លោកស្រី Theresa May នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសនៅថ្ងៃអាទិត្យនេះ ថានឹងធ្វើសំណើទៅសភា ដើម្បីរៀបចំដំណើរការចាកចេញពីអឺរ៉ុប។ នៅក្នុងបទសម្ភាសន៍ជាមួយនឹងទូរទស្សន៍ BBC លោកស្រីប្រមុខរដ្ឋាភិបាលបានបង្ហើបឱ្យដឹងថា រដ្ឋាភិបាលអង់គ្លេស មានកាលវិភាគចង់ផ្តើមការចរចា ចាប់ពីចុងខែមីនា ២០១៧។
លោកស្រីនាយករដ្ឋមន្ត្រី នឹងស្នើសុំទៅកាន់សភាអង់គ្លេស នូវច្បាប់ថ្មី ដើម្បីរំលាយច្បាប់ចាស់ ចែងពីសមាជិកភាពរបស់អង់គ្លេស នៅក្នុងសហភាពអឺរ៉ុប នៅរវាងខែមេសា ឬឧសភា ឆ្នាំ២០១៧តែម្តង។ “នេះគឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់បញ្ជាក់ថា អង់គ្លេសជាប្រទេសមានបូរណភាព និងឯករាជ្យ ជាថ្មី មានន័យថា អាជ្ញាធរអឺរ៉ុបគ្មានអំណាចលើអង់គ្លេសទៀតទេ”។ ប៉ុន្តែច្បាប់ថ្មីនេះ នឹងចូលជាធរមាន នៅពេលណាដែលអង់គ្លេស បានចរចាចប់សព្វគ្រប់ និងដើរចេញផុតពីសហភាពអឺរ៉ុបតែប៉ុណ្ណោះ។ នេះបើតាមប្រសាសន៍របស់លោកស្រី Theresa May។ថ្វីបើលោកស្រីបានបង្ហើបអំពីកាលវិភាគរបស់រដ្ឋាភិបាលអង់គ្លេសមែន ប៉ុន្តែលោកស្រី មេ នៅតែមិនទាន់កំណត់ជាផ្លូវការ កាលបរិច្ឆេទច្បាស់លាស់ នៃចាប់ផ្តើមចរចាលែងលះជាមួយប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង២៧ទេ។
បើតាមកាសែត Sunday Times លោកស្រីនាយករដ្ឋមន្ត្រីទំនងជាដាក់ឱ្យដំណើរការ មាត្រ៥០នៃសន្ធិសញ្ញាលីនស្បូន ស្តីពីការចរចាដើរចេញពីសហភាពអឺរ៉ុប ឱ្យបានមុនការបោះឆ្នោតសភាអង់គ្លេស នៅខែកញ្ញា ឆ្នាំ២០១៧។ ពោលគឺចាប់ពីចុងខែមីនា ២០១៧ទៅ បើតាមប្រភពBBC។
ជាមួយនឹងសេចក្តីប្រកាសនេះ លោកស្រីនាយករដ្ឋមន្ត្រីដែលត្រូវចូលរួមក្នុងសម័យប្រជុំសភានៅពេលរសៀល ហាក់ដូចជាចង់ផ្តល់ក្តីសង្ឃឹមដល់សកម្មជនក្នុងរដ្ឋាភិបាល និងអឺរ៉ុបដែលទន្ទឹងរង់ចាំខ្លាំង ថានឹងមានBrexit ក្នុងពេលឆាប់ៗនេះ។ លោកស្រីនាយករដ្ឋមន្ត្រីបានសន្យាថា ដំណើរចាកចេញពីអឺរ៉ុប នឹងប្រព្រឹត្តដោយសម្រួល បន្តិចម្តងៗ ហើយក្នុងអំឡុងពេលនោះសភាអង់គ្លេសត្រូវសម្រេចអនុម័តថា តើច្បាប់អឺរ៉ុបណាខ្លះដែលបន្តមានសុពលភាព ក្នុងប្រទេស។ ក្នុងន័យធានាអះអាង ថានឹងស្វែងរកកិច្ចព្រមព្រៀងដែលប្រសើរបំផុតជាមួយសហភាពអឺរ៉ុប លោកស្រី មេ បានអះអាងថារដ្ឋាភិបាលអង់គ្លេសនឹងប្រឹងគោរពតាមឆន្ទៈប្រជាពលរដ្ឋ ក្នុងការគ្រប់គ្រងវិបត្តិអន្តោប្រវេសន៍៕
ប្រភព៖ វិទ្យុបារ៉ាំង
loading...
0 comments:
Post a Comment