បណ្តាំ​3​ថ្ងៃមុន​ស្លាប់​កុំ​បូជា​ឬ​បញ្ចុះ​ចាំ​7​ថ្ងៃ​រស់​វិញ ថ្ងៃ​ទី​5​មានរឿង​ចម្លែក​កើត​លើ​ថ្ងាស​របស់​សព

loading...
ខេត្តស្វាយរៀង ៖ រឿង​ចម្លែក​មួយ​បាន​ធ្វើ​ឱ្យ​អ្នក​ភូមិ​ជង្រុក ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប ភ្ញាក់ផ្អើល​គ្រប់​គ្នា ដោយសារ​តែ​បុរស​ម្នាក់​បានដឹង​ខ្លួន​មុន​ថា​នឹង​ស្លាប់ ដោយ​បាន​និយាយ​ប្រាប់​ប្រពន្ធ​៣​ថ្ងៃមុន​ស្លាប់​ថា « ពេល​ដែល​ខ្ញុំ​ស្លាប់​កុំ​យក​សព​ខ្ញុំ​ទៅ​បូជា ឬ​បញ្ចុះ​ឲ្យ​សោះ បើ​សព​នៅ​ធម្មតា មិន​រឹង មិន​ហើម ឬ​មិន​ស្អុយ រង់ចាំ​ឱ្យ​គ្រប់​៧​ថ្ងៃ ព្រលឹង​ខ្ញុំ​នឹង​វិល​មក​ចូល​រូបរាង​កាយ​វិញ​ហើយ » ។
បណ្ដាំ​បាន​បី​ថ្ងៃ​ក្រោយមក គាត់​ក៏​បាន​ស្លាប់​មែន នៅ​ថ្ងៃ​ទី​០៦ តុលា ប្រពន្ធ​មិន​ព្រមយក​សព​ប្តី​ទៅ​បូជា​ឬ​បញ្ចុះ​ឡើយ ដោយ​គោរព​តាម​បណ្ដាំ ។ រហូត​មក​ដល់​ថ្ងៃ​ទី​ប្រាំ ត្រូវ​នឹង​ថ្ងៃ​សុក្រ​ទី​៧ តុលា ២០១៦​នេះ ស្រាប់តែ​កើតរឿង​ចម្លែក​បែកញើស​នៅ​លើ​ថ្ងាស់​នៃ​សព​បុរស​ខាងលើ ហើយ​មាន​ផុស​ជា​អក្សរ​នៅ​លើ​ថ្ងាស់​ទៀត មុន​ដំបូង​ស្មានថា ជា​អក្សរ ដែល​ចារ​ពេល​នៅ​រស់ តែ​ក្រោយមក​អក្សរ​ដែល​ផុស​នោះ ជា​ពាក្យ​បាលី​ថា «​ពុទ្ធា​យៈ​» ពេល​មាន​មនុស្ស​ផ្សេង​ទៀត​ទៅ​ឱន​មើល ក៏​បាត់​អក្សរ ពុទ្ធា​យៈ បែរជា​ឃើញ​ពាក្យ​ថា «​បំណន់​» ពេល​មាន​មនុស្ស​មើល​ច្រើន ស្រាប់តែ​រលប់​ពាក្យ បំណន់ ឃើញ​តែ​តួអក្សរ បី​តួ គឺ អក្សរ (​ប​. ណ​. ប​.) ទៅ​វិញ ធ្វើ​ឲ្យ​អ្នក​ភូមិ​កាន់តែ​ងើយ​ឆ្ងល់ និង​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ចាស់ទុំ​ក៏​បាន​អញ្ជើញ​យាយជី តាជី មក​រៀបចំ​សិក្ខារ​បូជា​ថ្វាយ និង​បែ​បន់ បារមី វត្ថុ​សក្តិ​សិទ្ធ​ជួយ​ថែរក្សា ដើម្បី​បញ្ជូន​ព្រលឹង​វិញ្ញាណ​ប្រាស់​ឋាន ឲ្យ​មក​ចូល​រូ​បរាង្គ​កាយ​វិញ តាម​បណ្តាំ​របស់​ប្តី​ដែល​ផ្តាំ​ប្រពន្ធ​ថា «​ព្រះ​អង្គ​ដក​យក​ព្រលឹង​ឲ្យ​ទៅ​រៀន​០៧​ថ្ងៃ​ឲ្យ​ប្រ​លឹ​ង​មក​ចូល​រូប​វិញ​»​។
សូម​បញ្ជាក់​ថា ហេតុការណ៍​ចម្លែក​នេះ បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​នាំ​គ្នា​ទៅ​ចោមរោម​មើល​សាកសព និង​រង់ចាំ​មើល ថា​តើ​បុរស​ខាងលើ ដែល​ស្លាប់​ទៅ​ហើយ​នោះ អាច​រស់​ឡើង​វិញ​មែនដែរ​ឬទេ ?
បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ឡាយ សុធី អាយុ​៥៣​ឆ្នាំ បាន​រួមរស់​ជាមួយ​ប្តី​រយះ​ពេល​៦​ឆ្នាំ​ហើយ ចាប់តាំងពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៦ នេះ ហើយ​នៅ​មុន​ថ្ងៃ​ដែល​ប្តី​របស់​គាត់​ស្លាប់​៣​ថ្ងៃ បាន​និយាយ​ប្រាប់​គាត់​ជា​ប្រពន្ធ​ថា ពេល​គាត់​ស្លាប់​សូមកុំ​យក​សព​របស់​គាត់​ទៅ​បញ្ចុះ​ឬ​បូជា ពីព្រោះ​រូប​គាត់​(​ជា​ប្តី​) ត្រូវ​ព្រះ​អង្គ​យក​ព្រលឹង​ទៅ​រយៈពេល​៧​ថ្ងៃ ទើប​ព្រលឹង​របស់​គាត់​វិល​មក​ចូល​រូបរាង​កាយ​វិញ ។
ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ប្តី​របស់​គាត់​បាន​ស្លាប់​នៅ​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​៣ តុលា ដែល​រហូត​មក​ដល់​ថ្ងៃ​ទី​៦ តុលា គឺ​ស្លាប់​បាន​៣​យប់​៤​ថ្ងៃ​ហើយ រូប​គាត់​នឹង​សង្ឃឹមថា ប្តី​របស់​គាត់​នឹង​រស់​ឡើង​វិញ ។
ដោយឡែក​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​នៃ​សព​បាន​ឲ្យ​ដឹងផង​ដែរ​ថា នា​ពេល​កន្លង​មក​អ្នក​ដែល​ស្លាប់​នេះ ធ្លាប់​បាន​ទៅ​បួស​រៀន​មន្តអាគម​គាថា នៅ​ភ្នំ​គូលែន ខេត្តសៀមរាប ជាមួយ​អ្នក​សច្ចំ ហើយ​ការ​ស្លាប់​នេះ អាច​បណ្តាល​មក​ពី​ខុស​គ្រូបាធ្យាយ ។
តាម​ប្រភព​ថា ពេល​នេះ​គ្រូធំ​នៅ​ឯ​ភ្នំ​គូលែន​នោះ តែងតែ​ទូរស័ព្ទ​មក​ប្រាប់​ក្រុម​គ្រួសារ​នៃ​សព​ថា កុំ​អាល​បូជា​ឬ​បញ្ចុះសព​អី រង់ចាំ​៧​ថ្ងៃក្រោយ ព្រលឹង​នឹង​វិល​ចូល​រូបរាង​កាយ​វិញ​ហើយ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ រឿង​នេះ​ជា​រឿង​អ​បី​យ​ជំនឿ​សុទ្ធសាធ ហើយ​រឿង​ចម្លែក​នេះ គឺ​បាន​ត្រឹម​រង់ចាំ​មើល​ទាំងអស់​គ្នា ថា​តើ​លទ្ធផល​ទៅ​ជា​យ៉ាងណា ? ម្នាក់​ៗ​នៅ​កំដរ​សព​រង់ចាំ​មើល ។
