ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦
ខេត្តបាត់ដំបង ៖ មន្ត្រីព្រំដែនបានរាយការណ៍ថា ពលករខ្មែរម្នាក់បានស្លាប់ និង១០នាក់ទៀតរងរបួសធ្ងន់ និងស្រាល នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ក្រឡាប់រថយន្តមួយគ្រឿងកាលពីវេលាម៉ោងជាង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ដែលកើតឡើងនៅក្នុងទឹកដីស្រុកកាប៊ីន ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីចាកចេញពីតំបន់ព្រំដែនខ្មែរ-ថៃបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ជនចំណាកស្រុកខ្មែរទាំងនោះបានលួចឆ្លងដែនចេញទៅរកការងារធ្វើនៅប្រទេសថៃតាមច្រករបៀងនានាក្នុងស្រុកសំពៅលូនដោយខុសច្បាប់ ដោយពលករទាំងនោះបានធ្វើដំណើរទាំងយប់តាមរយៈមេខ្យល់ខ្មែរ-ថៃដែលនាំឆ្លងដែន ហើយនាំបន្តទៅកាន់ទីក្រុងបាងកក ដោយមេខ្យល់ជនជាតិថៃ ។ ពួកគេត្រូវមេខ្យល់ជនជាតិថៃដឹកតាមរថយន្តវីហ្គោពណ៌ស្ករមួយគ្រឿងឆ្ពោះទៅកាន់ទីក្រុងបាងកកទាំងយប់ លុះទៅដល់ចំណុចខាងលើក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្ដង ។
បើតាមការស្រង់សំដីពីសមត្ថកិច្ចថៃបាននិយាយថា រថយន្តដឹកកម្មករខ្មែរជាង១០នាក់នោះជួបគ្រោះថ្នាក់ដោយសារការប្រើប្រាសល្បឿនហូសកំណត់ ។ ម្យ៉ាងអ្នកបើកបរទំនងជាព្យាយាមបើកគេចពីការតាមប្រមាញ់របស់សមត្ថកិច្ចថៃផងទើបដល់ចំណុចខាងលើក្រឡាប់ធ្លាក់ស្នាមភ្លោះបែបនេះ ។
សម្រង់សំដីពីប្រភពព័ត៌មានថៃដដែលបានបញ្ជាក់ថា កម្មករខ្មែរម្នាក់ត្រូវរថយន្តសង្កត់ស្លាប់នៅកន្លែងកើតហេតុ រីឯកម្មករប្រុសស្រី១០នាក់ទៀតបានរងរបួសធ្ងន់ និងស្រាល ហើយត្រូវបានសមត្ថកិច្ចថៃជួយដឹកជញ្ជូនទៅសង្គ្រោះនៅមន្ត្រីពេទ្យប្រទេសថៃទាំងយប់ភ្លាមៗដែរ ។
មន្ត្រីទំនាក់ទំនងខ្មែរបាននិយាយថា ខាងភាគីខ្មែរបានទំនាក់ទំនងទៅភាគីថៃទាំងយប់ក្រោយពីទទូលបាននូវព័ត៌មានដ៏អកុសលនេះ ។ ប្រភពដដែលថា ពលករខ្មែរទាំងនោះទំនងជាគ្មានប័ណ្ណស្របច្បាប់ដើម្បីឆ្លងដែនទៅធ្វើការងារនៅប្រទេសថៃទេ ទើបពួកគេត្រូវមេខ្យល់នាំឆ្លងដែនដោយលួចលាក់តាមច្រករបៀងនានាតាមបន្ទាត់ព្រំដែន ។
ទោះជាបែបណា មន្ត្រីខ្មែរបានបញ្ជាក់ថា ភាគីថៃបានរៀបចំបញ្ជូនសាកសពពលករខ្មែរម្នាក់ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នោះមកកាន់ទឹកដីខ្មែរវិញហើយ ហើយក៏កំពុងទំនាក់ទំនងសាច់ញាតិឲ្យមកទទូលយកសាកសពផងដែរ ៕
ប្រភព៖កោះសន្តិភាព
loading...
0 comments:
Post a Comment