ហេង ប៊ុនលាភ និយាយពីការត្រលប់ចូលភាពយន្ត

loading...
ច្រើនឆ្នាំមកហើយដែលតារាសម្ដែងល្បីឈ្មោះ លោក ហេង ប៊ុនលាភ បានសម្រចចិត្តបោះបង់សិល្បៈ ដោយសឹងនឹងធ្វើឲ្យរលុបឈ្មោះនៅក្នុងស្រទាប់មហាជននោះផង។ អ៊ីចឹងហើយទើបការត្រលប់មកថតកុនជាថ្មីរបស់តារារូបនេះ គេកត់សម្គាល់ថាលោកបានត្រឹមតែតួឪពុក ដោយទោះជាតំណែងដែលលោកសម្ដែងមិនលេចធ្លោយ៉ាងណាក៏លោកគ្មានអារម្មណ៍តូចចិត្ត។
លោក ហេង ប៊ុនលាភ និយាយថាប្រមាណជា១ឆ្នាំមកហើយ លោកបានត្រលប់មកទទួលការងារសម្ដែងសិល្បៈជាថ្មី។ លោកថា ខ្លួនទទួលជោគជ័យសម្រាប់អាជីពឡើងច្រៀងលើឆាកបើទោះជាការត្រលប់មកថតបទថ្មីដាក់ លក់នៅលើផលិតកម្មលែងមានដូចមុន។ ងាកមកកាន់អាជីពសម្ដែងវិញ លោកថាខ្លួនបានទទួលថតចំនួន៣រឿងហើយ ដោយមិនមានរឿងណាមួយជ្រើសឲ្យលោកសម្ដែងជាតួឯកនោះទេ ថ្វីដ្បិតថាមុខមាត់ និងវ័យរបស់លោកនៅអាចសម្ដែងជាតួឯកបាននៅឡើយ។
ក្នុងនោះតំណែងដែលលោកបានទទួលគឺក៏ត្រឹមជាតួឪពុក និងមិនមែនជាតួឪពុកឯក ដែលសមនឹងកេរ្តិ៍ឈ្មោះដែលលោកធ្លាប់ទទួលនោះផង។ យ៉ាងណាក៏ដោយលោកបានបញ្ជាក់ថាខ្សែរឿង «បំណុលស្នេហ៍» ដែលខាងផលិតកម្ម PR របស់ពិធីការិនី ព្រំ រដ្ឋា ជ្រើសឲ្យលោកសម្ដែងសម្រាប់ដាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍បាយ័ន គឺលោកទទួលបានតំណែងជាតួអង្គឪពុកលេចធ្លោ។
ក្នុងខ្សែរឿងភាគច្រើន លោកថាគេតម្រូវឲ្យមានតួឪពុកច្រើននាក់ក្នុងមួយរឿង ហើយលោកបានត្រឹមតែស្ថិតក្នុងនាមជាតួអង្គឪពុកម្នាក់ ដែលមិនសូវសំបូរប្លង់លេងប៉ុណ្ណោះ លើកលែងតែក្នុងរឿង «បំណុលស្នេហ៍» ដែលលោកថាបានសម្ដែងច្រើន ហើយមានប្លង់លេងខ្លាំង។ តែលោកថាអត់តូចចិត្តទេ ដោយសារតែភាពជាក់ស្ដែងគឺប្រជាប្រិយភាពរបស់លោកក៏ស្រុតស្រកមិនដូចមុនបើធៀបនឹង ពេលដែលលោកមិនទាន់បាត់មុខពីសិល្បៈ។
លោកនិយាយថា៖ «ឥឡូវហ្នឹងខ្ញុំតួអីក៏លេងដែរ ព្រោះទីមួយគេផលិតកុនផ្អែកតាមទីផ្សារ ចឹងបើយើងនៅតែចង់សម្ដែងតួឯក ហើយខាងផលិតករគាត់អត់ត្រូវការក៏អត់កើតដែរ!»
