រថយន្តដឹកម្នាស់ បុកអ្នកបើកបរម៉ូតូធំពេញមួយទំហឹង, សាកសពជនរងគ្រោះមើលលែងយល់

loading...
(ពោធិ៍សាត់)៖ រថយន្តដឹកផ្លែម្នាស់មួយគ្រឿង បើកជែងទៅបុកបុសម្នាក់កំពុងតែបើកម៉ូតូធំច្រាស់ទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយសាកសពជនរងគ្រោះមើលលែងយល់។
ហេតុការណ៍គ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់មួយនេះ កើតឡើងនៅវេលាម៉ោង ០៤ និង១៥នាទីល្ងាច ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៨ និង១៥៩ ស្ថិតក្នុងភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន​ អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់មួយនេះ បង្កដោយរថយន្តដឹកម្នាស់ ម៉ាក KIA ព័ណ៌ស ចំណុះ២,៥តោន ពាក់ស្លាកលេខ ភ្នំពេញ 3B-1623 បើកបរដោយឈ្មោះ ម៉ា ពិសាល ភេទប្រុស​ អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
លោកអធិការបន្តថា មុនពេលកើតហេតុរថយន្តបង្ក បានបើកពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកជែងលើគំនូសចែកទ្រូងផ្លូវ រួចក៏ជ្រុលទៅបុកជាមួយម៉ូតូធំ ម៉ាក UM ព៌ណខ្មៅ គ្មានផ្លាកលេខ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បើកបរ​ដោយឈ្មោះ ឈន ពៅ ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិស្នាអន្សា ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្តាលឲ្យអ្នកបើកបរ​ម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួន​ នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ចំពោះវត្ថុតាងរថយន្ត និងម៉ូតូ រងចាំដោះស្រាយនៅពេលក្រោយ។​
គួរបញ្ជាក់ថានៅវេលាម៉ោង ០៥ និង៥០នាទីយប់ ថ្ងៃទី០២ ខែវិច្ឆិកា​ ឆ្នាំ២០១៦នេះ នៅកំណាត់ផ្លូវលេខ១៥៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧ និង៣៨ ស្ថិតក្នុងភូមិក្រូចឆ្មា ឃុំលាច ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់ ក៏មានគ្រោះថ្នាក់ចរាចរណ៍មួយទៀត បង្កដោយរថយន្តស៉ាំយ៉ុង ព័ណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2J-8416 បើកបរដោយឈ្មោះ ជា សត្យា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបង្កបានបត់ឆ្វេង ហើយត្រូវបានម៉ូតូម៉ាក Dream ស៊េរី២០១០ ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1C-2841 បើកបរដោយឈ្មោះ ពេជ ចំរើន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ​ បានបុកពីក្រោយពេញមួយទំហឹង (របួសធ្ងន់) ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានដាច់ខ្យល់ស្លាប់តាមផ្លូវតែម្តង។
បច្ចុប្បន្នវត្ថុតាង រថយន្ត និងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅផ្នែកសណ្តា​ប់ធ្នាប់សាធារណៈ រងចាំដោះស្រាយនៅពេលក្រោយ ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
 
ប្រភព៖ Freshnews
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment