ខាងក្រោមនេះជាវិធីសាស្ដ្រដែលក្រុមអ្នកជំនាញយល់ថា អាចជួយធ្វើឱ្យលោកអ្នកចៀសផុតពីបញ្ហាសុខភាពបេះដូងទៅថ្ងៃអនាគត ។
១-កុំជក់បារី ឬប្រើប្រាស់ថ្នាំជក់ ៖ ការជក់បារី ឬប្រើថ្នាំជក់គឺជាកត្ដាប្រឈមក្នុងចំណោមកត្ដាប្រឈមសំខាន់ៗ ទាំងឡាយដែលនាំទៅរកការកើតមានជំងឺបេះដូង ដ្បិតបណ្ដាសារធាតុគីមីនៅក្នុងថ្នាំជក់អាចបំផ្លាញបេះដូង និងបណ្ដាសរសៃឈាមក្នុងរាងកាយរបស់អ្នកបណ្ដាលឱ្យសរសៃឈាមអាក់ទែរ បេះដូងរួមតូច ។ ទីបំផុតអាក់ទែរអាចនាំទៅរកការគាំងបេះដូង ។ នៅពេលនិយាយដល់ការទប់ស្កាត់ជំងឺបេះដូង គឺគ្មានសញ្ញាណាមួយដែលអះអាងថា ជក់បារីផ្ដល់អត្ថប្រយោជន៍ទេ។ ឯថ្នាំជក់ដែលគ្មានផ្សែង ឬបណ្ដាបារីដែលមានសារធាតុនីកូទីនទាប ក៏ផ្ដល់គ្រោះថ្នាក់ដល់សុខភាពផងដែរ ជាពិសេសអ្នកដែលស្រូបហឺតយកផ្សែងពីអ្នកជក់នៅក្បែរខ្លួនក៏ប្រឈម ខ្លាំង។ គេគួរដឹងថា សារធាតុនីកូទីននៅក្នុងផ្សែងបារីធ្វើឱ្យបេះដូងធ្វើការយ៉ាប់ជាង មុន ខណៈដែលបណ្ដាសរសៃឈាមរួមតូចជំរុញឱ្យបេះដូងដើរញាប់ និងសម្ពាធឈាមឡើងខ្ពស់ ។ បន្ថែមពីលើនេះទៀត កាបូនម៉ូណូអុកស៊ីតក្នុងផ្សែងបារីបានចូលទៅជំនួសអុកស៊ីសែននៅក្នុង ឈាម ។ បញ្ហានេះនាំឱ្យសម្ពាធឈាមកើនជំរុញបេះដូងច្របាច់ញាប់ជាងមុន ដើម្បីផ្គត់ផ្គង់អុកស៊ីសែនទៅឱ្យឈាមបានគ្រប់គ្រាន់ ...។
២-ហាត់ប្រាណឱ្យបាន៣០នាទី៦ថ្ងៃក្នុងមួយសប្ដាហ៍ ៖ ការហាត់ប្រាណជាប្រចាំ និងទៀងទាត់អាចបន្ថយហានិភ័យពីជំងឺបេះដូងបាន ហើយនៅពេលរួមផ្សំការហាត់ប្រាណនេះជាមួយវិធានការបែបបទនៃការរស់នៅ មានដូចជា រក្សាទម្ងន់កុំឱ្យធាត់ជ្រុលនោះ នឹងមានអត្ថប្រយោជន៍កាន់តែធំធេង។ ពិតណាស់ សកម្មភាពរាងកាយពិតជាអាចជួយឱ្យអ្នករក្សាបានទម្ងន់ខ្លួន ហើយកាត់បន្ថយបានឱកាសកើតមានជំងឺផ្សេងៗតួយ៉ាងដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងឡើងខ្លាញ់ កូឡេស្ដេរ៉ូលជាដើម ។ ក្រៅពីនេះ ហាត់ប្រាណក៏អាចជួយកាត់បន្ថយភាពតានតឹងក្នុងចិត្ដផងដែរ ។ ចូរហាត់ប្រាណឱ្យបានយ៉ាងតិចចន្លោះពី៣០នាទីទៅ៦០នាទីក្នុងអំឡុង ពី៥ទៅ៦ថ្ងៃក្នុងមួយសប្ដាហ៍ ។
ដោយឡែកការធ្វើការងារជាប្រចាំ និងទៀងទាត់ដូចជា ថែសួន ឡើងចុះជណ្ដើរ ឬបណ្ដើរឆ្កែដើរលេងយកខ្យល់អាកាសតាមមាត់ទន្លេ ក៏អាចផ្ដល់អត្ថប្រយោជន៍ដល់សុខភាពផងដែរ ។
៣-ចូរទទួលទានអាហារដែលផ្ដល់សុខភាពដល់បេះដូង ៖ ចូរជ្រើសរើសរបបអាហារពិសេស ដែលគេឱ្យឈ្មោះថា Dietary Approaches to Stop Hypertension ។ ជ្រើសយកការទទួលទានតាមរបបអាហារ DASH គឺមានន័យថា អាហារដែលអ្នកទទួលទានគឺមានខ្លាញ់តិច កូឡេស្ដេរ៉ូលទាប និងអំបិលតិច ។
៤-រក្សាទម្ងន់ខ្លួនឱ្យស្ថិតក្នុងកម្រិតសុខភាព ៖ ខណៈអ្នកឡើងទម្ងន់ក្នុងវ័យជាមនុស្សធំពេញវ័យ ទម្ងន់នោះគឺជាខ្លាញ់ ពោលគឺមិនមែនជាសាច់ដុំទេ ។ ឡើងទម្ងន់ដោយខ្លាញ់បែបនេះនឹងបង្កើនឱកាសកើតជំងឺបេះដូង ជំងឺលើសឈាម ជំងឺទឹកនោមផ្អែមប្រភេទ២ ហើយកូឡេស្ដេរ៉ូលក៏កើនខ្ពស់ផងដែរ ។ បុរសស្ដ្រីដែលបញ្ចុះទម្ងន់ខ្លួនត្រឹម១០ភាគរយនោះ សម្ពាធឈាមកម្រិតកូឡេស្ដេរ៉ូលនឹងថយចុះ ហើយហានិភ័យពីជំងឺទឹកនោមផ្អែមក៏ថយចុះដែរ ។
៥-ត្រូវឧស្សាហ៍ទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ ៖ សម្ពាធឈាម និងកម្រិតខ្លាញ់កូឡេស្ដេរ៉ូលឡើងខ្ពស់អាចបំផ្លាញបេះដូង និងបណ្ដាសរសៃឈាមក្នុងរាងកាយរបស់អ្នក។ ប៉ុន្ដែបើគ្មានការពិនិត្យធ្វើតេស្ដត្រឹមត្រូវទេនោះ អ្នកមិនអាចដឹងបានទេ ។
ចូរឧស្សាហ៍ទៅពិនិត្យមើល៣ចំណុចដូចខាងក្រោម ៖
-សម្ពាធឈាម ៖ មនុស្សធំពេញវ័យគួរវាស់សម្ពាធឈាមយ៉ាងហោចរៀងរាល់២ឆ្នាំម្ដង ។
- កម្រិតខ្លាញ់កូឡេស្ដេរ៉ូល ៖ ចាប់ពីអាយុ២០ឆ្នាំឡើងទៅ គេគួរទៅពិនិត្យមើលកម្រិតកូឡេស្ដេរ៉ូលយ៉ាងហោចណាស់ម្ដងរៀង រាល់៥ឆ្នាំ ។ សម្រាប់់អ្នកមានអាយុលើសនេះ គួរពិនិត្យឱ្យបានច្រើនជាងនេះ ។
-តាមដានជាតិស្ករក្នុងឈាម និងទឹកនោម ៖ ជាតិស្ករខ្ពស់ក្នុងឈាមជាកត្ដាសំខាន់មួយអាចនាំទៅរកការកើតជំងឺ ទឹកនោមផ្អែម ។ ចូរពិគ្រោះជាមួយគ្រូពេទ្យ និងពិនិត្យរកជំងឺទឹកនោមផ្អែមនៅពេលអ្នកមានអាយុចាប់ពី៣០ឆ្នាំឡើង ទៅ ៕
ប្រភព៖កោះសន្តិភាព
loading...
0 comments:
Post a Comment