ពិធីបិទ​កីឡា​ជាតិ នឹង​បង្ហាញ​កាំរស្មី​រូបភាព​ដ៏ធំ​មិន​ធ្លាប់មាន

loading...
ភ្នំពេញៈ ការបង្ហាញ​កាំរស្មី​រូបភាព​តាម​ប្រភេទ​ កីឡា​ដ៏ធំ​មិនធ្លាប់​មាននៅ​កម្ពុជា នឹងត្រូវ​រៀបចំ​ឲ្យមាន​ឡើង ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​ជាតិ លើកទី១ ឆ្នាំ ២០១៦ នៅពហុ​កីឡដ្ឋាន​ជាតិ នាថ្ងៃ​សៅរ៍​ស្អែកនេះ ខណៈ​តារា​ចម្រៀង​ដ៏​ល្បីឈ្មោះ​លោក ខេមរៈ សិរីមន្ត ក្រុម​កំប្លែង​នាយ​ពែកមី និង​ក្រុម​ចម្រៀង Original Song ក៏នឹង​បង្ហាញ​វត្តមាន​ក្នុងពិធី ដែល​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ​ផងដែរ។
លោក វ៉ាត់ ចំរើន អគ្គ​លេខាធិ​ការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និងជា​អ្នកគ្រប់គ្រង​ម្នាក់ក្នុង​ពិធី​បិទការ​ប្រកួត​នេះ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា តាមការប៉ាន់​ប្រមាណ​គឺ​ពិធីបិទ​ការប្រកួត​កីឡាជាតិ លើកទី ១ នា​ថ្ងៃសៅរ៍​ខាង​មុខនេះ អាចមាន​អ្នក​ចូលរួម​ពី ៥ ទៅ ៦ ម៉ឺននាក់ ព្រោះ​ក្រៅពី​ការចូលរួម​របស់​តារា​ចម្រៀង ខេមរៈ សិរីមន្ត ក្រុម​កំប្លែង​នាយ​ពែកមី និង​ក្រុម​ចម្រៀង Original Song ពិធីបិទ​ការប្រកួត​នេះ នឹងមាន​ការបង្ហាញ​កាំរស្មី​រូបភាព​ដ៏​ធំបំផុត នៅលើ​ទីលាន​បាល់ទាត់។
លោក​បាន​បញ្ជាក់ថា៖ «គេនឹង​បង្ហាញ​កាំរស្មី Laser នៅលើ​ទីលាន​គ្រប់​ប្រភេទ​កីឡា​ទាំង ១៥ ដែល​ត្រូវដាក់​ឲ្យ​ប្រកួត​ក្នុង​កីឡា​ជាតិ លើកទី ១ នេះ គឺ​បាល់ទាត់​បាញ់​ចេញរូប​បាល់ទាត់ ប្រដាល់​ចេញរូប​ប្រដាល់ តេ​ក្វាន់ដូ​ចេញ​តេក្វាន់ដូ ល្បុក្កតោ​ចេញ​រូប​ល្បុក្កតោ ដែល​នេះជា​រូបភាព​ប្លែក​ជាងគេ និង​ទំនើប​បំផុត​ដោយ​យក​បច្ចេកវិទ្យា​ពីប្រទេស​ឥណ្ឌា»។
អ្នកជំនាញ​កីឡា​រូបនេះ​បាន​បន្តថា៖ «នៅ​ប្រទេស​មួយ​ចំនួន គេធ្លាប់​បង្ហាញ​កាំរស្មី​រូបភាព​នេះដែរ ប៉ុន្តែគេ​បង្ហាញ​តិចជាង​យើង គឺត្រឹម ១ នាទី​អីទេ តែយើង​លេង​ពី ៣ ទៅ ៤ នាទី​ឯណោះ ហើយ​យើង​ក៏មាន​សម្តែង​ភ្លើងពណ៌ និង​បាញ់​កាំជ្រួច​ផងដែរ រួមទាំង​មានការ​ប្រគុំតន្ត្រី​យក្ស​របស់​ក្រុម​ចម្រៀង Original Song ដើម្បី​ឲ្យ​អត្តពលិក​ដែល​ដណ្តើម​បាន​មេដាយ​រាំលេង​សប្បាយ គឺ​ក្នុងពេល​បិទ​ការប្រកួត​អូឡាំពិក ក៏គេ​ធ្វើបែប​នេះដែរ»។
យ៉ាងណា​ក៏ដោយ នៅក្នុង ពិធី​បិទ​ការប្រកួត​នេះ គ្មាន​ការសម្តែង​ក្បាច់គុន​របស់​ក្រុម​ទាហាន ក្រុម​ល្បុក្កតោ ការសម្តែង​លោត​ឆត្រយោង ចលនា​ស្រប​អប់រំ​កាយ និងកីឡា និង​សម្តែង​ទស្សនីយភាព​សិល្បៈ​វប្បធម៌ ដូចពេល​បើក​នោះទេ។ បើតាម​កម្មវិធី​បិទនេះ គឺក្រុម​កំប្លែង​នាយ​ពែកមី និង​ក្រុម​សិល្បៈ​អាណាចក្រ​តន្ត្រី នឹង​សម្តែងពី​ម៉ោង៤ ដល់​ម៉ោង៥ មុនពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកស្រី ប៊ុនរ៉ានី អញ្ជើញ​មកដល់ នៅ​ម៉ោង ៥:៣០។
បន្ទាប់មក​តារា​ចម្រៀង ខេមរៈ សិរីមន្ត នឹង​ច្រៀង ៣ បទ​គឺបទ​យុវជន​ក្នុង​ក្តីសង្ឃឹម, កីឡា​យើង​ជាតិ​យើង និង​បទបេះដូង​អ្នក​ប្រដាល់ ហើយ​ក្រោយមក​មានការ​ដង្ហែក្បូន​របស់​ក្រុម​កីឡា និង​ក្រុម​អ្នកស្ម័គ្រ​ចិត្ត ទស្សនា Video High Light ស្តីពី​ពិធី​បើក​កីឡា​ជាតិ មុនពេល​លោក ថោង ខុន ប្រធាន NOCC និង​លោក ហង់ ជួនណា​រ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំកាយ និងកីឡា ថ្លែង​សុន្ទរកថា និង​សុន្ទរកថា​បិទ​ការប្រកួត​កីឡាជាតិ​របស់​លោក ហ៊ុន សែន។
ក្រោយ​មកទៀត​សម្តែង​ភ្លើងពណ៌ និង​សម្តែង Laser ដ៏​អស្ចារ្យ រួច​ឈានដល់​ពិធីរាប់​ថយ​ក្រោយ​ពន្លត់​ភ្លើង​គប់ និង​បាញ់​កាំជ្រួច ហើយ​ចុងក្រោយ​ចម្រៀង​តន្ត្រី​សម័យ​ចម្រុះ​រយៈពេល ១ ម៉ោង​កន្លះ ដើម្បី​ឲ្យ​អត្តពលិក និង​អ្នក​ចូលរួម​ផ្សេងទៀត​រាំលេង​កម្សាន្ត​ជាមួយគ្នា មុនពេល​ពួកគេ​ត្រូវវិល​ទៅតាម​គេហដ្ឋាន​វិញ៕
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment