គណៈកម្មការរៀបចំបានអះអាងថា ក្រៅពីក្នុងន័យប្រកួតប្រជែង បេក្ខនារីទាំងអស់ក៏ជួយផ្សព្វផ្សាយវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាក្រោម ប្រធានបទ «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ» ផងដែរ។
លោក Tan Sri Datuk Danny OOi ប្រធានការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិប្រចាំឆ្នាំ២០១៦បានអះអាងថា ក្រុមការងារទាំងមូលបានសម្រេចជ្រើសយកប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺដោយសារតែកម្ពុជាជាប្រទេសដែលមានការរីកចំរើនមួយនិងមានវប្បធម៌ផូរផង់ ដែលក្រុមការងារចង់អោយបេក្ខនារីនៅទូទាំងពិភពលោកបានស្គាល់ពីប្រទេសកម្ពុជា។
ចំណុចពិសេសច្រើនទៀត រួមមានបញ្ហាសន្តិសុខល្អនិងភាពល្បីល្បាញនៃប្រាសាទអង្គរ ក៏ជាហេតុផលដែលធ្វើអោយគណៈកម្មការព្រឹត្តិការណ៍កញ្ញាឯកទេសចរណ៍អន្តរជាតិជ្រើស យកកម្ពុជាធ្វើជាកន្លែងប្រកួតផងដែរ។
លោកថាការប្រកួតបវរកញ្ញាទេសចរណ៍អន្តរជាតិបានចាប់កំណើតឡើងកាលពីឆ្នាំ២០០៧ នៅក្នុងទីក្រុងកូឡាំពួប្រទេសម៉ាឡេស៊ី ដោយក្នុងពេលនោះបេក្ខនារីតំណាងអោយប្រទេសរ៉ូម៉ានីជាអ្នកពាក់មកុដ ក្នុងចំណោម៤០ប្រទេស។
សម្រាប់ឆ្នាំ២០១៦នេះ លោកថាជាឆ្នាំទី១០របស់ព្រឹត្តិការណ៍បវរកញ្ញាទេសចរណ៍អន្តរជាតិ ដោយមានបេក្ខនារី៤១ប្រទេស រួមទាំងកម្ពុជាចូលប្រកួត។
លោកថាបេក្ខនារីទាំងអស់ត្រូវបានអញ្ចើញអោយមកកម្ពុជាកាលពីថ្ងៃទី៦ វិច្ឆិកា នឹងគ្រោងបញ្ចប់បេសកកម្មទាំងស្រុងនៅថ្ងៃទី២០ វិច្ឆិកាខាងមុខ ក្រោយស្វែងរកម្ចាស់មកុដ។
បេក្ខនារីទំាំង៤១ប្រទេស នឹងត្រូវកំណត់អោយធ្វើដំណើរទៅកាន់ទឹកដីខេត្តសៀមរាប ទៅទស្សនាព្រះបរមរាជវាំង សារមន្ទីរជាតិ និងវិមានឯករាជ្យជាដើម ដើម្បីផ្សព្វផ្សាយទេសចរណ៍ក្នុងក្នុងប្រទេសកម្ពុជា ដើម្បីជំរុញប្រធានបទ «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ» អោយកាន់តែមានការចាប់អារម្មណ៍។
វត្តមានព្រឹត្តិការណ៍នេះ លោកថាប្រទេសជាម្ចាស់ផ្ទះរមែងទទួលបានការចាប់អារម្មណ៍ច្រើនឡើងនូវវិស័យវប្បធម៌ និងទេសចរណ៍ក្នុងក្រសែភ្នែកអន្តរជាតិ។ ក្នុងនោះការផ្សព្វផ្សាយពីសកម្មភាពបេក្ខនារីទាំងអស់នៅលើផេក លើវេបសាយ និងតាមកញ្ចក់ទូរទស្សន៍អន្តរជាតិជាដៃគូរបស់គណៈកម្មការ ក៏នឹងជួយអោយកម្ពុជាទទួលបានការចាប់អារម្មណ៍ទ្វេរដងផងដែរ។
លោក Tan Sri Datuk Danny OOi បន្តថា ការប្រកួតមិនមែនសំដៅតែសម្រស់និងទេពកោសល្យសិល្បៈនោះទេ ប៉ុន្តែការយល់ដឹងពីវប្បធម៌របស់ប្រទេសម្ចាស់ផ្ទះនិងការចែករំលែកគំនិត ច្នៃប្រឌិតជាប្រយោជន៍ដល់ពិភពលោក ក៏ជាវិញ្ញាសារសំខាន់ក្នុងការប្រកួតប្រជែង។
អ៊ីចឹងហើយទើបលោកយល់ថាវត្តមានរបស់បេក្ខនារីទាំង៤០នាក់ដែលធ្វើដំណើរមកពី ពិភពលោក នឹងជំរុញអោយវិស័យទេសចរណ៍នៅក្នុងកម្ពុជាកាន់តែមានភាពទាក់ទាញ។
លោកថាប្រទេសមួយដែលត្រូវបានជ្រើសជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិ គឺបង្ហាញយ៉ាងច្បាស់ថាប្រទេសនោះ ក្រៅពីមានសន្ដិភាពនិងការរីកចំរើន ក៏បង្ហាញថាប្រទេសនោះមានវិស័យទេសចរណ៍រីកចំរើនផងដែរ ទើបលោកចាត់ទុកថាវត្តមានរបស់បវរកញ្ញាទាំង៤០រូប ក៏មិនខុសពីការផ្សព្វផ្សាយពីកម្ពុជាសំខាន់មួយ ទៅកាន់ពិភពលោក។
ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្តលោកថានឹងត្រូវធ្វើឡើងនៅសណ្ឋាគារណាហ្គាវើលនៅ ថ្ងៃទី១៨ វិច្ឆិកា ដោយក្រៅពីមានការផ្សាយផ្ទាល់នៅទូរទស្សន៍ក្នុងស្រុក ក៏មានទូរទស្សន៍ក្រៅស្រុកជាដៃគូបន្តផ្ទាល់។
លោកបានសរសើរថា បេក្ខនារីតំណាងអោយប្រទេសកម្ពុជាមានទម្រង់មុខស្រស់ស្អាត ប៉ុន្តែលោកមិនហ៊ានប៉ាន់ស្មានចំពោះលទ្ធផលរបស់នាងនោះទេ ខណៈដែលលោកបានត្រឹមបញ្ជាក់ថាបេក្ខនារីតំណាងអោយទំាង៤១ប្រទេសសុទ្ធតែមានឱកាស ដណ្ដើមយកមកុដ។
គួរបញ្ជាក់ថាបេក្ខនារី ហង្ស ម៉ារីតា កម្ពស់១,៦៤ម៉ែត្រ គឺជាតំណាងអោយកម្ពុជាសម្រាប់ចូលប្រកួតក្នុងព្រឹត្តិការណ៍នេះ។
នាងបានគ្រងឈុតព្រះនាងអប្សរាជាសំលៀកបំពាក់ប្រពៃណី ដោយរំពឹងថាឈុតនេះក៏នឹងជាប់ជាឈុតលេចធ្លោមួយសម្រាប់ឈុតប្រពៃណីតំណាងប្រទេសផងដែរ៕
បវរកញ្ញាទេសចរណ៍អន្តរជាតិទាំង៤១ប្រទេស
ប្រភព៖ VOD
loading...
0 comments:
Post a Comment