លោកមេធាវី ជូង ជូងី ថ្លែងទៅកាន់អ្នកកាសែត នៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥។
សាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃសុក្រ ទី២២ ខែមេសា បានបដិសេធការស្នើសុំរបស់មេធាវីលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
មេធាវីការពារក្ដីរបស់លោក អ៊ុំ សំអាន គឺលោក ជូង ជូងី មានប្រសាសន៍ថា លោកបានទទួលការឆ្លើយតបពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង ហើយថា ការសម្រេចមិនឲ្យនៅក្រៅឃុំនេះ គឺមូលហេតុគ្មានមធ្យោបាយណាប្រសើរជាងនេះ ដើម្បីតុលាការដំណើរការតាមនីតិវិធីដែលត្រូវរក្សាជនត្រូវជាប់ក្នុងឃុំដដែល៖ «ខ្ញុំបានទទួលពាក្យសុំបដិសេធនេះរួចហើយ។ ខ្ញុំយល់ថា អត់ត្រឹមត្រូវ។ ខ្ញុំនឹងពិភាក្សាជាមួយកូនក្ដីខ្ញុំពីការប្ដឹងឧទ្ធរណ៍»។
កាលពីថ្ងៃទី២១ ខែមេសា លោក ជូង ជូងី បានដាក់បណ្ដឹងសុំដោះលែងកូនក្ដីរបស់ខ្លួន លោក អ៊ុំ សំអាន នៅក្រៅឃុំបណ្ដោះអាសន្ន។ លោកយល់ឃើញថា សំណុំរឿងលោក អ៊ុំ សំអាន ពុំមានអង្គហេតុនៃបទល្មើសដែលស៊ីចង្វាក់ទៅនឹងបទចោទរបស់ព្រះរាជអាជ្ញានោះឡើយ។
ការឆ្លើយតបរបស់តុលាការនេះ ធ្វើឡើងភ្លាមៗនៅថ្ងៃដដែល បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំនៅទីស្ដីការគណៈរដ្ឋមន្ត្រី ថា ការចាប់ខ្លួនអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន គឺត្រឹមត្រូវតាមច្បាប់៕
ប្រភព៖ វិទ្យុអាស៊ីសេរី
loading...
0 comments:
Post a Comment