រាជធានីភ្នំពេញ ៖ ចាប់ពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០១៦ ក្នុងរយៈពេល៤ខែនេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលពន្ធបានចំនួន២.៥៥១.២៧៨,៧៦លានរៀល (គិតជាដុល្លារប្រមាណជា៦៣៧,៨២លានដុល្លារ) បើធៀបនឹងរយៈពេល៤ខែដូចគ្នាក្នុងឆ្នាំ២០១៥ មានអត្រាកំណើនប្រមាណ២១,៦៨% ។
ចំណែកការប្រមូលពន្ធអាករគ្រប់ប្រភេទក្នុងរយៈពេល៤ខែ ឆ្នាំ២០១៦នេះដែរ បានកើនឡើង៤៥៤.៦១១,៨៧លានរៀល ឬស្មើនឹង១១៣,៦៥លានដុល្លារអាមេរិក បើធៀបនឹងរយៈពេល៤ខែ ឆ្នាំ២០១៥ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
តាមរបាយការណ៍របស់លោក គង់ វិបុលប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ដែរថា នៅក្នុងខែមេសា អគ្គនាយកដ្ឋានពន្ធដារបានប្រមូលពន្ធអាករគ្រប់ប្រភេទបានចំនួន ៧៤២.០៨៧,៤៩លានរៀល (គិតជាដុល្លារ ស្មើនឹងប្រមាណ១៨៥,៥២លានដុល្លារអាមេរិក) ។
របាយការណ៍ដដែលបញ្ជាក់ទៀតថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៦ ការប្រមូលពន្ធអាករតាមប្រភេទពន្ធសំខាន់ៗក៏បានកើនឡើងផងដែរដូចជា ពន្ធលើប្រាក់ចំណេញបានកើនឡើងប្រមាណ៥៨,០៩%, អាករពិសេសកើនឡើងប្រមាណ២៥%, ពន្ធលើប្រាក់បៀវត្សកើនឡើងប្រមាណ១៩,០៩% និងអាករលើតម្លៃបន្ថែមកើនឡើងប្រមាណ៣,៦៧% ។ ចំណែកឯចំណូលពន្ធតាមសកម្មភាពអាជីវកម្ម ក៏បានកើនឡើងស្ទើរតែទាំងអស់ដែរ ។
លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងក្នុងអង្គប្រជុំកាលពីថ្ងៃទី១១ ឧសភា កន្លងមកថា ៖ « អគ្គនាយកដ្ឋានពន្ធដារ គឺជាអង្គភាពអនុវត្តគោលនយោបាយសារពើពន្ធរបស់រាជរដ្ឋាភិបាល ក្នុងការប្រមូលចំណូលចូល ថវិកាជាតិ និងជាអង្គភាពបម្រើសេវាសាធារណៈជូនអ្នកជាប់ពន្ធឱ្យបានល្អប្រសើរ ដែលមានការពេញចិត្តក្នុងការបង់ពន្ធពីអ្នកជាប់ពន្ធ » ។
គួរបញ្ជាក់ថា ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការប្រមូលចំណូលពន្ធគ្រប់ប្រភេទ តាមផែនការកំណត់ដោយច្បាប់សម្រាប់ឆ្នាំ២០១៦ ស្របនឹងគោលនយោបាយលុបចោលការបង់ពន្ធតាមរបបម៉ៅការ អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយកែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល រួមមាន ៖
-បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម របស់រាជរដ្ឋាភិបាល និងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិនិត្យកែសម្រួលឡើងវិញនូវច្បាប់ស្តីពីសារពើពន្ធ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពវិវឌ្ឍន៍នៃសង្គមជាតិ ។
-ពង្រឹងការប្រមូលពន្ធលើការជួលអចលនទ្រព្យតាមរយៈការដាក់ឱ្យអនុវត្ត ការគ្រប់គ្រងការប្រកាសបង់ពន្ធប្រភេទនេះតាមប្រពន្ធកុំព្យូទ័រ ។
-បន្តយកចិត្តទុកដាក់ និងពង្រឹងការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ។
-បន្តពង្រឹងការធ្វើសវនកម្មចំពោះវិស័យសំខាន់ៗមួយចំនួនដែលមានសក្ដានុពលចំណូលពន្ធខ្ពស់ ជាអាទិ៍ វិស័យទេសចរណ៍ វិស័យនាំចេញ នាំចូល និងវិស័យសំណង់ ជាដើម ។
-បន្តនីតិវិធីនៃការចុះអង្កេតស្រាវជ្រាវសហគ្រាសតាមដងផ្លូវដើម្បីឱ្យសហគ្រាសដែលមិនបានចុះបញ្ជីត្រឹមត្រូវ ឬលាក់ខ្លួនមិនព្រមមកចុះបញ្ជីពន្ធដារបានមកចុះបញ្ជីពន្ធដារបានគ្រប់ៗគ្នា ។
-បន្តត្រួតពិនិត្យ ការអនុវត្តបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៥ ដើម្បីឱ្យប្រាកដថា យានយន្តទាំងអស់បានគោរពកាតព្វកិច្ចសារពើពន្ធស្របតាមច្បាប់កំណត់ ។
-បន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា រៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យដែលមានលក្ខណៈល្អប្រសើរ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ ៕
ប្រភព៖everyday
loading...
0 comments:
Post a Comment