ក្រុម​អ្នក​ការទូត​និយាយ​ថា​កិច្ច​ឈប់​បាញ់​គ្នា​នៅ​ស៊ីរី​មិន​ទាន់​ផុត​រលត់​ទេ

loading...
«កិច្ច​ឈប់បាញ់​គ្នា​មិន​ទាន់​ផុត​រលត់​ទេ»​ គឺ​ជា​ការ​សន្និដ្ឋាន​របស់​ពួក​អ្នក​ការទូត​សំខាន់ៗ​មួយ​ចំនួន​អំពី​កិច្ច​ឈប់​បាញ់​គ្នា​នៅ​ក្នុង​ប្រទេស​ស៊ីរី​ ទោះ​បី​ជា​មាន​ការ​វាយ​ប្រហារ​លើ​ក្បួន​កុងវ័រ​មួយ​ដែល​ដឹក​ជញ្ជូន​ជំនួយ​កាល​ពី​ថ្ងៃ​ចន្ទ។​
បណ្ដា​រដ្ឋ​ និង​អង្គការ​២០​ជា​សមាជិក​នៃ​ក្រុម​អន្តរជាតិ​គាំទ្រ​ប្រទេស​ស៊ីរី​ដែល​ហៅ​កាត់​ថា​ ISSG ​បាន​ជួប​ប្រជុំ​គ្នា​ប្រមាណ​មួយ​ម៉ោង​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​បូរី​ ញូវយ៉ក​ ហើយ​បាន​សម្រេច​ថា​នឹង​ជួប​ប្រជុំ​គ្នា​ទៀត​នៅ​ថ្ងៃ​សុក្រ។​
លោក ​John Kerby ​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​ស.រ.អា.​បាន​និយាយ​ថា «ពួក​គេ​បាន​យល់​ស្រប​គ្នា​ថា​ ទោះ​ណា​ជា​មាន​អំពើ​ហិង្សា​តទៅ​ទៀត​ក៏​ដោយ​ក៏​ជា​ការចាំ​បាច់​ត្រូវ​ធ្វើឱ្យ​មាន​ការ​បញ្ឈប់​អរិភាព​នៅ​ទូទាំង​ប្រទេស​ដោយ​ផ្អែក​ទៅ​លើ​កិច្ច​សម្រុះ​សម្រួល​ដែល​បាន​សម្រេច​កាល​ពី​សប្តាហ៍​មុន​ នៅ​ក្នុង​ក្រុង​ហ្សឺណែវ​ រវាង​ស.រ.អា.​និង​ប្រទេស​រុស្ស៊ី»។
លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា. ​John Kerry ​បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​អ្នក​កាសែត​នៅ​ពេល​លោក​ចេញ​ពី​ការប្រជុំ​នៃ​ក្រុម ​ISSG ​ថា៖ «កិច្ច​ឈប់​បាញ់​គ្នា​មិន​ទាន់​ផុត​រលត់​ទេ»។
គេ​មាន​ជំនឿ​ជា​ទូ​ទៅ​ថា​ ការ​វាយ​ប្រហារ​មួយ​តាម​អាកាសត្រូវ​បាន​ធ្វើ​ឡើង​ដោយ​យន្តហោះ​ស៊ីរី​ ឬ​យន្តហោះ​រុស្ស៊ី​ទៅ​លើ​ក្បួន​ឡាន​ដឹក​ជញ្ជូន​ជំនួយ​ ដែល​មាន​រថយន្ត​៣១​គ្រឿង​ដែល​បាន​បើក​ចេញ​ពី​ព្រំដែន​ប្រទេស​តួកគី​ ទៅ​កាន់​ក្រុង​ Aleppo ​នៃ​ប្រទេស​ស៊ីរី។​
បើ​តាម​អង្គការ​មនុស្ស​ធម៌​អឌ្ឍចន្ទ​ក្រហម​ស៊ីរី​និយាយ​ថា​ ឡាន​កាមីញ៉ុង​ ១៨​គ្រឿង​ក្នុងបណ្តា​ឡាន​ទាំង​នេះ​បាន​រង​គ្រោះ​ដោយ​សារ​ការ​វាយ​ប្រហារ​នេះ។ ការ​វាយ​ប្រហារ​នេះ​បាន​បណ្តាល​ឱ្យ​ជន​ស៊ីវិល​២០​នាក់​និង​ប្រធាន​នៃ​ការិយាល័យ​ក្នុង​មូលដ្ឋាន​នៃ​អង្គការ​អឌ្ឍចន្ទ​ក្រហម​ស៊ីរី​ស្លាប់៕
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment