មនុស្ស៤នាក់ស្លាប់ ហើយយ៉ាងតិច១០នាក់ទៀតរងរបួសដោយសារការផ្ទុះយ៉ាងខ្លាំងមួយ ដែលកើតមានកាលពីថ្ងៃទី១២ ឧសភា ក្នុងភូមិមួយនាភាគអាគ្នេយ៍តួកគីដែលមានពួកឃើតភាគច្រើន ។
ការផ្ទុះនេះកើតមាននាវេលាម៉ោង២២និង៣០នាទីម៉ោងក្នុងស្រុកនៅស្រុកសារីកាមីស ចម្ងាយប្រមាណជា២៥គីឡូម៉ែត្រ ពីទីក្រុងឌីយ៉ាបាគៀរ ខណៈដែលពួកយុទ្ធជនក្រុមគណបក្សពលករឃើតឌីស្ថាន PKK លើកដាក់គ្រឿងផ្ទុះក្នុងរថយន្តកាំមីញ៉ុងមួយ ។
ក្រសួងមហាផ្ទៃតួកគីនិយាយថា ឧប្បត្តិហេតុនេះកើតមានប៉ុន្មានម៉ោង បន្ទាប់ពីរថយន្តមួយបានផ្ទុះក្នុងបន្ទាយយោធាមួយនៅទីក្រុងអីុស្តង់ប៊ុល បណ្តាលឱ្យមនុស្សស្លាប់៨នាក់ ក្នុងនោះមានទាហានផងដែរ ។ ការវាយប្រហារនេះនៅពុំទាន់មានក្រុមណាប្រកាសទទួលខុសត្រូវនៅឡើយ ។ ការវាយប្រហារប្រហែលគ្នានោះមួយទៀត ដែលសំដៅលើប៉ូលិស បណ្តាលឱ្យមនុស្សស្លាប់៣នាក់កាលពីថ្ងៃទី១០ ឧសភា នៅទីក្រុងឌីយ៉ាបាគៀរ ។
ភាគអាគ្នេយ៍តួកគីដែលមានពួកឃើតភាគច្រើនតែងកើតមានការប្រយុទ្ធគ្នារាល់ថ្ងៃ រវាងកងកម្លាំងសន្តិសុខតួកគី និងពួកឧទ្ទាមឃើតតាំងពីផ្ទុះការប្រទូស្តរ៉ាយគ្នាឡើងវិញ រវាងក្រុងអង់ការ៉ា និងពួក PKK កាលពីរដូវក្តៅកន្លងទៅនេះមក ។ ជម្លោះនេះបណ្តាលឱ្យមនុស្សស្លាប់៤០.០០០នាក់ រួចហើយចាប់តាំងពីឆ្នាំ១៩៨៤មក ៕
loading...
0 comments:
Post a Comment