បើ​តាម​ក្រុម​គ្រួ​សារបាន​ឲ្យ​ដឹង​ទៀត​ថា មក​ដល់​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៦ តុលា សព​នៅ​មាន​សភាព​ទន់​ធម្មតា ដូច​ជា​មនុស្ស​ដេក​លក់ ពុំ​ទាន់​ប្រែប្រួល​រឹង ឬ​ហើម​នោះ​ឡើយ ។ រីឯ​ចាស់ទុំ​ខ្លះ​និយាយ​ថា អ្នក​ស្លាប់​ទំនងជា​មិន​ទាន់​ស្លាប់​ទេ គឺ​គ្រាន់តែ​ភ្លឹក​ប៉ុណ្ណោះ បើ​ស្លាប់​អាច​ហើម​ហើយ ។ ម្យ៉ាង​អ្នក​ស្លាប់​ពុំ​មាន​ជម្ងឺ​អ្វី​ទេ មុន​ពេល​ស្លាប់​គឺ​ចូល​ដេក​ជា​ធម្មតា ហើយ​ក៏​ស្រាប់តែ​លែង​ដកដង្ហើម​តែ​ម្តង ទើប​ស្ត្រី​ជា​ប្រពន្ធ​គិត​ថា ប្តី​មិន​ទាន់​ស្លាប់ និង​មិន​ព្រមយក​សព​ប្តី​ទៅ​បូជា ឬ​បញ្ចុះ​ដោយ​រង់ចាំ​៧​ថ្ងៃ​តាម​បណ្តាំ​ប្តី ថា​ព្រលឹង​និង​វិល​មក​ចូល​រូបរាង​កាយ​វិញ ។ ក៏​ប៉ុន្តែ​ក្រុម​គ្រួសារ ក៏​បាន​អញ្ជើញ​លោកតា​អាចារ្យ​មក​សូត្រ​មន្ត​រាល់ថ្ងៃ និង​និមន្ត​ព្រះសង្ឃ​មក​សូត្រ​មន្ត​ធ្វើបុណ្យ និង​ដោត​ទង់​ស (​ទង់ក្រពើ​) បង្ហាញ​ថា មនុស្ស​ស្លាប់ ក៏​ប៉ុន្តែ​មិន​ព្រម​ឲ្យ​យក​សព​ទៅ​បូជា​ឬ​បញ្ចុះ​ទេ ដោយនៅ​ទ្រាំ​កំដរ​រង់ចាំ​៧​ថ្ងៃ​សិន ដើម្បី​តាមដាន​សភាព​សព​តើ​ប្រែប្រួល រឹង​ហើម ឬ​យ៉ាងណា ?
នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ការ​រក្សា​ទុក​សព​អ្នក​ស្លាប់​បែប​នេះ តែង​កើត​មាន​ជា​រឿយ​ៗ ដែល​ពេល​ខ្លះ​ហែ​ដល់​ប៉ាឆា ក៏​ហែ​មក​ផ្ទះ​វិញ ទីបំផុត​ខ្លះ​រហូត​មាន​ដង្កូវ​វា​ចេញពី​រន្ធ​ច្រមុះ ទើប​អស់ចិត្ត​ថា​ស្លាប់ ក៏​នាំ​ទៅ​បូជា ។
ក្នុង​លោក​នេះ​អ្នក​ស្លាប់ គឺ​ស្លាប់​ហើយ មិន​អាច​រស់​វិញ​នោះ​ទេ ប៉ុន្តែ​ចាំ​មើល​ឱ្យ​អស់ចិត្ត​សិន ។ ទោះជា​យ៉ាងណា​ក៏​ដោយ កោះសន្តិភាព​នៅ​តាមដាន​បន្ត​នឹង​ចុះ​ផ្សាយ​នៅ​លេខ​ក្រោយ​ទៀត ៕
 
ប្រភព៖​ កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment