ប្រវត្តិ​សង្ខេប​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​បារាំងសែស

loading...
នៅ​ក្នុង​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ ខ្មែរ សម្តេចព្រះ​នរោត្តម​សីហ​នុ ទ្រង់​បាន​លះបង់​ព្រះ​កាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត​ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ ព្រះរាជ​បូជនីយកិច្ច ដើម្បី​ទាមទារ​ឯករាជ្យ​ជូន​កម្ពុជា​ឱ្យ​រួច​ចាក​ផុត​ពី​អាណានិគមនិយម​បារាំង ​។ យើង​សូម​ដកស្រង់​ប្រវត្តិ​សង្ខេបនៃ​ព្រះរាជ​បូជនីយកិច្ច​ទាម​ទារ​​ឯករាជ្យ​ នៅ​កម្ពុជា​ដូច​តទៅ​នេះ ៖
១-​តាម​សន្ធិសញ្ញា​ចុះ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​១៩៤៩ បារាំង​បាន​ទទួលស្គាល់​តាម​ផ្លូវច្បាប់​នូវ​ឯករាជ្យ​របស់​ព្រះរាជាណាចក្រ​ កម្ពុជា ។
២-​ជា​គោលការណ៍​តាម​ផ្លូវច្បាប់ ឯករាជ្យ​នេះ​យើង​ទទួល​បាន​មែន ប៉ុន្តែ​ចំពោះ​ការ​អនុវត្ត​ជាក់ស្តែង ឯករាជ្យ​នេះ​នៅ​ខ្វះ​វិស័យ​ជា​ច្រើន​ទៀត​ដូច​ជា អធិបតេយ្យ​ខាង​យុត្តិធម៌ ប៉ូលិស អំណាច​បញ្ជាការ​យោធា ការទូត ការ​ប្តូរ និង​ការ​ឱ្យ​ចាយ​ធនប័ត្រ​ដើម្បី​ឱ្យ​មាន​ឯករាជ្យ​ទាំងស្រុង ។
៣-​តាម​សេចក្តី​ប្រកាស​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​១៩៥២ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ បាន​សន្យា​យ៉ាង​ឱឡារិក​ចំពោះ​ប្រជារាស្ត្រ​របស់​ព្រះ​អង្គ​ថា «​ព្រះ​អង្គ​នឹង​ដណ្តើម​យក​ឯករាជ្យ​ទាំងស្រុង​នេះ​ដើម្បី​មាតុភូមិ​ក្នុង​ រយៈពេល​៣​ឆ្នាំ​យ៉ាង​យូរ​បំផុត​» ។
៤-​នៅ​ថ្ងៃ​ទី​៩ កុម្ភៈ ឆ្នាំ​១៩៥៣ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​នុ ស្តេច​យាង​ចាក​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្ពោះទៅ​កាន់​ប្រទេស​បារាំង ដើម្បី​ទាមទារ​ឯករាជ្យ​របស់​កម្ពុជា​ជាមួយ​ប្រមុខរដ្ឋ​បារាំង ។
៥-​នៅ​ដឺ​ឡា​ណា​ពូ​ល ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​១៩៥៣ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ បាន​ផ្ញើ​ព្រះរាជ​សារលិខិត​មួយ​ច្បាប់​ជូន​ចំពោះ​លោក​វ៉ាំ​ង​សង់ អូ​រី​យ៉ូ​ល ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង ដើម្បី​រៀបរាប់​បង្ហាញ​ឱ្យ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង​ដឹង​ពី​ភាព​ ចាំបាច់​សំដៅ​ធ្វើ​ឱ្យ​បារាំង​ពង្រីក​ក្របខ័ណ្ឌ​ឯករាជ្យ​របស់​ខ្មែរ ។
ភ្ជាប់​នឹង​ព្រះរាជ​សារលិខិត​នេះ មានការ​សិក្សា​គ្រប់គ្រាន់​ដោយ​ទឡ្ហីករណ៍​សំអាង​បញ្ជាក់​អំពី​ការ​ទាមទារ​ របស់​ព្រះ​អង្គ និង​ការ​ផ្តល់​យោបល់​ពី​បែបបទ​នៃ​ការ​ផ្ទេរអំណាច​ជាយថាហេតុ ។
នៅ​ដឺ​ឡា​ណា​ពូ​ល ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​១៩៥៣ បន្ទាប់​មក​នៅ​ហ្វុ​ង​តែ​ន​ណា​ប្លូ ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​១៩៥៣ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​នុ បាន​សរសេរ​ព្រះរាជ​សារលិខិត​ចំនួន​២​ច្បាប់​បន្ត​ទៀត​ផ្ញើ​ជូន​លោក​វ៉ាំ​ង​ សង់ អូ​រី​យ៉ូ​ល និង​រដ្ឋាភិបាល​បារាំង ដើម្បី​បំពេញបន្ថែម​លើ​ទស្សនៈ​របស់​ព្រះ​អង្គ​ដែល​ទាក់ទង​ទៅ​នឹង​ឯករាជ្យ​ ខ្មែរ និង​ដើម្បី​ស្នើ​ឱ្យ​រដ្ឋាភិបាល​បារាំង​ប្រញាប់ប្រញាល់​ដោះស្រាយ​បញ្ហា​នេះ ។
៦-​នៅ​ចំពោះ​មុខការ​លាក់លៀម​របស់​រដ្ឋាភិបាល​បារាំង ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​នុ​វរ្ម័ន បាន​យាង​ចាក​ចេញពី​ប្រទេស​បារាំង​នៅ​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​១៩៥៣ ឆ្ពោះទៅ​កាន់​ប្រទេស​កា​ណា​ដា និង​សហរដ្ឋអាមេរិក ដែល​នៅ​ទីនោះ​ព្រះ​អង្គ​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​ដើម្បី​ឯករាជ្យ​របស់​ ប្រទេស​ព្រះ​អង្គ ។
សេចក្តីថ្លែងការណ៍​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​នុ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​កាសែត​ដ៏​ធំ «​ញូ​វ​យ៉​ក​ថែម​» នៅ​ថ្ងៃ​ទី​១៩ មេ​សា ឆ្នាំ​១៩៥៣ លាន់ឮ​ខ្ទរខ្ទារ​ពេញ​ពិភពលោក​ទាំងមូល ហើយ​បាន​បង្ខំ​ឱ្យ​រដ្ឋាភិបាល​បារាំង ទទួល​យល់ព្រម​ធ្វើការ​ចរចា​ជាមួយ​តំណាង​ផ្ទាល់​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​នុ តំណាង​នេះ​គឺ​លោក​ប៉ែន នុ​ត ដោយ​មានការ​ចូលរួម​ពី​លោក សម សារី ផង ។
៧-​ការ​ចរចា​នៅ​ប៉ា​រី​ស បាន​ឈាន​ទៅ​ដល់​សំណើ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​បារាំង​យល់ព្រម​ផ្តល់​ សម្បទាន​ដ៏​សំខាន់​ខ្លះ​ដល់​កម្ពុជា ។
ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​១៩៥៣ លោក​ប៉ែន នុ​ត បាន​វិល​ត្រឡប់​មក​កាន់​កម្ពុជា​វិញ ដើម្បី​ទូល​ថ្វាយ​ព្រះមហាក្សត្រ​អំពី​លទ្ធផល​ដែល​ទទួល​បាន​នៅ​ក្រុងប៉ារីស ។
ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម​សីហ​នុ បាន​យាង​មក​កាន់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​១៩៥៣ ដើម្បី​ជួប​ជាមួយ​សហសេវិក និង​នាយក​រដ្ឋមន្ត្រី​របស់​ព្រះ​អង្គ ។
៨-​ចំពោះ​ប្រជារាស្ត្រ​របស់​ព្រះ​អង្គ ដែល​បាន​ថ្វាយ​ព្រះ​កិត្តិយស​ចំពោះ​ព្រះ​អង្គជា​អ្នក​ទទួល​ជ័យជម្នះ និង​ជា​វីរបុរស​នោះ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​នុ ទ្រង់​បាន​សន្យា​យ៉ាង​មហោឡារិក​នៅ​ក្នុង​ព្រះ​សុន្ទរកថា​មួយ ដែល​ទ្រង់​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​១៩៥៣ ពី​ព្រះ​ទីនាំង​ចន្ទច្ឆាយា​ថា «​ព្រះ​អង្គ​នឹង​បូជាជីវិត​ដើម្បី​ដណ្តើម​យក​ឯករាជ្យ​ឱ្យ​បាន​១០០​ភាគរយ​» ។
៩-​នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​១៩៥៣ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​នុ ទ្រង់​បាន​ភៀស​ព្រះ​កាយ​ទៅ​ប្រទេស​ថៃ ក្រោយ​ពី​មាន​សេចក្តី​ប្រកាស​មួយ​ដែល​ទាក់ទាញ​ពិភពលោក​ស្តី​ពី​ការ​មិន​ ពេញចិត្ត​នឹង​បំណងប្រាថ្នា​ស្របច្បាប់​របស់​ប្រជាជន​ខ្មែរ ។ ការ​មិន​ពេញចិត្ត​នេះ អាច​នាំ​មក​នូវ​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ទាំង​សម្រាប់​ប្រទេស​កម្ពុជា និង​ពិភពលោក​ទាំងមូល ។
១០-​ក្រោយ​ពី​បានដឹង​ថា គ្រប់​ប្រជាជាតិ​មានការ​យោគយល់​ចំពោះ​ការ​ទាមទារ​ឯករាជ្យ និង​ចំពោះ​ព្រឹត្តិការណ៍​នៅ​ប្រទេស​កម្ពុជា ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​នុ បាន​យាង​ត្រឡប់​មក​មាតុភូមិ​របស់​ព្រះ​អង្គ​វិញ ហើយ​យាង​ទៅ​គង់នៅ​តំបន់​ស្វយ័ត​មួយ​ដែល​រួម​មាន​ខេត្តសៀមរាប បាត់ដំបង និង​កំពង់ធំ ។
ស្វយ័ត​ភាព​ផ្នែក​យោធា​នៃ​ខេត្ត​ទាំងនេះ ត្រូវ​បាន​ប្រគល់​ឱ្យ​ប្រទេស​កម្ពុជា ដោយ​មានការ​ទាមទារ​មួយ​របស់​ព្រះរាជា ដែល​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​១៩៤៩ សម្រាប់​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ និង​នៅ​ឆ្នាំ​១៩៥២ សម្រាប់​ខេត្តបាត់ដំបង ។
ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម​សីហ​នុ ទ្រង់​បាន​ប្រកាស​ថា ព្រះ​អង្គ​នឹង​យាង​ចូល​រាជធានី​វិញ នៅ​ពេល​ណា​ដែល​បារាំង​ព្រម​ផ្ទេរ​មក​ឱ្យ​ប្រទេស​កម្ពុជា​វិញ​នូវ​កេតនភណ្ឌ​ ចុង​ក្រោយ​នៃ​ឯករាជ្យ​របស់​ខ្លួន ។
ដើម្បី​គាំពារ​នូវ​ព្រះរាជ​បូជនីយកិច្ច​នេះ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​នុ ទ្រង់​បាន​បង្កើត​កងកម្លាំង​ជីវពល និង​នារីក្លាហាន ដែល​ក្រោយមក​មាន​តួនាទី​យ៉ាង​ធំធេង ។
លោក​ប៉ែន នុ​ត នាយក​រដ្ឋមន្ត្រី ទទួល​បន្ទុក​រ៉ាប់រង​ការពារ​តំបន់​ស្វយ័ត​របស់​ព្រះរាជា ។
១១-​ការ​ចរចា​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្រុងភ្នំពេញ ដោយ​មានការ​ណែនាំ​ពី​ព្រះរាជា និង​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប៉ែន នុ​ត បាន​សម្រេច​ដោយ​ជោគជ័យ​ទាំងស្រុង ។
នៅ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​១៩៥៣ មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ទេរអំណាច​តុលាការ ។ ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​១៩៥៣ មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ទេរ​សមត្ថកិច្ច​របស់​បូ​៉​លិ​ស ។ នៅ​ចុងបញ្ចប់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​១៩៥៣ មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​អធិបតេយ្យ​ខាង​យោធា​របស់​ ប្រជារាស្ត្រ ខ្មែរ​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។
ជាមួយ​គ្នា​នេះ អធិបតេយ្យ​ទាំងមូល​លើ​ផ្នែក​ការទូត​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ប្តូរ​ លិខិត​រវាង​រដ្ឋាភិបាល​បារាំង និង​រាជរដ្ឋាភិបាល (​ចម្លើយ​របស់​រដ្ឋាភិបាល​បារាំង ចំពោះ​កំណត់​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​១៩៥៣ ដែល​ប្រគល់​ដោយ​អគ្គស្នងការ​របស់​សាធារណរដ្ឋ​បារាំង លេខ​៣៩៣R ចុះ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​១៩៥៣ លិខិត​ទទួល និង​ភាព​ត្រឹមត្រូវ​លើ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​មាន​ចែង​ក្នុង​កំណត់​មួយ ​សម្រាប់​រាជរដ្ឋាភិបាល​ដែល​ប្រគល់​ជូន​អគ្គស្នងការ​នៃ​សាធារណរដ្ឋ​បារាំង​ នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​១៩៥៣ ក្រោម​លេខ​៦៧-P.C.L.M) ។
១២-​នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា ឆ្នាំ​១៩៥៣ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​នុ ស្តេច​បាន​យាង​ចូល​មក​ក្នុង​រាជធានី​ភ្នំពេញ​វិញ​។ លើ​ចម្ងាយ​ផ្លូវ​៣០០​គីឡូម៉ែត្រ ដែល​ព្រះ​អង្គ​ធ្វើ​ដំណើរ ប្រជារាស្ត្រ ខ្មែរ​ក្នុង​ក្តី​រំជួល​ចិត្តបាន​ធ្វើ​ឱ្យ​ព្រះ​អង្គ​ទទួល​បាន​នូវ​ជោគជ័យ​ មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ។
នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​១៩៥៣ គឺ​៨​ខែ​មុន​សន្និសីទ​ក្រុង​ហ្សឺ​ណែវ មាន​ធ្វើ​ពិធី​មួយ​នៅ​មុខ​ព្រះ​បរមរាជវាំង ដែល​ឧទ្ទិស​ចំពោះ​ការ​ដកថយ​នៃ​អំណាច​របស់​បារាំង​ពី​ប្រទេស​កម្ពុជា ។
លោក​ឧត្តមសេនីយ៍ ឡង់​ក្លាត បាន​ប្រគល់​យ៉ាង​មហោឡារិក​នូវ​អំណាច​បញ្ជាការ​របស់​ខ្លួន​ថ្វាយ​ព្រះរាជា ។
កងទ័ព និង​អគ្គសេនាធិការ​របស់​បារាំង​បាន​ដកថយ​ពី​ព្រះរាជាណាចក្រ​កម្ពុជា ។ ឯករាជ្យ​របស់​ខ្មែរ​បាន​ក្លាយទៅជា​ឯករាជ្យ​អចិន្ត្រៃយ៍ និង​ទាំងស្រុង ។ វិបត្តិ​រវាង​ខ្មែរ និង​បារាំង​ត្រូវ​បាន​បញ្ចប់ ។
ពពក​ខ្មៅ​ចុង​ក្រោយ​ដែល​បិទ​បាំង​មិត្តភាព​ខ្មែរ​-​បារាំង បាន​រលាយ​សាបសូន្យ​ទាំងស្រុង​បន្ទាប់​ពី​ការ​ទទួលស្គាល់​ទាំងស្រុង​ពី​ ប្រទេស​បារាំង​នៅ​ខែធ្នូ ឆ្នាំ​១៩៥៤ លើ​អធិបតេយ្យ​ទាំងមូល​របស់​ប្រទេស​កម្ពុជា​លើ​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។
គណៈប្រតិភូ​ខ្មែរ​ដែល​បញ្ជូន​ទៅ​ក្រុងប៉ារីស​ដោយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម​សីហ​នុ ដើម្បី​ស្នើ​ឱ្យ​រដ្ឋាភិបាល​បារាំង​ទទួលស្គាល់​ជា​ផ្លូវការ គឺ​ដឹកនាំ​ដោយ​លោក​ចាន់ ណា​ក ។ បន្ទាប់​ពី​លោក​បាន​ទទួលមរណភាព​នៅ​ទី​ក្រុងប៉ារីស​នោះ គណៈប្រតិភូ​ខ្មែរ​ត្រូវ​ដឹកនាំ​ដោយ​លោក​ញឹក ជូ​ឡុ​ង និង​នៅ​ចុង​ក្រោយបង្អស់​ដឹកនាំ​ដោយ​លោក​អូ ឈឺ​ន ដែល​នៅ​ពេល​នោះ​ជា​ឧបនាយករដ្ឋមន្ត្រី និង​ចូលរួម​ដោយ​លោក​សឺ​ន សាន ។
១៣-​នៅ​ខែកក្កដា ឆ្នាំ​១៩៥៤ ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៅ​ហ្សឺ​ណែវ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រួម​បញ្ចូល​គូប​ដិ​បក្ស​ដែល​មាន​វិវាទ​នៅ​ឥណ្ឌូចិន ។ នៅ​សន្និសីទ​ក្រុង​ហ្សឺ​ណែវ ព្រះមហាក្សត្រ​បាន​បញ្ជូន​គណៈប្រតិភូ​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក ទេព ផ​ន នៅ​ពេល​នោះ​ជា​រដ្ឋមន្ត្រី​ការ​បរទេស និង​មាន​លោក​ញឹក ជូ​ឡុ​ង លោក​សម សារី លោ​ក​នង គឹ​ម​នី លោក​សឺ​ន សាន ។​ល​។ ដែល​ក្រោម​ការ​ណែនាំ​ពី​ព្រះមហាក្សត្រ​បានដឹង​ថា សន្និសីទ​ប្រកាស​ដកទ័ព​របស់​ប្រទេស​ជិតខាង​មួយ​ចេញពី​ព្រះរាជាណាចក្រ​ កម្ពុជា ។ ប្រទេស​កម្ពុជា​ចេញពី​សន្និសីទ​ហ្សឺ​ណែវ​នេះ «​កក្កដា ឆ្នាំ​១៩៥៤» ដោយ​គ្មាន​ការ​ខូចខាត​អ្វី​ទាំងអស់ ។ ផ្ទុយ​ពី​ប្រទេស​ឡាវ និង​វៀតណាម ព្រះរាជាណាចក្រ​កម្ពុជា​អាច​ចៀសវាង​ការ​បែងចែក​ទឹកដី ។
១៤-​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​នុ យ៉ាងតិច​៣​ឆ្នាំ ទើប​អាច​បំពេញ​នូវ​កិច្ចសន្យា​របស់​ព្រះ​អង្គ​ចំពោះ​ប្រជារាស្ត្រ ។ ប្រជារាស្ត្រ ខ្មែរ​បាន​ថ្វាយ​ព្រះ​ឋានៈ​ចំពោះ​ព្រះ​អង្គ​ថា ជា​ព្រះ​បិតា​ឯករាជ្យ​ជាតិ ហើយ​តាម​សំណូមពរ​របស់​តំណាងរាស្ត្រ ក្នុង​ក្របខ័ណ្ឌ​ក្រុមប្រឹក្សា​ពិគ្រោះ​ជាតិ រាជរដ្ឋាភិបាល​បាន​លើក​ព្រះ​អង្គជា​វីរបុរស​ជាតិ ស្រប​តាម​មហា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម​របស់​ព្រះ​អង្គ ៕
រភព៖​ កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment