ចិន​បង្កើត​ក្រុមអធិការកិច្ច​ពិសេស​ដើម្បី​បោសសម្អាត​អំពើពុករលួយ​ក្នុង​ជួរកងទ័ព

loading...
ចិន​ចាប់សម្រុក​បោសសម្អាត​អំពើពុករលួយ​ក្នុង​ ជួរកងទ័ព។ តាម​កាសែត​រដ្ឋ​ចិន China Daily ចុះផ្សាយ​នៅ​ថ្ងៃ​សុក្រនេះ គណៈកម្មការ​ មជ្ឈឹម​យោធា​បាន​បង្កើត​ក្រុមអធិការកិច្ច​មួយ ដើម្បី​ប្រយុទ្ធប្រឆាំង​សកម្មភាព​ពុករលួយ នៅក្នុង​វិស័យ​ការពារជាតិ។ នេះ​ជា​លើក​ទី​១ ដែល​ឧត្តម​បញ្ជាការ​យោធា ដែល​ស្ថិតនៅក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី​ស៊ី ជីនពីង សម្រេច​បង្កើត​ក្រុម​ត្រួតពិនិត្យ អំពើពុករលួយ របស់​មន្រ្តី​យោធា​ចិន។
ការប្រកាស ​បង្កើត​ក្រុមអធិការកិច្ច​ប្រឆាំង​អំពើ​ពុករលួយ នៅក្នុង​ជួរ​កងទ័ព​ចិន កើត​មាន​នៅក្រោយ​ពេល​ដែល​មាន​ដំណឹង​ថា ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង​កំពុង​ចង់​ពង្រឹង​អំណាច​របស់លោក​ទៅ​លើ​កងទ័ព​រំដោះ​ប្រជាជន ដែល​ជា​ស្ថាប័ន​ដ៏​មាន​អំណាច​កំពូល នៅក្នុង​ប្រទេស​ចិន។

តាម​កាសែត​ប្រចាំថ្ងៃ​ចិន China Daily ដែល​បាន​ដកស្រង់​សំដី​របស់​មន្រ្តីយោធា​ចិន ចំណាត់ការ​ថ្មី​នេះ​មាន​គោលដៅ បោសសម្អាត​អំពើពុករលួយ​នៅក្នុង​ជួរកងទ័ព។ តាំង​ពី​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង​បាន​សន្យា និង​បើក​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ តាំង​ពី​ថ្នាក់​លើ ដល់​ថ្នាក់ក្រោម មិន​ថា ខ្លា ឬ​សត្វរុយ។

កាល​ពី​ខែ​វិច្ឆិកា​កន្លងទៅ លោក​ប្រធានាធិបតី ស៊ី ជីនពីង ដែល​ជា​ប្រធាន​គណៈកម្មការ​មជ្ឈឹម​យោធា ក៏​ធ្លាប់​បាន​សន្យា​ផ្តល់​អំណាច និង​ឯករាជ្យភាព​ច្រើន​ជាងមុន ដល់​ក្រុមអង្គភាព​ដែល​ត្រូវ​មាន​បេសកកម្ម​ត្រួតពិនិត្យ​អំពើពុករលួយ។ កន្លងមក ក្រុមអធិការកិច្ច​សម្រាប់​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ក្នុង​ជួរកងទ័ព រមែង​ត្រូវ​បង្កើតឡើង​ដោយ​ស្ថាប័ន​យោធា​ថ្នាក់​មូលដ្ឋាន។ ប៉ុន្តែ ដោយសារ​ខ្វះ​ឯករាជ្យភាព ក្រុមនេះ​មិនអាច​ធ្វើការ​ដោយ​ប្រសិទ្ធិភាព​ដើម្បី​ចាប់កំហុស​អំពើពុករលួយ​ របស់​មន្រ្តី​យោធា​ចិន​បាន​ឡើយ។

តាម​លោក​សុង ចុងភីង អ្នកជំនាញ​ខាង​ផ្នែក​យោធា​ចិន ក្រុម​អធិការកិច្ច ដែល​បង្កើតឡើង​ដោយ​គណៈកម្មការ​កណ្តាល​យោធា​ចិន នឹង​ធ្វើការ​ម៉ត់ចត់ និង​អាច​ប្រយុទ្ធប្រឆាំង អំពើពុករលួយ​ដោយ​ប្រសិទ្ធិភាព​បំផុត។ តាម​កាសែត​Global Times ដែល​បាន​ស្រង់សំដី​របស់​លោក​សុង ចុងភីង ដើម្បី​បញ្ជាក់​ពីភាព​ស្អាតស្អំ មិន​លំអៀង និង​ដើម្បី​ជៀសវាង​ការឃុបឃិត មន្រ្តី​អធិការកិច្ច​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅក្នុង​ជួរកងទ័ព​នឹង​ ត្រូវ​តែងតាំង​ថ្មី នៅ​ពី​បីឆ្នាំ​ម្តង។

តាម​កាសែត​រដ្ឋ​ចិន ក្រុមអធិការកិច្ច​ដែល​ទើបត្រូវ​តែងតាំង​ថ្មីៗ​ដោយ​គណៈកម្មការ​មជ្ឈឹម​យោធា​ នឹង​ចេញទៅ​ធ្វើការ​នៅតាម​នាយកដ្ឋាន​ចំនួន​១៥ និងនៅ​ទីស្នាក់ការ​កណ្តាល​ថ្នាក់​តំបន់​របស់​ក្រសួង​ការពារ​ជាតិ​ចិន។ នៅ​រយៈពេល​៣​ឆ្នាំ​ចុងក្រោយនេះ មន្រ្តី​យោធា​ជាន់ខ្ពស់​ចិន ប្រមាណ ៥០​នាក់ ត្រូវ​បាន​ស៊ើបអង្កេត ឬ​ចោទប្រកាន់​ក្នុង​បទប្រព្រឹត្ត​អំពើពុករលួយ។ នៅ​ប្រទេស​ចិន ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន មន្រ្តី​យោធា​មួយចំនួន ធំ​បាន​យក​តួនាទី​របស់ខ្លួន ទៅ​ធ្វើ​ជំនួញ​ផ្នែក​អចលនទ្រព្យ ទូរគមនាគមន៍ ឬ​ផ្នែក​សុខភាព។ ដើម្បី​ទប់ស្កាត់​អំពើពុករលួយ​របស់​មន្រ្តីយោធា អាជ្ញាធរ​ចិន កាលពី​ខែ​មីនា​កន្លងទៅ បាន​បញ្ជា​ហាម​លែង​ឲ្យ​មាន​ការដាក់​ដេញថ្លៃ លើ​សេវា ហើយ​និង​ការធ្វើ​ពាណិជ្ជកម្ម​ក្នុង​រយៈពេល ៣​ឆ្នាំ៕
media 
ប្រភព៖POSTNEWS
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment