ពលរដ្ឋ​រក​សេវា​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​សរសើរ​ថា​ពេទ្យ​មាន​វិជ្ជាជីវៈ

loading...
មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ២០១៦ ៨៥៥
ប្រជាពលរដ្ឋ​ទៅ​រក​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៦។

ប្រជាពលរដ្ឋ ឬ​អ្នក​ជំងឺ​ដែល​រក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ បាន​កោត​សរសើរ​ថ្នាក់​ដឹក​នាំ និង​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​ព្យាបាល​នេះ ថា​មាន​វិជ្ជាជីវៈ និង​ផ្តល់​សេវា​ព្យាបាល​ដល់​អ្នក​ជំងឺ​ទូទៅ​ដោយ​មិន​រើសអើង និង​ឆាប់​រហ័ស មាន​ស្តង់ដារ ឬ​និយាម​ល្អ​សមរម្យ។
ប្រជាពលរដ្ឋ​ទូទៅ​ដែល​មក​រក​សេវា​ព្យាបាល​ជំងឺ​ផ្សេងៗ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា មាន​ការ​ភ្ញាក់​ផ្អើល និង​លាន់​មាត់​ថា មន្ទីរពេទ្យ​នេះ​បាន​អភិវឌ្ឍ​ឲ្យ​មាន​អគារ​ព្យាបាល និង​អគារ​ធ្វើ​ការ​សម្រាប់​ក្រុម​គ្រូពេទ្យ​ច្រើន​អគារ និង​មាន​ទីធ្លា​ធំ​ទូលាយ ហើយ​មាន​ថ្នាំ​ពេទ្យ និង​បំពាក់​នូវ​ឧបករណ៍​ពេទ្យ​ទំនើបៗ។
ស្ត្រី​ឈ្មោះ ស្រ៊ន គី ដែល​នាំ​កូន​តូច​មក​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ បាន​បង្ហាញ​អារម្មណ៍​រីករាយ ដែល​បាន​ជួប​ជាមួយ​ថ្នាក់​ដឹក​នាំ​មន្ទីរពេទ្យ និង​ក្រុម​គ្រូពេទ្យ​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​មាន​ភាព​រួសរាយ​រាក់​ទាក់​ជាមួយ​អ្នក​ជំងឺ និង​បើក​ទូលាយ​ក្នុង​ការ​ផ្តល់​ការ​ប្រឹក្សា​យោបល់​ទាក់ទង​ប្រភេទ​ជំងឺ​ផ្សេងៗ៖ «គ្រូពេទ្យ​ពិនិត្យ​ព្យាបាល​ដិតដល់ និង​មាន​ថ្នាំ​ផ្តល់​ជូន​គ្រប់​ចំនួន។ ហើយ​អ្នក​ជំងឺ​ក្រីក្រ​រស់នៅ​ផ្ទះ​ជួល​ជាដើម គឺ​ខាង​អង្គការ​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​ជា​អ្នក​ធានា​ចេញ​ថ្លៃ​ពេទ្យ​ជាដើម»
ចំណែក​បុរស​ឈ្មោះ សេង សូត្រ ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​ច្រើន​ទៀត​ដែល​ជូន​ភរិយា​មក​ពិនិត្យ​ជំងឺ ក៏​បាន​គាំទ្រ​ការ​ដឹក​នាំ​របស់​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ និង​ក្រុម​គ្រូពេទ្យ​ជំនាញ ដែល​គោរព​វិជ្ជាជីវៈ និង​ទទួល​ពិនិត្យ​ព្យាបាល​អ្នក​ជំងឺ​ដោយ​មិន​រើសអើង។ លោក​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​នេះ រាល់​សកម្មភាព​ការងារ​របស់​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​នេះ គឺ​មាន​ការ​រីក​ចម្រើន ហើយ​អ្នក​ជំងឺ​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​ពី​ក្រុម​គ្រូពេទ្យ​ប្រចាំ​ការ ទោះ​បី​ជា​អ្នក​ជំងឺ​ទាំង​នោះ​មាន​លុយ​បង់​សេវា ឬ​មិន​មាន​លុយ​បង់​សេវា​ក្តី ក៏​មន្ទីរពេទ្យ​នេះ​ទទួល​ព្យាបាល​គ្រប់​អ្នក​ជំងឺ ដែល​បាន​បាន​មក​ដល់​មន្ទីរពេទ្យ​នេះ​គ្រប់​គ្នា​ទាំងអស់៖ «ក្រុម​គ្រូពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ មាន​ទង្វើ ឬ​កាយវិការ​រួសរាយ​រាក់​ទាក់​ជាមួយ​អ្នក​ជំងឺ​ល្អ​បាន​ច្រើន ដែល​ខុស​ប្លែក​ពី​ពេល​មុន​ដាច់​ស្រឡះ។ ខ្ញុំ​គាំទ្រ​សេវា​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នេះ»
