យោងតាម YONHAP ថា ក្នុងសន្និសីទសារព័ត៌មានមួយ លោក STEPHANE DUJARRIC អ្នកនាំពាក្យអគ្គលេខាធិការ អ.ស.ប អះអាងកាលពីថ្ងៃទី១២ ឧសភា ថា ប្រមុខ អ.ស.ប លោកបាន គីមូន ដែលមនុស្សមួយចំនួនគិតថា លោកអាចឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង នាពេលខាងមុខនេះ នឹងមកបំពេញទស្សនកិច្ចមួយនៅកោះ JEJU របស់កូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងសន្និសីទអន្តរជាតិមួយនាថ្ងៃទី២៥ ឧសភា ស្តីពីសន្តិភាព និងភាពរុងរឿងនៅអាស៊ីខាងកើត ។
លោក DUJARRIC បន្តថា បន្ទាប់ពីនេះ លោកបាន គីមូន នឹងទៅកាន់ ISE SHIMA តំបន់ MIE របស់ជប៉ុនចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ G7 នាថ្ងៃទី២៧ ឧសភា មុនពេលលោកវិលត្រឡប់មកកាន់កូរ៉េខាងត្បូងវិញនាថ្ងៃទី៣០ ឧសភា ចូលរួមក្នុងសន្និសីទមួយរបស់បណ្តាអង្គការក្រៅរដ្ឋាភិបាល ONG នៅ GYEONGJU ភាគខាងត្បូងប្រទេស ។ តំណាងអង្គការក្រៅរដ្ឋាភិបាលជាង២.០០០រូបនៃពិភពលោកទាំងមូលនឹងមានវត្តមានក្នុងសន្និសីទនេះ ។
ទស្សនកិច្ចនេះរបស់លោកបាន គីមូន នៅកូរ៉េខាងត្បូងត្រូវធ្វើបន្ទាប់ពីទស្សនកិច្ចរបស់លោកកាលពីប្រមាណជា១ឆ្នាំមុន និងបន្ទាប់ពីបរាជ័យធ្ងន់ធ្ងររបស់គណបក្ស SAENURI កំពុងកាន់អំណាចក្នុងការបោះឆ្នោតសភាកាលពីខែមុន ។ ប្រមុខ អ.ស.ប ដែលអាណត្តិទី២ រយៈពេល៥ឆ្នាំរបស់លោកនឹងបញ្ចប់នាចុងឆ្នាំនេះត្រូវបានគេលើកឡើងជារឿយៗថាជាបេក្ខជនសំខាន់សម្រាប់ការបោះឆ្នោតប្រធានាធិបតីនាខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ ទោះបីលោកបាន គីមូន ខ្លួនឯងបដិសេធមិនធ្វើអត្ថាធិប្បាយពីរឿងនេះក្តី ។
ទោះបីយ៉ាងណា ការស្ទាបស្ទង់មតិនានាផ្តល់ឱ្យលោកបាន គីមូន ថាជាអ្នកអាចឈ្នះឆ្នោត។ ពួកអ្នកសង្កេតការណ៍នយោបាយនៅកូរ៉េខាងត្បូងព្យាករណ៍ថា គណបក្ស SAENURI ដែលកាន់អំណាចអាចអំពាវនាវឱ្យលោកធ្វើប្រមុខគណបក្សនេះក្រោយពីទទួលបរាជ័យក្នុងការបោះឆ្នោតសភាកាលពីខែមេសា ៕
ប្រភព៖កោះសន្តិភាព
loading...
0 comments:
Post a Comment