តាមប្រភពពីកម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកពួកបានឲ្យដឹងថា រថយន្ត និងម៉ូតូបើកស្របទិសគ្នាពីកើតទៅលិច ដល់ចំណុចកើតហេតុ រថយន្តបានបន្ថយល្បឿនពីព្រោះមានអ្នកជិះកង់នៅពីមុខ តែដោយសារអ្នកបើកបរម៉ូតូបើកលឿនពេកទើបបុករថយន្តពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ និងអ្នករួមដំណើររងរបួសធ្ងន់ ហើយបានបញ្ជូនទៅជួយសង្គ្រោះភ្លាមៗផងដែរ។
ប្រភពដដែលបានបន្តថា រថយន្តដែលត្រូវម៉ូតូបុកម៉ាក LEXUS RX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2G:4175 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានបង្កើនល្បឿនបើករត់គេចខ្លួន តែត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក និងកម្លាំងប្រជាការពារស្រុក ដេញតាមពីក្រោយរហូតដល់ចំណុចខាងកើតវត្តធិបតី ស្ថិតនៅឃុំត្រីញ័រ អ្នកបើកបរបានទុករថយន្តចោលចុះរត់គេចខ្លួនបាត់។
ម៉ូតូជនរងគ្រោះបើកបុករថយន្តម៉ាក ZOOMER X បិទពណ៌ចម្រុះ បើកបរដោយឈ្មោះ នី ឌី ភេទប្រុស អាយុ ២០ឆ្នាំ មានមុខរបរកម្មករសំណង់ រស់នៅភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប បានស្លាប់ និងអ្នករួមដំណើរម្នាក់ឈ្មោះ នី តូច ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់របួសធ្ងន់បាក់ជើងស្តាំ ជនរងគ្រោះទាំង ០២នាក់ត្រូវជាបងប្អូនរស់នៅភូមិឃុំជាមួយគ្នា។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ បន្ទាប់ពីសមត្ថកិច្ចនគរបាលជំនាញចុះត្រួតពិនិត្យវាស់វែង និងធ្វើកំណត់ហេតុរួច រីឯម៉ូតូ និងរថយន្តត្រូវសមត្ថកិច្ចនគរបាល យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕
loading...
0 comments:
Post a Comment