លោក ហ៊ុន សែន ថាបារាំង​ជា​អ្នក​នាំ​វៀត​ណាមចូល​ស្រុក​

loading...
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា វៀតណាមបានចូលមកនៅកម្ពុជាយូរមកហើយ ដោយសារតែបារាំងនាំមក ហើយលោកថា លោកជាអ្នករងនូវការតិះទៀននៃវត្តមានរបស់វៀតណាមក្នុងប្រទេសនេះ។
ក្នុងការបើកសម្ពោធការដ្ឋានសាងសង់ផ្លូវនៅក្នុងខេត្តត្បូងឃ្មុំនៅព្រឹក ថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា បញ្ហាវៀតណាមនៅកម្ពុជា គឺមានតាំងពីសម័យបារាំងនៅធ្វើអាណានិគមមកម្លេះ គឺដោយសារបារាំងជាអ្នកនាំមក។ លោកបន្ថែមទៀតថា វៀតណាមមាននៅក្នុងស្រុក ចំពោះអ្នកមិនទទួលស្គាល់ប្រវត្តិសាស្ត្រ គឺតែងតែបន្ទោសលោក។
លោកមានប្រសាសន៍ថា៖ «មកជេរៗតែខ្ញុំសោះតែហើយ! ត្រង់បារាំងកាលពីមុនយកវៀតណាមមកនៅ រឿងចាក់កៅស៊ូអី កម្មករកៅស៊ូស្អីៗនេះ កម្មករកៅស៊ូ៧០% គឺជាវៀតណាម។ ក៏ប៉ុន្តែដោយសារតែមិនទទួលស្គាល់ប្រវត្តិសាស្ត្រ គឺជេរតែអាអ្នកកើតក្រោយ។ រឿងវាអញ្ចេះ អាហ្នឹងប្រយ័ត្នបាប» ។
សាស្ត្រាចារ្យប្រវត្តិវិទ្យា លោក វង្ស សុធារ៉ា មានប្រសាសន៍ថា វៀតណាមពិតជាបានចូលមកក្នុងស្រុកខ្មែរទាំងមុននិងក្នុងសម័យអាណានិគមបារាំងមែន តាមរយៈជាកម្មករចម្ការកៅស៊ូ ជាអ្នកបកប្រែជាដើម តែលោកថារហូតមកដល់ពេលនេះ គឺមានរយៈពេលជាង៦០ឆ្នាំហើយ ដែលប្រធានបទជនជាតិវៀតណាមនេះនៅតែជាបញ្ហាដដែល។ លោកថាបញ្ហានៃការហូរចូលថ្មីៗនេះ គឺមិនមានអ្នកហ៊ានចេញមុខមកទទួលខុសត្រូវនោះទេ ហើយការហូរចូលនេះទៀតសោត ប្រសិនជាគ្មានការបើកដៃនោះទេគឺមិនអាចកើតមានឡើយ។
លោកមានប្រសាសន៍ថា៖ «ត្រង់កន្លែងហ្នឹង អាចថាមានមន្ត្រីពុករលួយឬក៏ចំណុចឆកល្វែងមួយចំនួនដែលធ្វើឲ្យជនជាតិវៀតណាមហូរ ចូលមកស្រុកខ្មែរយើងថ្មីៗទៀតនោះ ដោយខុសច្បាប់។ បើនិយាយទៅ មិនមានអ្នកទទួលខុសត្រូវទេ យើងមិនអាចដាក់បន្ទុកទៅអ្នកណាមួយ បើថាមកពីប្រជាជន ក៏កាន់តែពិបាក ពីព្រោះប្រជាជនមិនមែនជាអ្នកចេញលិខិតឲ្យអ្នកទាំងអស់ហ្នឹងរស់នៅផង»។
លោកយល់ថាដំណាក់កាលនេះមិនអាចប្រើការចាប់បញ្ជូនជាតិវៀតណាមទៅស្រុកវិញ ទាំងស្រុងបានទេ ដើម្បីរក្សាសន្តិសុខរបស់ប្រទេស។ លោកបានឲ្យជាយោបល់ថា បញ្ហានេះធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យមានការហូរចូលបន្ថែម និងត្រូវពង្រឹងការអប់រំនៅកម្ពុជា ទាំងភាសា ទំនៀមទំលាប់ ប្រពៃណី ធ្វើយ៉ាងណាឲ្យអ្នកទាំងនោះស្រលាញ់ជាតិខ្មែរ ការពារខ្មែរវិញជាជាងបង្កឲ្យមានភាពរកាំរកូសរវាងគ្នានិងគ្នា។
លោកបន្ថែមថា៖ «ឲ្យក្នេងដែលជាកូន ជនបរទេសដែលនៅជាប់ជិតខាងហ្នឹង បានចូលសិក្សារៀនសូត្រនៅក្នុងសាលារបស់រដ្ឋហ្នឹង ពេលដែលពួកហ្នឹងបានរៀនក្នុងសាលាខ្មែរ សិក្សាវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រខ្មែរ រយៈពេល១២ឆ្នាំទៅ ពួកហ្នឹងនឹងក្លាយជាពលរដ្ឋខ្មែរហើយ។ ដូច្នោះហើយ ខ្ញុំគិតថានេះជាបញ្ហាដោះស្រាយដែលល្អជាងគេ ដើម្បីកុំឲ្យមានបញ្ហាទាក់ទងនឹងរឿងនៃការចាប់បញ្ជូន ដែលនាំឲ្យមានប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសជាតិ»។
កាលពីខែសីហាកន្លងទៅ ក្រសួងមហាផ្ទៃបានប្រកាសថាមានជនជាតិវៀតណាមរស់នៅកម្ពុជាដែលកាន់កាប់ឯកសារ រដ្ឋបាលមិនប្រក្រតីនិងស្នាក់នៅយូរគ្មានឯកសារ មានជាង៩ម៉ឺននាក់។  ក្រសួងក៏បានឲ្យដឹងដែរថា ចាប់ពីឆ្នាំ២០០២មកដល់ឆ្នាំ២០១៦ ចំនួនជនបរទេសអន្តោប្រវេសន៍នៅកម្ពុជា មានការកើនឡើងជាលំដាប់ និងថាជនអន្តោប្រវេសន៍ដែលរស់នៅច្រើនជាងគេ គឺមាននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ឆ្នាំង និងព្រៃវែង៕
ប្រភព៖ VOD
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment