ឈើ​ឧកញ៉ា​ជាង ១ ពាន់​ដុំ​ត្រូវ​បាន​រឹបអូស

loading...
កំពង់ស្ពឺ/រតនគិរីៈ កម្លាំង​ចម្រុះ​កាលពី​ម្សិលមិញ​បាន​រឹបអូស​ឈើ​ខុស​ច្បាប់​ជាង ១ ពាន់​ដុំ​ជា​របស់​ឧកញ៉ា​ម្នាក់​ក្នុង​ដី​ក្រុមហ៊ុន​ចិន​មួយ​នៅ​ខេត្ត​កំពង់ស្ពឺ​ជា​ឈើ​ដែល​អង្គការ​សង្គម​ស៊ីវិល​ថា​កាប់​មកពី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់​ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ។
កម្លាំង​ចម្រុះ ៥៣ នាក់​បាន​ឆ្មក់​រកឃើញ​ឈើ​មូល ១០៣៩ ដុំ​នៅ​ក្នុង​ដី​ក្រុមហ៊ុន​ដីសម្បទាន​សេដ្ឋកិច្ច​ចិន​ដាំ​អំពៅ​មួយ​ឈ្មោះ​ហ្គ្រេដហ្វ៊ាល​នៅ​ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ។ នេះ​បើ​តាម​លោក ប៊ុន វិចិត្រ អភិបាលរង​ស្រុក​ឱរ៉ាល់​ដែល​បាន​ចុះ​បង្ក្រាប​ជាមួយ​ក្រុម​ចម្រុះ​នោះ។
លោក វិចិត្រ បញ្ជាក់​ថា៖ «ឈើ​ហ្នឹង​ជា​ប្រភេទ​ឈើ​ចម្រុះ​មូល​ចាស់​រាប់​ខែ​ និង​ឈើ​ឡាំង​ខ្លះ​ដូចជា សុក្រំ ផ្ចឹក និង​ព្រះព្នៅ។ វា​ជា​ឈើ​ខុសច្បាប់​អ៊ីចឹង​ហើយ​ទើប​បាន​យើង​ចុះ​បង្ក្រាប​ និង​រឹបអូស​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ»។
ទោះ​យ៉ាង​ណា​គ្មាន​ម្ចាស់​ឈើ​ ឬ​អ្នក​ពាក់ព័ន្ធ​ណា​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ទេ។ លោក​បន្ថែម​ថា​កម្លាំង​ចម្រុះ​ឃើញ​តែ​ឈើ​ជា​វត្ថុតាង និង​កម្មករ ២ ទៅ ៣ នាក់​នៅ​ក្នុង​សិប្បកម្ម​កែច្នៃ​ឈើ​ខុស​ច្បាប់​នោះ​ប៉ុន្តែ​ពួក​កម្មករ​ឆ្លើយ​ថា​ពួកគេ​មិន​ដឹង​អី​ទេ។
លោក​ថា​អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​រក​អ្នក​ទទួល​ខុសត្រូវ​លើ​បទល្មើស​នេះ។
លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា​កន្លែង​កែច្នៃ​ឈើ​នោះ​ជា​របស់​ឧកញ៉ា​ ណាគ្រី ដែល​បាន​អាជ្ញាប័ណ្ណ​ប្រមូល​ និង​កែច្នៃ​ឈើ​ក្នុង​ដី​ក្រុមហ៊ុន​នោះ​ប៉ុន្តែ​ជា​ឈើ​កាប់​ពី​តំបន់​អភិរក្ស។
លោក​បាន​អះអាង​ថា៖ «តាម​ខ្ញុំ​អង្កេត​គេ​កាប់​ឈើ​ខុស​ច្បាប់​តំបន់​អភិរក្ស​យក​ទៅ​កែច្នៃ​លក់​ក្នុង​ស្រុក​តាម​ដេប៉ូ និង​អារ​ហើយ​ទើប​នាំ​ទៅ​វៀតណាម​ប្រហែល​ជា ៣ ឆ្នាំ​ហើយ។ ឈើ​ចាស់ៗ​ទុក​ដើម្បី​យក​របាយការណ៍​ប៉ុណ្ណោះ។
ឈើ​ថ្មីៗ​គេ​ជម្លៀស​ចេញ​អស់​ហើយ​ព្រោះ​គេ​ដឹង​មុន»។ លោក​ថា​លោក​ក៏​បាន​សុំ​អន្តរាគមន៍​ទៅ​ប្រមុខ​រដ្ឋាភិបាល​តាំងពី​មុន​ចុះ​បង្ក្រាប​ទៅ​ទៀត។
ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​ពី​លោក​ឧកញ៉ា ណាគ្រី បាន​ទេ​ពី​ម្សិលមិញ។
ករណី​ដោយ​ឡែក​មួយ​ទៀត​លោក ថេង ច័ន្ទធី មន្ត្រី​អធិការ​ស្រុក​លំផាត់​បាន​ឲ្យ​ដឹង​ថា​កាលពី​យប់​ថ្ងៃ​អង្គារ​មន្ត្រី​ប៉ូលិស​ស្រុក​បាន​ស្ទាក់​ចាប់​មនុស្ស ៣ នាក់​រថយន្ត​ដឹក​ឈើ​ប្រណីត ១ គ្រឿង​ជាមួយ​នឹង​ឈើ​ធ្នង់ ១១ ដុំ​នៅ​ចំណុច​គល់​ស្ពាន​ស្រែ​ពក​ក្នុង​ភូមិ​ដីឡូត៍ ឃុំ​ជ័យឧត្តម ស្រុក​លំផាត់ ខេត្ត​រតនគិរី ខណៈ​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ជាតិ​លេខ ៧ ។
លោក​អធិការ​បាន​បញ្ជាក់​ថា៖ «យើង​បាន​ឃាត់​រថយន្ត​ដឹកឈើ​មួយ​គ្រឿង​ និង​ឈើ​ធ្នង់ ១១ ដុំ​ដោយសារ​យើង​រវល់​ទាំងអស់​គ្នា​ពួកវា​រត់​បាត់​ទៅ​ប៉ុន្តែ​ឈើ​ និង​ឡាន​នៅ​ទាំងអស់​ហើយ​បាន​ប្រគល់​ទៅ​ឲ្យ​រដ្ឋបាល​ព្រៃឈើ»។
រីឯ​នៅ​ខេត្ត​ត្បូងឃ្មុំ​វិញ​កងរាជ​អាវុធហត្ថ​បាន​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដោយ​ចាប់​រថយន្ត​ដឹកឈើ ១ គ្រឿង និង​ឃាត់​ខ្លួន​មនុស្ស ៧ នាក់​កាលពី​យប់​ថ្ងៃ​អង្គារ​នៅ​ឃុំ​ទន្លូង ស្រុក​មេមត់៕
ទីតាំង​ដី​ដែល​ស្ដុក​ឈើ​ល្មើស​ច្បាប់​នៅ​កំពង់ស្ពឺ។

Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment