ជាក់ស្តែង កាលពីសៀលថ្ងៃទី០៦ តុលា នេះ តារាសម្តែងរាងតូចច្រឡឹង កញ្ញាហង្ស ម៉ារីនី បានឱ្យថា ជាការពិត គឺនាង និងបងស្រីបានសម្រេចចិត្តទៅបួសមែន ។
កញ្ញាហង្ស ម៉ារីនី បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ នាងនិងបងស្រីបានសម្រេចចិត្តសាងភ្នួសរយៈពេល៣ថ្ងៃ នៅលើទឹកដីកំពូលភ្នំយ៉ាត ហើយការបួសរបស់ពួកនាងទាំងពីរនាក់នេះ ពុំមែនបួសដោយសារមានមូលហេតុអ្វីមួយនោះទេ ពោលគឺគ្រាន់តែជាការបួសសងគុណឪពុក-ម្តាយប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត ការបួសនេះ គឺតម្រូវធ្វើតាមគន្លងធម៌ វិន័យរបស់ព្រះពុទ្ធសាសនា គឺកាន់សីល១០ដូចគ្នានឹងព្រះសង្ឃដែរ ។
តារាសម្តែងដែលលេចធ្លោលើសកម្មភាពមនុស្សធម៌ កញ្ញាហង្ស ម៉ារីនី បាននិយាយបន្ថែមថា នេះជាលើកទី២ សម្រាប់នាងហើយ ដែលបានបួសសងគុណឪពុក-ម្តាយ ដោយកាលពីលើកទី១ នៅឆ្នាំ២០១៣ តែកាលនោះ នាងបួសតែម្នាក់ឯងប៉ុណ្ណោះ ។
ដោយឡែក នៅឆ្នាំ២០១៦ នេះ គឺនាងសម្រេចចិត្តបួសរួមគ្នា ជាមួយបងស្រីកញ្ញាហង្ស ម៉ារីណា ម្តងទៀត ។ ទោះបីជាយ៉ាងណា ក៏ដោយ ផ្អែកតាមប្រភពផ្សេងទៀតថា តារាសម្ដែងហង្ស ម៉ារិនី បានការសាងភ្នួសសងគុណឪពុកម្ដាយនេះ គឺស្របពេលជាមួយនឹងជោគវាសនារបស់នាងហាក់ធ្លាក់ស្រុត ព្រោះតែមួយរយៈចុងក្រោយនេះ ហង្ស ម៉ារិនី បានជួបប្រទះនូវរឿងរ៉ាវស៊យផ្ទួនៗគ្នា ហើយមានរឿងខ្លះ ស្ទើរតែមានគ្រោះថ្នាក់ធំដល់ជីវិតទៀតផង ។
ដូច្នេះ ការសាងភ្នួសនេះ ក៏ជាផ្នែកមួយ ដើម្បីលាងជម្រះនូវបាបកម្មគ្រោះចង្រៃទាំងពួងឲ្យជៀសចាកចេញឆ្ងាយពីខ្លួននាង និងនាំមកវិញនូវសិរីសួស្ដីការរីកចម្រើនដល់ខ្លួននាងផ្ទាល់ និងក្រុមគ្រួសារពេលលាចាកសិក្ខាបទមកវិញ ។



ប្រភព៖ កោះសន្តិភាព
loading...

0 comments:
Post a Comment