រាជធានីភ្នំពេញ ៖ កម្មវិធី «Khmer Super Model» បង្កើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលមានផលិតករជា ជនជាតិថៃ បានផ្សាយនៅម៉ោង៩យប់រាល់រាត្រីថ្ងៃព្រហស្បតិ៍ តាមកញ្ចក់ទូរទស្សន៍ក្នុងស្រុកមួយ ក្នុងនោះគេសង្កេតឃើញថា កម្មវិធីមួយនេះស្រដៀងនឹងកម្មវិធីមួយរបស់ថៃឈ្មោះថា «The Face Thailand» ដែរ ។ ចំណុចនេះហើយដែលធ្វើអោយមហាជនក្នុងស្រុករិះគន់ខ្លាំង ក្នុងពេលដែលអ្នកនាង ចន ច័ន្ទលក្ខិណា បង្ហោះរូបភាពតាមហ្វេសប៊ុកមួយចំនួនអំឡុងពេលនាងកំពុងបង្ហាត់បេ ក្ខនារីចូលរួមប្រឡងប្រជែង ។
មានអ្នកខ្លះវាយប្រហារខ្លាំងទៅលើផលិតករ រួមទាំងអ្នកនាងចន ច័ន្ទលក្ខិណា ថា «ពេលងើបពីសង្គ្រាមថាស្រុកយើងវាក្រ យើងចម្លងគេ ឥឡូវស្រុករីកចម្រើនហើយ នៅតែចម្លងគេទៀត ហេតុអ្វីមិនមានគំនិតអ្វីដែលជារបស់ខ្លួនឯង» ។ ប្រិយមិត្តខ្លះនិយាយថា «គាត់ខំណាស់ ខំបកប្រែ ខំទន្ទេញ ល្មមបានប៉ុណ្ណឹង អស់អីនិយាយតែម្តង!» ។
ជាមួយគ្នានេះដែរបណ្តាសារព័ត៌មានថៃ ក៏ដូចនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានប្រជាជនថៃជាច្រើន ធ្វើការរិះគន់ និងប្រតិកម្មថា កម្មវិធី Khmer Super Model ខ្មែរមួយនេះ បានលួចចម្លងពីកម្មវិធី The Face Thailand របស់ថៃពួកគេ ។ គេហទំព័រ និងហ្វេសប៊ុកសង្គមថៃខ្លះបានភ្ជាប់រូបភាពសម្តែងតារាម៉ូដែល ខ្មែរនិងតារារបស់ថៃ ដោយកាត់តផ្គូផ្គងរូបជាច្រើនសន្លឹក មើលទៅហាក់ដូចៗគ្នា ភ្ជាប់ជាមួយពាក្យចំអកឡកឡាយបង្ហាញក្នុងន័យបន្ទោសបង្អាប់ដល់ខ្មែរ យ៉ាងខ្លាំង ។
កាន់តែធ្ងន់ធ្ងរថែមទៀតនោះក្នុងចំណោមអ្នករិះគន់មានអ្នក ប្រើប្រាស់បណ្ដាញសង្គមថៃមួយចំនួនបានសរសេរចំៗថា ៖ Khmer Super Model ថោកទាបណាស់ អត់ចេះបង្កើតខ្លួនឯងទេអី? ចាំតែលួចចម្លងរបស់គេ? បើចាំតែលួច ម្តេចមិនព្រមទិញកម្មសិទ្ធិបញ្ញាគេទៅ និងជាជនជាតិចោរ ជាដើម ។ល។
សូមបញ្ជាក់ថាកម្មវិធី «Khmer Super Model» មានអ្នកគ្រប់គ្រងកម្មវិធី និងមានផលិតករ ជាជនជាតិថៃផងដែរ ដែលមានតារាសម្តែងខ្មែរចំនួន៣ដួង ធ្វើជាគ្រូបង្វឹក ក្នុងកម្មវិធីនោះ រួមមាន ៖ អ្នកនាង ចន ច័ន្ទលក្ខិណា កញ្ញា មាន សូនីតា និងកញ្ញា នូ ទឹមស្រីនៀត ។
បន្ទាប់ពីរងការរិះគន់ពីទស្សនិកជនទៅលើកម្មវិធី «Khmer Super Model» ដែលចម្លងពីថៃ រួចមក អ្នកនាងចន ច័ន្ទលក្ខិណា ជាគ្រូបង្ហាត់ កម្មវិធីនោះដែរបានចាត់ទុកការរិះគន់នោះមិនត្រឹមត្រូវ ខណៈពេលនាងត្រឹមជាគ្រូបង្ហាត់ និងធ្វើអ្វីតាមអ្នកដឹកនាំកម្មវិធីតែប៉ុណ្ណោះ ។
គួររម្លឹកឡើងវិញថា អ្នកនាងចន ច័ន្ទលក្ខិណា ធ្លាប់ឆ្លើយតបចំពោះការរិះគន់នោះ កាលពីចុងខែតុលា អ្នកនាងបានសរសេរសារបង្ហោះតាមហ្វេសប៊ុក កន្លងមកថា «មួយរយៈនេះរវល់បន្តិចអត់បានឆ្លើយឆ្លងជាមួយបងប្អូន ហើយក៏ធុញនឹងព័ត៌មានមួយចំនួនដែលកេងចំណេញលើការផុស status របស់ខ្ញុំ ដោយយកទៅភ្ជាប់សាច់រឿងនឹងអ្នកផ្សេង ហើយបង្កើតជាសាច់រឿងវែងឆ្ងាយ ។ ខ្ញុំអត់ចង់ល្បីទេ ខ្ញុំចាស់ហើយខ្ញុំឃើញព័ត៌មាននេះប៉ុន្មានថ្ងៃ ហើយៗក៏មានអ្នកផ្ញើការរិះគន់របស់ទស្សនិកជនចំពោះខ្ញុំឱ្យខ្ញុំ មើលដែរ ។ អរគុណចំពោះការរិះគន់ចំពោះខ្ញុំ តែខ្ញុំត្រឹមតែជាគ្រូបង្វឹកដែលគេអញ្ជើញឱ្យធ្វើជា Mentor (អ្នកណែនាំ) មិនមែនជាអ្នកផលិតកម្មវិធី មិនមែនជាអ្នកដឹកនាំកម្មវិធី ហើយក៏មិនមែនជាគណៈកម្មការដែរ ។ បើរិះគន់កម្មវិធី គឺខ្ញុំមិនខឹង និងរើសយកដាក់ខ្លួនទេ តួនាទីរបស់ខ្ញុំគឺបង្ហាត់កូនក្រុមរបស់ខ្ញុំឱ្យល្អតាមវិញ្ញាសា នីមួយៗដែលអ្នកដឹកនាំគេតម្រូវ។ បើរិះគន់ខ្ញុំបង្ហាត់កូនក្រុមមិនបានល្អគឺខ្ញុំទទួល ព្រោះសមត្ថភាពខ្ញុំគឺមានតែប៉ុណ្ណឹង» ៕
loading...
0 comments:
Post a Comment