លោក ប្រាយុធ មាន​លេស​កាន់​អំណាច ២០ ​ឆ្នាំ​ទៀត

loading...
ក្រុងបាងកកៈ នាយក​រដ្ឋមន្ត្រី ថៃ លោក​ប្រាយុធ ចានអូចា មិន​បាន​ទាត់​ចោល​​លទ្ធភាព​ដែល​ថា​លោក​អាច​ក្លាយ​ជា​​នាយក​រដ្ឋមន្ត្រី​បន្ទាប់​នោះ​ទេ​ខណៈ​លោក​បាន​​ថ្លែង​ថា​ភារកិច្ច​​ពេល​បច្ចុប្បន្ន​របស់​លោក​គឺ​ដើម្បី​រៀបចំ​ផែនការ​ដំណើរការ​​កំណែ​ទម្រង់​​ជាតិ​ដើម្បី​​ប្រែ​ក្លាយ​ថៃ​ឲ្យ​ទៅ​ជា​​ «ប្រទេស​អភិវឌ្ឍន៍​មួយ​» នៅ​ក្នុង​រយៈពេល​ ២០ ​ឆ្នាំ​បន្ទាប់។
លោក​​ ប្រាយុធ បាន​និយាយ​ថា​ផែនការ​​ដ៏មាន​មហិច្ឆតា​របស់​រដ្ឋាភិបាល​បាន​យក​គោលដៅ​កំណែ​ទម្រង់​​មួយ​ឈុត​ធំ​នៅ​ក្នុង​វិស័យ​ផ្សេងៗ​ជាច្រើន​ដែល​ក្នុង​​នោះ​មាន​​ធនធាន​មនុស្ស​ការ​អប់រំ និង​ការ​ផ្សះផ្សា​សង្គម​ដើម្បី​ជំរុញ​ការ​ផ្លាស់ប្តូរ​មួយ​ទៅ​កាន់​​បច្ចេកវិទ្យា​ទំនើប​ដែល​ទើប​រកឃើញ​ថ្មី និង ទាញ​យក​ផលប្រយោជន៍​ពី​ភូមិសាស្ត្រ​របស់​ថៃ​ដើម្បី​ប្រែ​ក្លាយ​វា​ទៅ​ជា​មជ្ឈមណ្ឌល​​ប្រទាក់​ក្រឡា​គ្នា​ក្នុង​តំបន់​មួយ។
នៅ​វេទិកា Bangkok Post Forum 2016 ក្រោម​ប្រធានបទ​ «ជំរុញ​ថៃ​ទៅ​មុខ​» ដែល​រៀបចំ​ពី​ម្សិលមិញ​ដោយ​ក្រុមហ៊ុន Post Publishing Plc នៅឯ​សណ្ឋាគារ Central Plaza Ladprao ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​ជា ៥០០ នាក់​ដែល​ក្នុង​នោះ​មាន​ក្រុម​អ្នក​ជំនួញ មន្ត្រី​រដ្ឋ និង​ក្រុម​អ្នក​ការទូត​លោក​​ ប្រាយុធ បាន​ប្រាប់​ថា៖ «វិធានការ​ទាំង​នេះ​គឺ​មាន​បំណង​ក្នុង​ការ​ជួយ​ប្រទេស​ថៃ​ឲ្យ​គេច​ខ្លួន​ផុត​​អន្ទាក់​ប្រាក់​ចំណូល​កណ្តាល​ និង​ក្លាយ​ទៅ​ជា​ប្រទេស​អភិវឌ្ឍន៍​មួយ​ត្រឹម​ឆ្នាំ​ ២០៣៦»។
វេទិកា​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ជាមួយ​​វត្តមាន​មន្ត្រី​សន្តិសុខ​ចំនួន ២៥០ ​នាក់​។
លោក​បាន​​និយាយ​ថា៖ «ផែនការ​រយៈពេល​វែង​នេះ​មិនមែន​មានន័យ​ថា​ក្រុម​អ្នក​នយោបាយ​​មិន​អាច​​ណែនាំ​គោលនយោបាយ​​បុគ្គល​នៅ​ក្នុង​ពេល​អនាគត​ទេ។ ពួកគេ​​អាច​ណែនាំ​កិច្ចការ​ប្រទេស​ផ្អែក​លើ​គោល​នយោបាយ​​របស់​ពួកគេ​ និង​ផែនការ​យុទ្ធសាស្ត្រ​នេះ»។
