ក្នុងការដាំស្ពៃនេះ លោកពូបានរៀបចំសម្ភារ និងវត្ថុធាតុដើមសម្រាប់ដាំមានដូចជា ៖
១. សម្ភារប្រើក្នុងការដាំ
ដបទឹកក្រូចដែលគេប្រើហើយចំណុះ២លីត្រ ខ្សែ ស្រកីដូង ។
២. ការផ្សំជីសម្រាប់់ដាំ
ជី កំប៉ុស្ដ៥០ភាគរយ អង្កាមដុត២០ភាគរយ ផេះ១០ភាគរយ ដី២០ភាគរយ ។ ធាតុផ្សំទាំងនេះច្របល់ចូលគ្នាឲ្យសព្វ សម្រាប់ត្រៀមដាក់ចូលក្នុងដបដាំ ។
៣. ការរៀបចំដាំ
- យកដបទឹកក្រូចចំណុះ២លីត្រទៅកាត់ជា២ផ្នែកដាច់ពីគ្នា ។ ដបផ្នែកខាងគូទចាក់ទឹកបញ្ចូលឱ្យបានពាក់កណ្ដាល ។ ចំណែកផ្នែកខាងក្បាលដប ត្រូវយកស្រកីដូងញ៉ុកមាត់ដបឱ្យជិត រួចដាក់ដីដែលបានផ្សំខាងលើឱ្យជិតពេញ (ទុកឱ្យនៅសល់ប្រវែងមួយចង្អុលដែពីមាត់ដប) ។
- បន្ទាប់មក ចោះមាត់ដបផ្នែកខាងគូទដែលដាក់ទឹកដោយយកខ្សែចងព្យួរទៅលើ រួចយកដបផ្នែកដែលដាក់ដីមកស៊កដាក់ពីលើដបដែលដាក់ទឹក (មើលរូប) ។
- ដកកូនស្ពៃដែលបានសាប ត្រៀមទុកទៅដាំនៅក្នុងដបទឹកក្រូចដែលបានត្រៀមទុកនោះ ដោយក្នុងមួយដបដាំបានតែមួយដើម (ជ្រើសរើសដើមណាដែលថ្លោសល្អ) ។
- ក្រោយពីដាំហើយប្រោះទឹកឱ្យសើមៗ រួចយកទៅចងព្យួរនៅតាមសំយាបផ្ទះក៏បាន ឬកន្លែងណាក៏បាន ធ្វើយ៉ាងណាឱ្យស្ពៃអាចទទួលពន្លឺបានគ្រប់គ្រាន់ ព្រោះស្ពៃជាដំណាំត្រូវការពន្លឺថ្ងៃ ។
៤. ការថែទាំ
នៅ ពេលកូនស្ពៃកំពុងលូតលាស់ គាត់ស្រោចទឹកបន្ថែមតិចៗ ៤-៥ថ្ងៃអាចស្រោចម្ដង ព្រោះទឹកដែលបានចាក់ទុកនៅក្នុងដប ដើម្បីឱ្យដីស្រូបចំហាយទឹកតាមរយៈស្រកីដូងដែលបានចុកនៅមាត់ដប ខ្លះហើយ ។ គាត់ឧស្សាហ៍បន្ថែមទឹកនៅក្នុងដប នៅពេលដែលពិនិត្យឃើញថា ទឹកនៅក្នុងដបរីង។ នៅពេលស្ពៃមានអាយុ១៥-២០ថ្ងៃ គាត់ជ្រំជ្រោយដីឱ្យផុស ដើម្បីឱ្យមានខ្យល់ចេញចូលជំនួយដល់ការលូតលាស់ឫស ។ ចំពោះការដាំស្ពៃក្នុងដបទឹកក្រូច ពុំមានស្មៅ និងសត្វល្អិតបំផ្លាញទេ ។
៥. ការប្រមូលផល
នៅ ពេលស្ពៃអាយុ៤៨ថ្ងៃ គាត់កាត់ស្ពៃយកទៅលក់ ដោយក្នុង១ដើម បានទម្ងន់១គីឡូក្រាម។ គាត់ដាំស្ពៃបានចំនួន១៥ដើម (១៥ដប) សរុបបានប្រហែល១៣គីឡូក្រាម ។ គាត់ដាំស្ពៃនេះសម្រាប់បរិភោគក្នុងគ្រសារ ។
សរុបមក បច្ចេកទេសសំខាន់ៗក្នុងការដាំស្ពៃក្នុងដបមាន៖
- លាយដីសម្រាប់ដាក់ដាំមាន ជីកំប៉ុស្ដ អង្កាមដុត ផេះ ជី ។
- កាត់ដបទឹកក្រូចជា២ផ្នែក ដោយផ្នែកខាងគូថដាក់ទឹក ផ្នែកខាងក្បាលដបដាក់ដីដែលបានលាយរួច ។
- យកកូនស្ពៃដែលមានដើមថ្លោសល្អមកដាំនៅក្នុងដប ដោយ១ដប ដាក់បាន១ដើម ។
- ចងព្យួរដបនៅតាមជញ្ជាំងនៅកន្លែងមានពន្លឺ ដោយដាក់ដបដែលមានដាំស្ពៃស៊កពីលើផ្នែកដបដែលដាក់ទឹក ។
- ថែរក្សាដោយស្រោចទឹករយៈពេល១អាទិត្យម្ដង និងជ្រំជ្រោយដីនៅជុំវិញគល់ស្ពៃ ដើម្បីឱ្យដីធូរ ។
ប្រភព៖កោះសន្តិភាព
loading...
0 comments:
Post a Comment