លោកថាលោកចូលប្រឡូកសិល្បៈជាថ្មី អត់មានទាមទារទាល់តែបានតម្លៃខ្លួនខ្ពស់ ឬទាល់តែឈុតឆាកនោះមានប្លង់លេងច្រើននោះទេ សំខាន់ឲ្យខាងផលិតករពេញចិត្តហៅលោកឲ្យថត គឺលោកទទួលសម្ដែងដោយគ្មានប្រកែកនោះឡើយ។ ហេតុផលនៃការទម្លាក់ខ្លួនសម្រាប់ការងារសិល្បៈខុសពីពេលមុននេះ លោកអះអាងថាមិនមែនដោយសារតែមានបញ្ហាផ្នែកមុខជំនួញ ឬជីវភាពនោះទេ តែត្រូវបានលោកថាដោយសារមិនចង់បាត់មុខ ហើយត្រូវមហាជនបំភ្លេចស្នាដៃ។
លោកនិយាយថា៖ «សម្រាប់ខ្ញុំនៅតែរវល់រឿងមុខជំនួញបើកផ្ទះសំណាក់ និងការរកស៊ីអីដូចដើមដដែល ហើយប្ដីប្រពន្ធខ្ញុំក៏មានគម្រោងធ្វើជំនួញអីបន្ថែមទៀតដែរ តែមកពីខ្ញុំស្រឡាញ់សិល្បៈ និងមិនសូវមានពេលច្រើនផង ទើបគិតថាគេអោយសម្ដែងជាតួអង្គធម្មតាៗ ក៏សប្បាយចិត្តព្រោះបានឆាប់ចប់!»
អ្នកនាង ព្រំ រដ្ឋា ជាអតីតតួអង្គនាងមឺយចឺយក្នុងរឿងមាក់ថឺង និងម្ចាស់ផលិតកម្ម PR ដែលបោះទុនផលិតរឿង «បំណុលស្នេហ៍» បានអះអាងថា លោក ហេង ប៊ុនលាភ នៅតែជាតួសម្ដែងល្អម្នាក់ តែមកពីខ្សែរឿងដែលអ្នកនាងផលិតឡើងនៅមិនទាន់តម្រូវសមនឹងតារារូបនេះសម្ដែងតួឯក ទើបអ្នកនាងសុំឲ្យលោកជួយសម្ដែងជាតួឪពុកសិន។ អ្នកនាងថាលោក ហេង ប៊ុនលាភ ជាតារាល្បីឈ្មោះដែលចេះបត់បែនដោយមិនប្រកាន់ទាំងតម្លៃខ្លួន និងឈុតសម្ដែង។
អ្នកនាងថាក្នុងពេលទាក់ទងឲ្យសម្ដែងក្នុងរឿង «បំណុលស្នេហ៍» លោកអត់មានតថ្លៃអ្វីច្រើននោះទេ ដោយគ្រាន់តែសួរថាសម្ដែងចរឹកយ៉ាងមិច និងជាតួអង្គបែបណាប៉ុណ្ណោះ។ អ្នកនាងថាតារាភាគច្រើនបានយល់ឃើញថាបើហ៊ានទទួលសម្ដែងជាតួឪពុក ឬជាកំប៉ុកកំប៉ុកក្នុងរឿង នោះនឹងធ្លាក់ការគាំទ្រ។ ប៉ុន្តែសម្រាប់លោកហេង ប៊ុនលាភ អត់មានប្រកាន់បែបហ្នឹងនោះទេ នៅពេលអ្នកនាងជជែកការងារជាមួយគ្នា។
អ្នកនាងនិយាយថា៖ «លោកប៊ុនលាភ មើលទៅគាត់ស្រួលជាងគេ គាត់អត់សូវសាញរឿងតួ និងតម្លៃអីអី តែខ្ញុំក៏អត់យកគាត់មកទម្លាក់ក្នុងរឿងរបស់ខ្ញុំដែរ គឺគាត់លេងជាតួឪពុកមែន តែគាត់លេងខ្លាំងក្នុងរឿង បំណុលស្នេហ៍ ដែលខ្ញុំបោះទុនហ្នឹង»
អ្នកនាងថាខ្សែរឿងភាគនេះ នឹងដំណើរការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍បាយ័ន ហើយក៏ជារឿងដែលអ្នកនាងរំពឹងច្រើនផងដែរ ដោយសារតែជារឿងប្រភេទសម័យបារាំងលើកដំបូងដែលអ្នកនាងបោះទុនរហូតដល់ជាង១០ម៉ឺន ដុល្លារដើម្បីប្រកួតប្រជែង។ អ្នកនាងថាក្នុងពេលបន្តបន្ទាប់ផលិតកម្ម PR និង ផលិតរឿងថ្មី ហើយអាចតម្រូវសាច់រឿងឲ្យសមនឹងលោកហេង ប៊ុនលាភ សម្ដែងតួឯក ដោយសារតែលោកក៏នៅវ័យក្មេង និងសម្ដែងសមមិនអន់ជាងតារាភាគច្រើននៅឡើយ៕
ប្រភព៖ VOD
ប្រភព៖ VOD
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment