ខ្មែរ​អាមេរិកាំង​ខ្លះ​ថា​លោកស្រី​ គ្លីនតុន ​ជួយខ្មែរ​ជាង​លោក ​ត្រាំ​ បើ​ជាប់​ឆ្នោត

loading...
បើ​តាម​ការ​អះអាង​របស់​លោក ​មាស ជា​ មក​ពី​ទីក្រុង ​ហ្វ៊ីឡា​ដែល​ហ្វីយ៉ា​ (Philadelphia) រដ្ឋ​ភេស៊ីលវីនៀ​ (Pennsylvania) ធ្វើការ​ផ្នែក​សង្គម​កិច្ច​ប្រចាំ​រដ្ឋ​បាន​បញ្ជាក់​ថា​ លោក​គឺជា​អ្នកមាន​និន្នាការ​ទៅរក​គណបក្ស​ប្រជាធិប​តេយ្យ។​ លោក​បាន​កត់​សម្គាល់​ឃើញ​ការ​យកចិត្ត​ទុកដាក់​របស់​លោកស្រី​ គ្លីនតុន ​និង​គណបក្ស​ប្រជាធិបតេយ្យ​ជាមួយ​នឹង​ប្រទេស​កម្ពុជា។
នៅ​មុន​ប៉ុន្មាន​ម៉ោង​នៃការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ស.រ.អា​ឈាន​ មក​ដល់​ គឺ​ថ្ងៃ​អង្គារ​ទី៨​ ខែវិច្ឆិកា​នេះ​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​នៅតាម​បណ្តា​រដ្ឋ​នានា​បាន​ថ្លែងថា​ ពួកគេ​នឹង​បោះ​ឆ្នោត ឬ​បាន​បោះឆ្នោត​ជូន​លោកស្រី​ ហ៊ីឡារី គ្លីនតុន (Hillary Clinton) ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។​
ការ​សម្រេច​ចិត្ត​ដូច្នេះ​គឺ​យោង​ថា លោក​ស្រី​នឹង​អាច​ជួយ​ប្រទេស​កំណើត​ច្រើន​ជាង​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​គឺ លោក​ ដូណាល់ ត្រាំ (Donald Trump) ​ដោយសារ​តែ​ការ​ពាក់ព័ន្ធ​របស់​លោកស្រី​ គ្លីនតុន​ និង​គណបក្ស​ប្រជាធិប​តេយ្យ​ហើយ​នឹង​ប្រធានាធិបតី​បាន​ធ្វើ​កិច្ចការ​មួយ​ ចំនួន​កន្លង​មក​ទាក់ទង​នឹង​ប្រទេស​កម្ពុជា។
បើ​តាម​ការ​អះអាង​របស់​លោក ​មាស ជា​ មក​ពី​ទីក្រុង ​ហ្វ៊ីឡា​ដែល​ហ្វីយ៉ា​ (Philadelphia) រដ្ឋ​ភេស៊ីលវីនៀ​ (Pennsylvania) ធ្វើការ​ផ្នែក​សង្គម​កិច្ច​ប្រចាំ​រដ្ឋ​បាន​បញ្ជាក់​ថា​ លោក​គឺជា​អ្នកមាន​និន្នាការ​ទៅរក​គណបក្ស​ប្រជាធិប​តេយ្យ។​ លោក​បាន​កត់​សម្គាល់​ឃើញ​ការ​យកចិត្ត​ទុកដាក់​របស់​លោកស្រី​ គ្លីនតុន ​និង​គណបក្ស​ប្រជាធិបតេយ្យ​ជាមួយ​នឹង​ប្រទេស​កម្ពុជា។
«ខ្ញុំថា​លោកស្រី​ គ្លីនតុន ​ហាក់​ដូចជា​មាន​ប្រយោជន៍​ច្រើង​ជាង​លោក​ ដូណាល់ ត្រាំ​តាម​ពិសោធន៍​ការងារ ​និង​យោង​តាម​គណបក្ស​គាត់​កំពុង​កាន់​កាប់​ប្រទេស‍»។
លោក​ថ្លែង​មុន​ចេញ​ទៅ​បោះឆ្នោត​មួយថ្ងៃ​ដូច្នេះ​ ដោយ​ទំនង​ជា​យោង​ថា​ លោក​ស្រី គ្លីនតុន​ ធ្លាប់​មាន​ទំនាក់​ទំនង​ជាមួយ​ប្រទេស​កម្ពុជា​ដិតដល់​ ស្គាល់​បញ្ហា​កម្ពុជា​ ជួយ​ដល់​សង្គម​ស៊ីវិល​កម្ពុជា​និ ង​តំបន់​អាស៊ាន​លើ​វិស័យ​បរិដ្ឋាន​ អប់រំ​ បន្ថែមពី​លើ​ទស្សន កិច្ច​របស់​លោក​ប្រធានាធិបតី ​បារ៉ាក់ អូបាម៉ា​ ដែល​បាន​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​កាលពី​ឆ្នាំ​២០១២​ ហើយ​ពេល​នោះ​មន្ត្រី​លោក​ប្រធានាធិបតី​ បាន​បញ្ជាក់​ជា​សំខាន់​ឲ្យ​កម្ពុជា​កែ​ទម្រង់​បញ្ហា​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ ​ដើម្បី​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​នឹង​ស.រ.អា។​