រីឯ​ប្រជាពលរដ្ឋ និង​អ្នក​ជំងឺ​ទូទៅ​ច្រើន​នាក់​ទៀត​ដែល​មក​រក​សេវា​ព្យាបាល និង​ប្រឹក្សា​យោបល់​ទៅ​លើ​ប្រភេទ​ជំងឺ​ផ្សេងៗ ឬ​ស្ត្រី​មាន​ផ្ទៃពោះ​ជាដើម ក៏​បាន​គាំទ្រ​ថ្នាក់​ដឹក​នាំ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ដែល​បាន​ដឹក​នាំ​មន្ទីរពេទ្យ​នេះ​មាន​ការ​រីក​ចម្រើន​ក្នុង​រយៈពេល ២ ទៅ ៣​ឆ្នាំ​ចុង​ក្រោយ​នេះ នាំ​ឲ្យ​មាន​អគារ​ច្រើន​សម្រាប់​ព្យាបាល​អ្នក​ជំងឺ។
មន្ទីរពេទ្យ​នេះ​ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន បាន​សម្ពោធ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ និង​ចំណាយ​ទឹក​ប្រាក់​សាងសង់​សរុប​ជាង ១៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​ពេលវេលា​សាងសង់​ចំនួន ១៩​ខែ ចាប់​ពី​ខែ​មេសា ឆ្នាំ​២០១៤ ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ក្នុង​នោះ​មាន​អគារ​សង្គ្រោះ​បន្ទាន់ និង​វះ​កាត់ អគារ​រដ្ឋបាល អគារ​ផ្នែក​សម្ភព រោគ​ស្ត្រី និង​ជំងឺ​កុមារ ជាដើម។ គ្រប់​អគារ​សង្គ្រោះ ពិនិត្យ​ព្យាបាល និង​អគារ​សម្រាក​ព្យាបាល​របស់​អ្នក​ជំងឺ គឺ​បាន​បំពាក់​នូវ​ឧបករណ៍​វេជ្ជសាស្ត្រ ឬ​ឧបករណ៍​សង្គ្រោះ​ទំនើបៗ និង​អគារ​នីមួយៗ​មាន​បំពាក់​ម៉ាស៊ីន​ត្រជាក់។
អគារ​ទើប​សាងសង់​បន្ថែម​លើ​អគារ​មន្ទីរពេទ្យ​បង្អែក​ចាស់ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន ពេល​នេះ​មាន​ចំនួន ៥​អគារ។ អ្នក​ជំងឺ​ដែល​មក​ពិនិត្យ ឬ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ជា​អចិន្ត្រៃយ៍​មាន​ចំនួន​ប្រមាណ ១០០​នាក់ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ជា​មធ្យម​ចំនួន ២០​នាក់ បាន​ចូល​មក​សម្រាក និង​ទទួល​ការ​ព្យាបាល​ជា​រៀង​រាល់​ថ្ងៃ។
មិន​មែន​តែ​ប្រជាពលរដ្ឋ​ទេ​ដែល​គាំទ្រ​ការ​ដឹក​នាំ និង​ការ​បំពេញ​ការងារ​របស់​ក្រុម​គ្រូពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ មាន​វិជ្ជាជីវៈ​នោះ​ទេ សូម្បី​មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​រាជការ​នៅ​តាម​ស្ថាប័ន​មួយ​ចំនួន​នា​មូលដ្ឋាន​នេះ ក៏​សាទរ​ភាព​រីក​ចម្រើន​របស់​មន្ទីរពេទ្យ​នេះ និង​បាន​នាំ​យក​សម្ភារៈ​ផ្សេងៗ​មាន​ដូចជា តុ កៅអី និង​ធុង​សំរាម ជាដើម ផ្តល់​ជូន​មន្ទីរពេទ្យ​នេះ។
មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែល​បាន​នាំ​ភរិយា​ទៅ​ពិនិត្យ​ផ្ទៃពោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នេះ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៩ ខែ​មេសា ឲ្យ​ដឹង​ថា មន្ទីរពេទ្យ​នេះ​ពិត​ជា​មាន​ការ​រីក​ចម្រើន និង​មាន​អគារ​ពិនិត្យ​ព្យាបាល​ជំងឺ​បំពាក់​ដោយ​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើប គួរ​ឲ្យ​អ្នក​ជំងឺ​មាន​ទំនុក​ចិត្ត៖ «បើ​ប្រៀបធៀប​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន គឺ​មន្ទីរពេទ្យ​នេះ​មាន​ការ​រីក​ចម្រើន​ច្រើន​មែន​ទែន។ ប្រជាជន​ទូទៅ​បាន​មក​រក​សេវា​ពិនិត្យ​ព្យាបាល​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូត​រក​គ្រែ​សម្រាប់​ផ្តល់​ជូន​អ្នក​ជំងឺ​សម្រាក​ស្ទើរ​ពុំ​បាន គឺ​ពេញៗ​រាល់​ថ្ងៃ។ សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ គឺ​ទាំង​ប្រជាពលរដ្ឋ​មាន​ធនធាន និង​ខ្វះ​ធនធាន បាន​មក​ទទួល​សេវា​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ទាំងអស់​គ្នា។ ខ្ញុំ​គិត​ថា មន្ទីរពេទ្យ​ខេត្ត​នេះ​នឹង​រីក​ចម្រើន​មួយ​កម្រិត​ថែម​ទៀត​នា​ថ្ងៃ​អនាគត»
សេង ណុង ២០១៦ ៨៥៥
ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ លោក សេង ណុង ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Den Ayuthyea
ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ គឺ​លោក​វេជ្ជបណ្ឌិត សេង ណុង មាន​ប្រសាសន៍​ថា ក្នុង​អាណត្តិ​ដឹក​នាំ​របស់​លោក​ប្រមាណ​ជិត ៣​ឆ្នាំ​មក​នេះ មន្ទីរពេទ្យ​នេះ​ទទួល​បាន​ជំនួយ​ពី​រដ្ឋាភិបាល​ជប៉ុន ដើម្បី​សង់​អគារ​ធំ​ស្កឹមស្កៃ និង​បំពាក់​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗ និង​បង្កើន​ចំណូល​រដ្ឋ​ជា​បន្តបន្ទាប់ បើ​ប្រៀបធៀប​កាល​ពី​ឆ្នាំ​២០១២ ក្រោម​កម្មវិធី​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ លោក​ថា ចំណូល​បាន​កើន​ចំនួន​ប្រមាណ​ជិត ១៤០​លាន​រៀល (១៣៥​លាន​រៀល) ក្នុង​ខែ​មីនា ឆ្នាំ​២០១៦ ដែល​កាល​ពី​ឆ្នាំ​២០១២ ចំណូល​ទទួល​បាន​ក្នុង​រង្វង់ ៥០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។
លោក សេង ណុង មាន​មោទនភាព​នៅ​គ្រា​មន្ទីរពេទ្យ​នេះ​មាន​ជំនួយ​គាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន ហើយ​ក្រុម​គ្រូពេទ្យ​ភាគ​ច្រើន បាន​បំពេញ​វិជ្ជាជីវៈ​បាន​ត្រឹមត្រូវ និង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ និង​ថ្នាក់​ដឹក​នាំ​ក្រសួង​សុខាភិបាល ពិសេស​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល៖ «ដូច​ប្រសាសន៍​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​អ៊ីចឹង គឺ​មិន​មែន ៩៩​ភាគរយ​អាក្រក់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គឺ ៩៩​ភាគរយ​ល្អ​ទៅ​វិញ​ទេ។ ដូច្នេះ រាល់​ប្រជាពលរដ្ឋ ឬ​អ្នក​ជំងឺ​ដែល​ចូល​មក​ដល់​មន្ទីរពេទ្យ​នេះ គឺ​ក្រុម​គ្រូពេទ្យ​តាម​ជំនាញ​នីមួយៗ បាន​យក​ចិត្ត​ទុក​ដាក់​ទទួល​ពិនិត្យ និង​ព្យាបាល​គ្រប់​គ្នា​ទាំងអស់ ដោយ​មិន​គិត​ថា​អ្នក​មាន ឬ​អ្នក​ក្រ​គ្មាន​លុយ ឬ​មាន​លុយ​នោះ​ទេ គឺ​ទទួល​ពិនិត្យ​ព្យាបាល​ទាំងអស់»
លោក​វេជ្ជបណ្ឌិត សេង ណុង ដែល​មាន​វិញ្ញាបនបត្រ​គ្រប់គ្រង​មន្ទីរពេទ្យ និង​ឆ្លង​កាត់​វគ្គ​បណ្តុះបណ្តាល​ការ​គ្រប់គ្រង​មន្ទីរពេទ្យ និង​សុវត្ថិភាព​អ្នក​ជំងឺ និង​លើក​កម្ពស់​គុណភាព​សេវា​ព្យាបាល​អ្នក​ជំងឺ​ពី​ប្រទេស​ជប៉ុន ឲ្យ​ដឹង​ថា រាល់​អ្នក​ជំងឺ​ដែល​នាំ​មក​ដល់​មន្ទីរពេទ្យ​នេះ ទោះ​អ្នក​ជំងឺ ឬ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ទាំង​នោះ​មាន​លុយ​ជាប់​មក​ជាមួយ​ខ្លួន​ក្តី ឬ​អត់​លុយ​ក្តី ក៏​ទទួល​បាន​សេវា​ព្យាបាល​គ្រប់ៗ​គ្នា និង​គ្មាន​ការ​រើសអើង​ទេ។ សម្រាប់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ គឺ​ខាង​មន្ទីរពេទ្យ​មាន​សេវា​ព្យាបាល​ដោយ​មិន​យក​ប្រាក់​កម្រៃ ដោយ​បាន​សហការ​ជាមួយ​អង្គការ​ដៃគូ​មាន​ឈ្មោះ​ថា អង្គការ​ព្រះពុទ្ធ​សាសនា ដើម្បី​សុខភាព​ជា​អ្នក​ធានា​រ៉ាប់រង៕
ប្រភព៖វិទ្យុអាស៊ីសេរី
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment