ថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០១៦
ខេត្តកំពង់ចាម ៖ ផ្ទះថៅកែទិញដំឡូងមីដែលមានទីតាំងស្ថិតនៅភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពង់សៀម ត្រូវចោរមួយក្រុមមានគ្នា៣នាក់ ពាក់ម៉ាសមុខ ប្រដាប់ដោយអាវុធ២ដើម ធ្វើសកម្មភាពចូលចាប់ចងស្ត្រីជាប្រពន្ធជាប់ ដោយបានបោចសក់អូសឡើងលើផ្ទះយកអស់ជាង៧ម៉ឺនដុល្លារ ព្រមទាំងគ្រឿងអលង្ការមួយចំនួនទៀត ។ ហេតុការណ៍ប្លន់ប្រដាប់អាវុធនេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ខណៈពេលដែលម្ចាស់ផ្ទះនៅតែម្នាក់ឯង ។បុរសម្ចាស់ផ្ទះឈ្មោះ យុ ឃិ អាយុ៥៣ឆ្នាំ បានប្រាប់ឲ្យដឹងថា គាត់បានចេញទៅការកូនខាងដន្លងនៅស្រុកស្រីសន្ធរ ដោយបានចេញពីផ្ទះកាលពីថ្ងៃទី២៤មេសា ចំណែកកូនផ្សេងៗទៀតក៏បានចេញទៅការគេដែរ ដោយប្រពន្ធឈ្មោះ ហ៊ឹម ហយ អាយុ៥០ឆ្នាំ នៅផ្ទះតែម្នាក់នោះទេ តែទ្វាររបងដែកខាងមុខគឺមានការប្រុងប្រយ័ត្នបិទត្រឹមត្រូវ ហើយកម្រនឹងមានអ្នកដទៃចូលណាស់ ។
បុរសម្ចាស់ផ្ទះរូបនេះប្រាប់បន្តទៀតថា ស្រាប់តែរហូតមកដល់វេលាម៉ោងជាង៧យប់ ថ្ងៃទី២៥មេសា ប្រពន្ធរបស់គាត់ទូរស័ព្ទប្រាប់ថា «ចោរ៣នាក់ចូលប្លន់យករបស់ទ្រព្យអស់រលីង» គ្រាន់តែស្តាប់ឮដូច្នេះក៏ប្រញាប់ធ្វើដំណើរត្រឡប់មកផ្ទះវិញ ។ ពេលមកដល់ផ្ទះនៅវេលាម៉ោងប្រហែលជាង៩យប់ ពេលនោះឃើញមានកម្លាំងសមត្ថកិច្ចជាច្រើននាក់កំពុងតែស្ថិតនៅក្នុង បរិវេណផ្ទះរបស់គាត់ ។ ប្រពន្ធរបស់បានដំណាលប្រាប់ពីដំណើររឿងដែលបានកើតឡើងថា មុនពេលប្លន់ប្រពន្ធនៅក្រោមផ្ទះឈើ ត្រូវបានចោរ៣នាក់ប្រដាប់ដោយអាវុធវែង១ដើម និងខ្លី១ដើម មកចាប់ប្រពន្ធគាត់ចងដៃដោយចំណងខ្សែលួស រួចបានចាប់បោចសក់ទាញឡើងមកលើផ្ទះ រួចប្រមូលយកទ្រព្យសម្បត្តិដែលដាក់នៅក្នុងប្រអប់គ្រែដេកលើក្បាល ដំណេកអស់ជាច្រើន ហើយបាននាំគ្នាចុះចេញទៅវិញទាំងប្រញាប់ប្រញ៉ាល់តាមទ្វារដែក ខាងក្រោយផ្ទះ ដែលមិនបានចាក់សោរ ។
ម្ចាស់ផ្ទះបានលើកឡើងថា ចោរទាំងនោះតាមការសន្និដ្ឋានមិនអាចមកពីឆ្ងាយទេ ហើយរហូតមកដល់ព្រឹកថ្ងៃទី២៦មេសានេះក៏មិនទាន់ទទួលដំណឹងថាចោរ ទាំងនោះមានប្រភពចេញមកពីណាឲ្យបានច្បាស់លាស់ដែរ គឺសមត្ថកិច្ចកំពុងតែតាមស្វែករកចាប់ខ្លួន ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងដែរថា ចោរប្លន់ទាំង៣នាក់នោះគឺបាននាំគ្នាចូលមកប្លន់ផ្ទះថៅកែដំឡូង មីនេះតាមច្រកខាងក្រោយផ្ទះ ដោយមានស្លៀកខោខូវប៊យ១ និងពាក់អាវខូវប៊យទាំងអស់គ្នាផងដែរ ដោយបានសួរថាប្តីទៅណា ? បន្ទាប់មកក្រុមចោរឲ្យប្រមូលលុយឲ្យទៅពួកវា ក្នុងនោះមានចោរម្នាក់បានទាញខ្សែលួសពីចង្កេះមកចងដៃស្ត្រី ម្ចាស់ផ្ទះ រួចចាប់បោចសក់ទាញឡើងទៅលើផ្ទះ ហើយបានយកដែកក្រចកជ្រូកទៅវាយ និងគាស់ប្រអប់គ្រែដេកប្រមូលលុយអស់ជាង៧ម៉ឺនដុល្លារ, ខ្សែកមាស១តម្លឹងកន្លះ, ខ្សែដៃមាស១តម្លឹង, ខ្សែកកូនស្រីឈ្មោះ ធិតា ១តម្លឹង បន្ទាប់មកចោរបានប្រញាប់នាំគ្នាគេចខ្លួនចេញទៅតាមទ្វារខាងក្រោយ ផ្ទះ ដែលមានអាវុធ២ដើម ក្នុងនោះអាកាកាត់ស្វាយ១ដើម និងកាំភ្លើងខ្លី១ដើមទៀត ។
សូមបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី២៦មេសានេះ ស្ត្រីរងគ្រោះជាម្ចាស់ផ្ទះត្រូវបានសមត្ថកិច្ចហៅមកបំភ្លឺនៅ ប៉ុស្តិ៍រដ្ឋបាលឃុំអូរស្វាយ ដោយមានទឹកមុខមិនសប្បាយចិត្ត ហើយដើរទាំងអស់កម្លាំងផង ដោយសារតែចោរប្លន់អស់ទ្រព្យពីខ្លួនរលីងទៅហើយនោះ ។ ចំណែកសមត្ថកិច្ចវិញមានទាំងនគរបាល និងអាវុធហត្ថ កំពុងតែធ្វើការស្រាវជ្រាវ សួរនាំម្ចាស់ផ្ទះបន្ថែមទៀត ដើម្បីកំណត់អត្តសញ្ញាណក្រុមចោរប្លន់ទាំងនោះមានប្រភពចេញមកពីណា ៕
ប្រភព៖កោះសន្តិភាព
loading...
0 comments:
Post a Comment