បន្ទរ​ភ្លាម​តាមៗ​ដែរ ​លោក​ យន់ សារ៉ាយ​ រស់នៅ​ក្នុងទី​ក្រុង​ តាកូម៉ា​ (Tacoma) រដ្ឋ ​វ៉ាស៊ីនតោន ស្តេត (Washington State) ​បាន​ថ្លែងថា​ លោក​បាន​បោះឆ្នោត​មុន​កាល​កំណត់​ជូន​លោក​ស្រី​ ហ៊ីលឡារី គ្លីនតុន​ រួច​ហើយ​ដោយសារ​លោកស្រី​បាន​ជួយ​ដោះស្រាយ​បញ្ហា​កម្ពុជា​ ហើយ​លោក​សង្ឃឹម​ថា​ លោកស្រី​នឹង​បន្ត​ជួយ​ដោះ​ស្រាយ​បញ្ហា​ខ្មែរ​តទៅទៀត​ ដូច​លោក​ស្រី​បាន​ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​តស៊ូ​មតិ​ម្តង កាល​ពីប៉ុន្មាន​ឆ្នាំមុន​ ជា​ពិសេស​លោកស្រី​ ទេព វន្នី​ សកម្មជន​បឹងកក់​ ដែល​បាន​ទទួល​ពាន​រង្វាន់​ជា​ស្រី្ត​ឆ្នើម​ក្នុងការ​តស៊ូមតិ។
«បាទ​បងប្អូន​ទាំងអស់​គ្នាយល់​ថា អ្នកស្រី​ គ្លីនតុន​ គាត់​បាន​ដូច​លោកស្រី​ ទេព វន្នី។ គាត់​មិន​ស្គាល់​តែ​បងប្អូន​ខ្មែរ​នៅ​ក្នុង​ប្រទេស​អាមេរិក​នោះ​ទេ។​ ម្ល៉ោះ​ហើយ​ផ្ទាល់ខ្លួន ខ្ញុំ​ជឿ​ថា​គាត់​មាន​បទពិសោធន៍​ច្បាស់​លាស់​ណាស់​ក្នុង​ក្រសួង​ការបរទេស ​ហើយ​ក៏ធ្លាប់​ធ្វើ​ជាស្ត្រី​ទី១​ គាត់​ដើរ​ច្រើន​ប្រទេស ​ម្ល៉ោះ​ហើយ​លទ្ធភាព​រដ្ឋាភិបាល​គាត់​ច្បាស់​លាស់​ណាស់‍»។
ទាំង​លោក​ យន់ សារ៉ាយ​ និងលោក ​មាស ជា ​បាន​បន្ថែមថា ​លោក ត្រាំ ​បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ​មិន​មាន​បទពិសោធន៍​ដូច​លោកស្រី​ គ្លីនតុន ​ទេ​ បន្ថែម​ពី​លើ​ការ​រិះគន់​ដល់​ចរិក​ និង​ពាក្យ​សម្តី​របស់​លោក ត្រាំ​ ថា​មិន​សម​ជា​អ្នកដឹក​នាំ​ផង​នោះ។
ក្នុង​ចំណោម​បេក្ខជន​ទាំង​ពីរ​គឺលោក​ស្រី ​ហ៊ីឡារី គ្លីនតុន​ (Hillary Clinton) ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស​ និង​ជា​អតីត​លោក​ស្រី​ទី១​ នៅ​ពេល​ស្វាមី​លោក​ស្រី គឺ​លោក​ Bill Clinton ​កាន់​មុខ​តំណែង​ជា​ប្រធានាធិបតី​ស.រ.អា។​ រីឯ​លោក​ ដូណាល់ ត្រាំ ​(Donald Trump)​ ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​ខាង​គណ បក្ស​សាធារណរដ្ឋ​ ដែល​លោក​ជា​មហា​សេដ្ឋី​ជំនួញ​អាមេរិកាំង​ម្នាក់។​
