គិតត្រឹមរយៈពេល ៦ ខែ ដើមឆ្នាំ ២០១៦ កម្ពុជា មានបំណុលជាតិជាង ៥,៧ពាន់ លានដុល្លារ ឬ ប្រហែល ១ ភាគ ៣ នៃផលិតផលក្នុងស្រុកសរុប។ លោក អ៊ូ វីរៈ ប្រធានអង្គការវេទិការអនាគត បានព្រមានថា បើកំណើននៃបំណុលជាតិលើសពី ៥០% នៃសេដ្ឋកិច្ចជាតិ នាពេលខាងមុខនោះ វាអាចនឹងបង្កឲ្យមានអស្ថិភាពសេដ្ឋកិច្ចជាក់ជាមិនខាន។
អត្ថបទដោយ៖ សរ ពិសី
អត្ថបទដោយ៖ សរ ពិសី
បំណុលបរទេសរបស់កម្ពុជា បានបន្តកើនឡើងទ្វេរដង ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះដោយកើនឡើងពី ២,៤ ពាន់លានដុល្លារ កាលពីឆ្នាំ ២០០៦ ហើយបំណុលមួយភាគធំ គឺជំពាក់ប្រទេសចិន។ នេះបើតាមរបាយការណ៍ស្តីពីថវិកាជាតិ របស់ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
របាយការណ៍ដដែល បង្ហាញថាអនុបាតបំណុលធៀបនឹងផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាមានប្រហែល ៣១ ភាគរយធៀបនឹងចំនួនប្រជាជនកម្ពុជា ១៥,៥ លាននាក់ ដែលក្នុងម្នាក់ៗជាប់បំណុលប្រហែល ៣៦៧ ដុល្លារ។
ពាក់ព័ន្ធនឹងកម្ចីពីបរទេសនេះ លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគត បានសង្កត់ធ្ងន់តែទៅលើកម្ចីពីប្រទេសចិនតែប៉ុណ្ណោះ។ លោក ថា កម្ចីពីប្រទេសចិន ធ្វើឲ្យកម្ពុជាផ្លាស់ប្តូរនយោបាយអន្តរជាតិ លម្អៀងទៅប្រទេសចិន។
មិនត្រឹមតែប៉ុណ្ណោះ លោក លើកឡើងទៀតថា កម្ចីមួយចំនួនពីប្រទេសចិន ហាក់មិនបានប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព។ ជាក់ស្តែងកម្ចីមួយចំនួនពីប្រទេសចិន ត្រូវបានយកទៅប្រើប្រាស់កសាងហេដ្ឋារចនាសម្ព័ន្ធ ដោយភាគីចិន។ ក៏ប៉ុន្តែ សំណង់ទាំងអស់នោះពុំសូវជាមានគុណភាពនោះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ថា នៅក្នុងសេដ្ឋកិច្ចអន្តរជាតិ កម្ចីពីបរទេស គឺមិនមែនជារឿងប្លែកនោះទេ។ ប៉ុន្តែ លោក បានលើកឡើងថា រដ្ឋាភិបាលគួរចំណាយកម្ចីទាំងនោះ ដើម្បីពង្រឹងសសរស្តម្ភនៃកិច្ចអភិវឌ្ឍ៍សង្គម ក្នុងនោះរួមមាន នីតិរដ្ឋ តុលាការ ថាមពលអគ្គិសនី វិស័យអប់រំ និង ហេដ្ឋារចនាសម្ព័ន្ធ ជាដើម។
លោក បន្ថែមថា បើបំណុលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ វាអាចនឹងបង្កអស្ថិរភាព ផ្នែកសេដ្ឋកិច្ចជាក់ជាមិនខាន។
ទោះបីជាបំណុលជាតិរបស់កម្ពុជា មានការកើនឡើង ក៏ប៉ុន្តែ បើតាមរបាយការណ៍របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីសប្តាហ៍មុន បានរក្សាការព្យករណ៍របស់ខ្លួន ចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរង្វង់អាត្រា ៧ % ក្នុងមួយឆ្នាំ និង បន្តការកើនឡើងទៀត ៧,១% នៅក្នុងឆ្នាំ ២០១៧។ សេដ្ឋកិច្ចរឹងមាំ ត្រូវបាន ADB បញ្ជាក់ថា ដោយសារតែ ការនាំចេញពីឧស្សាហកម្មសម្លៀកបំពាក់ និង ស្បែកជើងកម្ពុជា មានការកើនឡើង ចំនួន ៩,៤% ក្នុងឆមាសទី ១ នៃឆ្នាំនេះ៕
ប្រភព៖ វិទ្យុបារ៉ាំង
loading...
0 comments:
Post a Comment