ្ស៊ីកា ខណៈក្រសួងសុខាភិបាលកម្ពុជាបានបើកយុទ្ធនានៅទូទាំងប្រទេសដើម្បីទប់ស្កាត់ជំងឺនេះ។ យុទ្ធនាការទប់ស្កាត់ទាំងនោះបែងចែកជាពីរផ្នែកសំខាន់។ ទី១ ចំពោះច្រកព្រំដែនទូទាំងប្រទេស ក្រសួងបានរៀបចំដាក់មន្ត្រីប្រចាំការ ដាក់ម៉ាស៊ីនស្ទង់កម្តៅអ្នកដំណើរ ព្រមទាំងចែកបណ្ណអប់រំសុខភាពដល់អ្នកដំណើរ។ ទី២ ចំពោះយុទ្ធនាការក្នុងស្រុកវិញ ក្រសួងសុខាភិបាលបានបោះពុម្ពបណ្ណព័ត៌មានពីជំងឺហ្ស៊ីកាបិទលើរថយន្តរបស់រដ្ឋ ហើយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់ភូមិឃុំដាច់ស្រយាល នៅទូទាំងប្រទេស។ ក្រសួងក៏បានបង្កើតខ្សែទូរសព្ទទាន់ហេតុការណ៍លេខ ១១៥ សម្រាប់ផ្ដល់ព័ត៌មានពីជំងឺហ្ស៊ីកាផងដែរ។
សូមបញ្ជាក់ថាជំងឺហ្ស៊ីកាត្រូវបានរកឃើញក្នុងប្រទេសកម្ពុជាចំនួន៧ករណី កាលពីឆ្នាំ២០០៧ និងឆ្នាំ២០១០។ ករណីទាំងអស់នោះត្រូវបានព្យាបាលជាសះស្បើយ ហើយចាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្ន ពុំមានជំងឺហ្ស៊ីកាកើតមានក្នុងប្រទេសកម្ពុជាទេ។ ជំងឺហ្ស៊ីកា អាចការពារនិងទប់ស្កាត់បាន តាមរយៈការការពារខ្លួនកុំឲ្យមូសខ្លាខាំ និងការកម្ចាត់វត្ថុដក់ទឹកដែលជាជម្រកនៃការកកើតសត្វមូសខ្លា៕ប្រភព៖ វិទ្យុបារ៉ាំង
loading...
0 comments:
Post a Comment