ឧត្តមសេនីយ៍ ប្រាយុធ ពុំ​បាន​ទាត់​ចោល​​លទ្ធភាព​​នៃ​ការ​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​បន្ទាប់​ទេ​បន្ទាប់ពី​ការ​បោះឆ្នោត​ដែល​គេ​រំពឹង​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​ដោយ​សង្កត់​ធ្ងន់​ថា​អាទិភាព​បច្ចុប្បន្ន​របស់​លោក​​ជា​នាយក​រដ្ឋមន្ត្រី​គឺ​ត្រូវ​អនុវត្ត​​ទៅ​តាម​ «ផែនទី​បង្ហាញ​ផ្លូវ​» ខាង​នយោបាយ​របស់​លោក​។
ឧត្តមសេនីយ៍​រូប​នេះ​បាន​គូសបញ្ជាក់​ថា៖ «គេ​មិន​ចាំបាច់​ត្រូវការ​ពិភាក្សា​អ្វី​ទេ​ថា​តើ​​ខ្ញុំ​នឹង​​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​បន្ទាប់​ឬ​អត់​ព្រោះ​នោះ​គឺជា​បញ្ហា​សម្រាប់​ពេល​អនាគត។ ពេល​នេះ​រឿង​សំខាន់​គឺ​ត្រូវ​ធ្វើការ​បោះឆ្នោត​​ឆ្នាំ​បន្ទាប់​ដើម្បី​ឲ្យ​​ពលរដ្ឋ​ថៃ​សម្រេច​ចិត្ត​ពី​អ្វី​ដែល​ពួកគេ​ចង់​បាន»។
លោក​ ប្រាយុធ បាន​ថ្លែង​បន្ត​ថា៖ «ខ្ញុំ​នឹង​ចាកចេញ​នៅ​ថ្ងៃ​ទី​មួយ​នៃ​​កិច្ចប្រជុំ​សភា។ ខ្ញុំ​នឹង​ចាកចេញ​ប៉ុន្តែ​អ្វី​ដែល​នឹង​​បន្សល់​ទុក​គឺ​បទបញ្ជា​ប្រតិបត្តិ​ ៤៤ ឬ​បទបញ្ជា​មាត្រា​ ៤៤ ដែល​ត្រូវ​បាន​ចេញ​ហើយ​​បទបញ្ជា​ទាំង​នេះ​ជា​ច្បាប់​ដែល​បច្ចុប្បន្ន​គ្រប់គ្រង​កំណែ​ទម្រង់​ និរន្តរភាព​ និង​ស្ថិរភាព​»។
លោក​បាន​ប្រាប់​វេទិកា​នោះ​ថា​បំណង​សំខាន់​មួយ​​ដែល​ត្រូវ​តែ​សម្រេច​ឲ្យ​បាន​នោះ​គឺ​ការ​បង្រួប​បង្រួម​ជាតិ​ដោយ​ទទួល​ស្គាល់​ថា​ការងារ​ច្រើន​ទៀត​​នៅ​តែ​ត្រូវការ​ធ្វើ​ដើម្បី​កែលម្អ​បរិយាកាស​នយោបាយ។
លោក​បាន​ថ្លែង​ថា​ការងារ​លោក​គឺ​ដើម្បី​តុល្យភាព​ផលប្រយោជន៍​អ្នក​នយោបាយ​ជាមួយ​ក្តី​រំពឹង​សាធារណៈ៕
លោក ប្រាយុធ លើក​ដៃ​ដាក់​អ្នក​កាសែត​មុន​ចូលរួម​ជំនួប​គណៈរដ្ឋមន្ត្រី។ AFP
 
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment