សុគន្ធ​កញ្ញា និង​ សុវណ្ណរាជ ​គេកាន់​តែ​ផ្គូផ្គង​ កាន់តែ​ស្និទ្ធ​

loading...
ភ្នំពេញៈ​ នាមួយ​រយៈពេល​ចុងក្រោយ​នេះ សង្កេត​ឃើញថា​ តារា​ចម្រៀង​ប្រុសស្រី​លំដាប់​កំពូល​ទាំងពីរ​ដួង​របស់​ផលិតកម្ម​ហង្សមាស ​គឺលោក ឆន សុវណ្ណរាជ និងកញ្ញា ឱក សុគន្ធ​កញ្ញា ​​ឧស្សាហ៍​បង្ហោះ​រូបថត​បែប​សិ្នទ្ធស្នាល​ឲ្យស្មើ​ដៃគ្នា​តែម្តង ទាំងនៅ​តាមទំព័រ​សង្គម​ហ្វេសប៊ុក និង​អ៊ីនស្តាក្រាម​​ រហូតដល់​បង្កជា​រលក​ព័ត៌មាន​ពាក្យចចាម​អារ៉ាម ឡើង​ផ្អើលពេញ​បណ្តាញ​សង្គម និងបង្កើត​ជាការ​ចេញ​មតិខ្វែង​គំនិតគ្នា​ពីមហាជន​ទៀត។
ការ​ឧស្សាហ៍​ផុសនូវ​ភាព​ស្និទ្ធស្នាល​របស់​តារា​ទាំងពីរ​ដួង​ ដែល​សុទ្ធតែ​ជាតារា​ចម្រៀង​ល្បី​ និង​គណៈកម្មការ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក ​Cambodian Idol និងជា​គ្រូបង្វឹក​នៃកម្មវិធី The Voice Cambodia ត្រូវបាន​មតិមហាជន​ខ្លះ​ព្រលយ​ពាក្យ​បែប​ផ្សំផ្គុំ​អ្នក​ទាំងពីរ​ថា៖​ «អីយ៉ា!​អ្នកទាំងពីរ​ពិតជា​ស័ក្តិ​សមធ្វើ​ជាគូស្នេហ៍​នឹងគ្នា​មែន» ខណៈ​បានឃើញ​រូបថត​បណ្តើរ​គ្នាត្រសង​ចូលរួម​នៅក្នុង​កម្មវិធី​សង្គម​ក្រៅពិភព ​សិល្បៈ​នានា​ដូចជា​ពិធី​ជប់លៀង ឬមង្គលការ​ជាដើម ហើយ​តែងតែ​ថតរូប​បែប​សែលហ្វី​បង្ហោះ​ភ្លាម​ក៏ដូចជា​ការប្រើ​ពាក្យពេចន៍​ហៅ គ្នា​ទៅវិញ​មកប្លែកៗ​ផងដែរ។​
ខ្លះទៀត​បាន​បញ្ចេញមតិ​បែប​ហាក់​ដូចជា ​បានដឹង​ច្បាស់​ពី​សម័្ពន្ធភាព ​រវាង​តារា​ចម្រៀង ដែលបាន​រះនៅ​លើទ្រនំ​ផលិតកម្ម​ហង្សមាស​ដុះស្លែ​ដូចគ្នា​នោះ ដើម្បី​បន្សាប​នូវ​ចម្ងល់​មន្ទិល​សង្ស័យ​ថា ជា​ទំនាក់​ទំនង​ស្នេហា​ ដោយ​គ្រាន់តែ​ធ្វើការ​សន្និដ្ឋាន​តាមរយៈ​រូបថត​បែប​ស្និទ្ធស្នាល​តែប៉ុន្មាន ​សន្លឹក​ភ្លាមៗ​ថា៖ «កុំច្រឡំអី!​​ តាម​ពិត​អ្នក​ទាំងពីរ មិនត្រឹម​តែ​មានភាព​ស្និទ្ធស្នាល​នឹងគ្នា​ដូចគូស្នេហ៍​ តែនៅ​ក្រៅ​ពិភព​សិល្បៈ​ប៉ុណ្ណោះ​ទេ ថែម​ទាំងឃើញ​មាន នៅក្នុង​កម្មវិធី​ប្រគំ​តន្រ្តី​នានាដែរ ព្រោះតែ​ពួកគាត់​គឺជា​ដៃគូ​ចម្រៀង​ឆ្លើយឆ្លង​ដ៏​ស័ក្តិសម និង​ទទួល​បាន​ការគាំទ្រ​ពីមហាជន​ខ្លាំង»។​
ចំណែកឯ​អ្នកគាំទ្រ​ខ្លះវិញ​បាន​បញ្ចេញមតិ​បែប​សម្រប​សម្រួល​​ ទៅ​លើការ​ខ្វែង​គំនិត​ទាំងពីរ​ខាង​លើថា៖ «រឿង​បែបនេះ​យ៉ាង​ណា គឺមាន​តែសាមី​ខ្លួនជា​តារា​ចម្រៀង​ទាំងពីរ​គឺលោក ឆន សុវណ្ណរាជ​ និង​កញ្ញា ឱក សុគន្ធ​កញ្ញា ទេ ដែល​អាចបក​ស្រាយ​ចម្ងល់​មហាជន​បាន»។
យ៉ាងណា ​ការ​ស្រាយ​ចម្ងល់ពី​សម្ព័ន្ធភាព​សិ្នទ្ធស្នាល​រវាង​តារា​ចម្រៀង​ប្រុស​លោក ឆន សុវណ្ណ​រាជ និង​កញ្ញា ឱក សុគន្ធ​កញ្ញា​ ក៏ស្ថិត​នៅក្នុង​ភាព​មន្ទិល​សង្ស័យ​ដដែល ភ្នំពេញ​ប៉ុស្តិ៍​ មិនបាន​ទទួល​ការបក​ស្រាយ​​ឡើយ ដោយសារ​ការ​ព្យាយាម​ទំនាក់​ទំនង​ពីរថ្ងៃ​ ជាប់គ្នា​តាមទូរស័ព្ទ​ច្រើន​លើក​គ្មាន​អ្នក​ទទួល ​ហើយ​ពេលត្រូវ​បាន​លោក ឆន សុវណ្ណរាជ លើក​ទូរស័ព្ទ​ហើយនោះ​ ​លោក​គ្រាន់តែ​បានតប​យ៉ាងខ្លី​ថា៖ «សុំទោស​បង! ខ្ញុំជាប់​រវល់ថត​នៅតាម​ខេត្ត​ មិនអាច​មានពេល​សម្រាប់​ការឆ្លើយតប​បានទេ។ ចាំពេល​ក្រោយ​ ខ្ញុំ​នឹង​ទាក់ទង​ទៅខាង​បងវិញ» បន្ទាប់​ពីបាន​ឮថា ខាង​សារព័ត៌មាន​ទូរស័ព្ទ​ទៅរក​លោក​នោះ៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment