មន្ត្រីកាំកុងត្រូលសាខាខេត្តព្រះសីហនុ ពិនិត្យគុណភាពទំនិញ ឬនំចំណី នាបរិវេណសាលាបឋមសិក្សា ជា ស៊ីម ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ លើកឡើងថា ផលិតផលក្លែងក្លាយ ឬទំនិញពីក្រៅប្រទេសមួយចំនួន កំពុងប្រឈម និងបង្កផលប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពសង្គម ដែលទាមទារត្រូវចូលរួមដោះស្រាយទាំងអស់គ្នា។
ទន្ទឹមគ្នានេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះផលិតផលខូចគុណភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុក្នុងពិធីបុណ្យចូលឆ្នាំ។
ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ លោក មៀច សុផាន់ណា បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៣ ខែមេសា ថា កន្លងទៅ សមត្ថកិច្ចបានរកឃើញនៅលើទីផ្សារមានផលិតផលខូចគុណភាព ផលិតផលបន្លំគុណភាព ផលិតផលវេចខ្ចប់ ឬស្តុកទុកមិនត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ផលិតផលហួសសុពលភាពនៃការប្រើប្រាស់ ផលិតផលក្នុងស្រុក និងនាំចូលគ្មានការអនុញ្ញាតពីក្រសួង ស្ថាប័នមានសមត្ថកិច្ច កំពុងត្រូវបានគេដាក់បន្លំលក់ជាមួយផលិតផលពិតមានច្បាប់អនុញ្ញាតត្រឹមត្រូវនៅលើទីផ្សារ។
ជាងនេះទៀត លោកថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ គឺជាពេលវេលាដែលគ្រួសារខ្មែរជួបជុំគ្នា និងអាចបរិភោគនំចំណី ព្រមទាំងប្រើប្រាស់ផលិតផលដែលចរាចរណ៍នៅលើទីផ្សារជាច្រើន។ លោកបញ្ជាក់ថា ផលិតផលទាំងនោះធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសង្គម និងជាគ្រោះថ្នាក់សម្រាប់ជីវភាពរស់នៅរបស់ពលរដ្ឋ។ ហេតុនេះ លោកអំពាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ចំពោះផលិតផលដែលខូចគុណភាពទាំងនេះ៖ «សូមប្រជាពលរដ្ឋយើងមុននឹងទិញ ត្រូវពិនិត្យមើលគុណភាព ពិនិត្យមើលកាលបរិច្ផេទរបស់នាំចូល ថារបស់នោះពិត ឬក្លែងក្លាយ ពិនិត្យមើលផ្លាកសញ្ញា ការវេចខ្ចប់វាខុសទ្រង់ទ្រាយយ៉ាងម៉េច រសជាតិក្លិន ពណ៌ វាខុសប្លែកយ៉ាងម៉េចខ្លះ។ ហេតុនេះ សូមត្រួតពិនិត្យឲ្យបានច្បាស់មុនសម្រេចចិត្តទិញ»។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ ក៏អំពាវនាវឲ្យពលរដ្ឋ សហការផ្ដល់ព័ត៌មានពីទីតាំង ឬជនដែលផលិត ឬជនដែលចែកចាយផលិតផលទាំងនេះដល់សមត្ថកិច្ច ដើម្បីចុះពិនិត្យតាមដាន ស៊ើបអង្កេត និងឈានដល់ការបង្ក្រាបទៅតាមនីតិវិធីផងដែរ៕
ប្រភព៖វិទ្យុអាស៊ីសេរី
loading...
0 comments:
Post a Comment