បេក្ខជន​ទាំងពីរ​នឹងត្រូវ​ឈ្នះ​ឆ្នោត​តាម​សំឡេង​ឆ្នោត​ជាទូទៅ​ពី​ពលរដ្ឋ​ អាមេរិកាំង​រាប់ លាន​នាក់​ផង​ និង​ពី​ចំនួន​អង្គ​បោះឆ្នោត​ឬ​ប្រតិភូ​នៅ​តាម​រដ្ឋ​នីមួយៗ​ ដែល​សរុប​មាន ចំនួន​៥៣៨​នាក់​ផង។​ បេក្ខជន​ត្រូវ​ទទួល​បាន​សម្លេង​៥០​ភាគរយ​បូក១​ ឬ​ចំនួន​២៧០ នាក់​ពី​ចំនួន​ប្រភូ​ទាំង​នោះ​ ទើប​អាច​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ទី៤៥​ ហើយ​កាន់កាប់ សេត​វិមាន​បាន។
លោក​ សែម មាស ​ខ្មែរ​អាមេរិកាំង​មក​ពីទី​ក្រុងលីន (Lynn)​ រដ្ឋ​ម៉ាសាឈូសេត (Massachusetts) ​ធ្វើ​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​ បាន​ថ្លែង​ថា លោក​ធ្លាប់​បោះឆ្នោត​ជូន​គណបក្ស​សាធារណរដ្ឋ។ តែ​ពេល​នេះ​លោក​បាន​បោះឆ្នោត​ជូន​លោកស្រី​ គ្លីនតុន​ មុន​កាល​កំណត់​រួច​ហើយ ដោយសារ​មាន​បញ្ហា​ជាច្រើន​ ដែល​លោកស្រី​ គ្លីនតុន​ មាន​បទពិសោធន៍​ និង​គិតគូរ​បញ្ហា​អន្តរជាតិ​រួមទាំង​កម្ពុជា។
«ប៉ុន្តែ​បើសិន​ជា​លោកស្រី​ គ្លីនតុន​ គាត់​នឹង​បាន​ជាប់ឆ្នោត​ ខ្ញុំ​ជឿថា​រឿងរ៉ាវ​អន្តរជាតិ​ទាំងឡាយ ​នឹង​មាន​ការ​ខ្វល់ខ្វាយ​ពី​ស.រ.អា​ជាច្រើន​ ហើយ​ជាពិសេស​ទៀត​រឿង​ប្រទេស​កម្ពុជា​ហ្នឹង។ ​ហើយ​បើសិន​ជា​បងប្អូន​ខ្មែរយើង​គាត់​គាំទ្រ​បញ្ហា​យុត្តិធម៌ ​និង​ ប្រជាធិបតេយ្យ ​ខ្ញុំ​ជឿថា​ បើសិន​ជា​លោកស្រី​ ហ៊ីឡារី គ្លីនតុន ​បាន​ជាប់​ឆ្នោត​គឺ​ប្រទេស​ខ្មែរ​យើង​បាន​ថ្កើនថ្កាន‍»។
លោក​ សែម មាស​ បាន​បន្តថា​ លោក ត្រាំ​ គាត់​មាន​នយោបាយ​មិន​សូវ​ខ្វល់​ពី​បញ្ហា​អន្តរជាតិ​ ហើយ​គាត់​សន្យា​នឹង​ជួយ​ឲ្យ​ស.រ.អា​មាន​ការងារ​ធ្វើ​ច្រើន​ដែរ។​ តែ​ លោក សែម មាស​ បាន​ថ្លែងថា​ លោក​ខ្វល់ខ្វាយ​ពី​នយោបាយ​បាយ​អន្តោប្រវេសន៍​របស់ លោក ​ត្រាំ​ ក្នុងការ​បញ្ជូន​ជនអន្តោ​ប្រវេសន៍​ចេញ​ពី​ស.រ.អា​ ហើយ​នឹង​ភាព​យុត្តិធម៌​ចំពោះ​ក្រុម​ជន​អន្តោប្រវេសន៍​ទាំង​នោះ​ ប្រសិន​បើ​លោក ​ត្រាំ ​ជាប់ឆ្នោត៕
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន (ស្តាំ) ជួប​ពិភាក្សា​ជាមួយ​នឹង​លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក នៅ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​កម្ពុជា នៅ​រាជធានីភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី១ ខែ​វិច្ឆិកា ឆ្នាំ​២០១០។ នៅ​ឆ្នាំ​២០១៦​នេះ លោកស្រី​ គ្លីនតុន ត្រូវបាន​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក​មក​ពី​គណបក្ស​ ប្រជាធិបតេយ្យ ប្រកួត​ជាមួយ​នឹង​លោក ដូណាល់ ត្រាំ បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ ប្រធានាធិបតី​អាមេរិក​ទី៤៥។ 
 ប្រភព ៖ VOA 
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment