ប្រភពពីសមត្ថកិច្ចខណ្ឌច្បារអំពៅបានឲ្យដឹងថា បុរសឈ្មោះ ស៊ិន ម៉ុន អាយុ៥៨ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ ចំណែកស្ត្រីជាគូស្នេហ៍មានអាយុ៤៨ឆ្នាំ ជាអ្នកស៊ីឈ្នួលលាងចានឲ្យគេ ។ ទាំង២នាក់បានមានទំនាក់ទំនងជាសង្សារនឹងគ្នារយៈពេល២ឆ្នាំមកហើយ ។
សមត្ថកិច្ចឲ្យដឹងទៀតថា កាលពីរសៀលថ្ងៃទី១២ វិច្ឆិកា បុរសឈ្មោះ ស៊ិន ម៉ុន បានទូរស័ព្ទហៅស្រីស្នេហ៍មកជួបក្នុងការដ្ឋានដែលខ្លួនធ្វើការដោយ សន្យាថាឲ្យលុយ៥០ដុល្លារ ហើយប្រាប់ថាស្លៀករ៉ូបមក ប៉ុន្តែស្រីស្នេហ៍បែរជាស្លៀកខោមកវិញ ធ្វើបុរសរូបនោះខឹង ហើយប្រាប់ថាឲ្យតែ២៥ដុល្លារវិញ ។ ពេលនោះស្ត្រីជាគូស្នេហ៍ប្រាប់ថា មិនយកទេ តែប្រុសស្នេហ៍ថា បើមិនយកក៏រួមរ័កដែរ ។
សមត្ថកិច្ចបន្តឲ្យដឹងទៀតថា បន្ទាប់ពីនិយាយមិនត្រូវគ្នាក៏កើតជាទំនាស់ពាក្យសំដីគ្នា រហូតដល់ប្រុសស្នេហ៍ខឹងវាយស្រីស្នេហ៍ឡើងប៉ោងមុខប៉ោងមាត់រហូត សន្លប់ស្តូកស្តឹងនៅក្នុងរោង រួចយកលុយរបស់ស្រីស្នេហ៍ទៅផឹកស៊ីធ្វើមិនដឹង ។ ចំណែកស្រីស្នេហ៍ដែលសន្លប់ស្តូកស្តឹងនៅក្នុងរោងត្រូវបានគេឃើញ និងដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចខណ្ឌច្បារអំពៅបញ្ជាក់ថា ក្រោយពេលកើតហេតុ ស្ត្រីជាគូស្នេហ៍បានដាក់ពាក្យប្តឹងប្រុសស្នេហ៍ដោយចោទប្រកាន់ពី ប្លន់ទ្រព្យសម្បត្តិ និងបង្ករបួសស្នាម ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនបាននៅយប់ថ្ងៃដដែល ខណៈបុរសរូបនោះកំពុងផឹកស៊ី ដើម្បីនាំមកធ្វើការសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់ ៕
loading...
0 comments:
Post a Comment