បើតាមប្រសាសន៍ លោកឧទ្ទេសាចារ្យ ដិប ឡាវី ហៅអាចារ្យម៉ា បានឲ្យដឹងថា បុណ្យកឋិនទាន ជាពិធីបុណ្យមួយ ចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា បុណ្យកឋិនទាន តែងត្រូវបានដង្ហែចូល គ្រប់ទីអារាមទាំងអស់ ពុំមានទីវត្ដណាមួយ ត្រូវបានខកខានឡើយ ដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានតែងបានដង្ហែ ទៅកាន់ទីអារាមរៀងៗ ខ្លួន ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយ មិនមានកឋិនណាមួយហែចូលទេ។ ទីអារាមនោះ ក៏ត្រូវតែរៀបចំជាកឋិនទានជើងវត្តដែរ។
ពិធីហែអង្គកឋិនទានទៅកាន់ទីអារាមនីមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយរីករាយយ៉ាងក្រៃលែង អ្នកផ្ដើមបុណ្យ បានរៀបចំបរិក្ខាកឋិនទានមានត្រៃចីវរ ចិវរ សង្ឃាដិ ស្បង់ ព្រមដោយ ទេយ្យទាន ផ្សេងៗទៀត ហែទៅទីអារាម ដែលបានកំណត់ទុក។
លោកអាចារ្យបន្តថា ចាប់តាំងពីលោក ធ្វើជាអាចារ្យមក នេះជាអង្គកឋិនទានមិនធ្លាប់មាន ដោយសារតែលោកស្រី សៀង ចាន់ហេង បានចំណាយថវិកា ហូតដល់រាប់សែនដុល្លារ ធ្វើមហាអង្គកឋិនទានជាទ្រង់ទ្រាយធំ។ ត្រៃយ៍ទាំង១២៣៤ ដែលត្រូវបានរៀបចំ នៅក្នុងមហាអង្គកឋិនទាននេះ នឹងត្រូវបញ្ជូនទៅកាន់បណ្ដាវត្តនានា នៅទូទាំងប្រទេស ដែលខេត្តខ្លះ អាចបាន៦០វត្ត។ លោកអាចារ្យបន្តថា អង្គកឋិនទាននឹងត្រូវដង្ហែ ទៅកាន់បណ្ដាខេត្តនីមួយៗ បន្ទាប់ពីការធ្វើបុណ្យនៅក្រុងតាខ្មៅ ត្រូវបានរួចរាល់ នៅព្រឹកថ្ងៃទី១៨ខែតុលានេះ អង្គកឋិនទាននឹងត្រូវរៀបចំដង្ហែ ទៅកាន់វត្តចន្ទមុនីសីហៈ ស្ថិតនៅឃុំសំឡូត ស្រុកសំឡូតខេត្តបាត់ដំបង។
សម្តេចព្រះឧត្តមបញ្ញា ដួង ផង់ សមាជិកថេរសភាសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត ព្រែកប្រាំង មានថេរដីការថា ផលបុណ្យរបស់អ្នកធ្វើកឋិនទាន ទោះគ្រហស្ថក្ដី បព្វជិតក្ដី ប្រកបដោយសទ្ធា ថ្លៃថ្លាទទួលបានអានិសង្ឃច្រើន ដែលគឺទទួលបាននូវ រូបសម្រស់ស្អាត សម្បុរស្អាត ម៉ដ្ឋខៃ មានទ្រង់ទ្រាយ កម្ពស់ រាងរៅ សមសួន ជាទីស្រឡាញ់ចូលចិត្តរបស់អ្នកផងទាំងពួង ងាយនឹងសម្រេចមគ្គផល និងបានជួបព្រះប្រទះធម៌ កើតក្នុងត្រូកូលខ្ពង់ខ្ពស់ ក្នុងអនាគតជាតិ៕
សូមបញ្ជាក់ថា អ្នកផ្តើមពិធីបុណ្យដ៏ធំនេះ ត្រូវបានគេស្គាល់ថា គឺលោកស្រីសៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍។ កម្មវិធីបុណ្យនេះត្រូវបានរៀបចំ ធ្វើឡើងនៅភូមិគ្រឹះ លោកស្រី សៀង ចាន់ហេង នាសង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមព្រះវត្តមាន វត្តមានសម្តេចសង្ឃ និងពុទ្ធបរិស័ទ្ធជាច្រើន អង្គ-នាក់៕





ប្រភព៖ Freshnews
loading...
0 comments:
Post a Comment