អាំង សំអាត មកពីក្លិបតាព្រហ្មមានជ័យ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះវីហ្គោ ស.ដានឆ័យ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ខណៈឡន លឿប មកពីក្លិបកងពលតូចលេខ៧០ ប្រកួតជាមួយកីឡាករថៃឈ្មោះអីុនស៊ីឌែង វិរិយៈហ្វាម ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។
រវាងអាំង សំអាត និងវីហ្គោ ស.ដានឆ័យ មិនធ្លាប់ជួបគ្នាទេពីមុនមក ទោះបីអ្នកប្រដាល់ថៃរូបនេះធ្លាប់មកប្រកួតនៅស្រុកខ្មែរជាច្រើន លើកក្ដី ។ អាំង សំអាត ធ្លាប់ប្រកួតបាន៨៩ដង ឈ្នះ៦៨ដង ចាញ់១៦ដង ស្មើ៥ដង និងធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់បាន១០ដង ។ ចំណែកវីហ្គោ ស.ដានឆ័យ ធ្លាប់ប្រកួតបានតែ៤៨ដងប៉ុណ្ណោះ ក្នុងនោះឈ្នះ៤២ដង ចាញ់៦ដង និងធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់នៅលើសង្វៀនបាន៦ដង ។ ថ្វីដ្បិតតែគេមានប្រវត្តិប្រកួតមិនច្រើនដូចអាំង សំអាតមែន ប៉ុន្តែកុំមើលស្រាលឱ្យសោះ ព្រោះកីឡាករថៃរូបនេះមានល្បិចប្រយុទ្ធនៅលើសង្វៀនល្អខ្លាំងណាស់ និងមិនដែលចាញ់កីឡាករខ្មែរទៀតផង ។ ទោះជាយ៉ាងណា អាំង សំអាត ក៏មិនមែនជាជើងអន់ដែលងាយស្រួលយកឈ្នះនោះឡើយ ដូច្នេះចាំមើលលើកនេះ តើកីឡាករថៃរូបនេះមានសំណាងដូចមុន ឬអត់ក្នុងពេលកីឡាករកម្ពុជាដែលគេត្រូវជួបកំពុងស្រេកឃ្លាន ជ័យជម្នះខ្លាំងបែបនេះ ?
ឡន លឿប ជួបកីឡាករថៃលើកនេះក៏ទទួលការចាប់អារម្មណ៍ខ្លាំងណាស់ដែរ ដោយសារមួយរយៈមកនេះ គេប្រកួតមិនសូវដែលចាញ់ឡើយ ។ ដូច្នេះសម្រាប់កីឡាករថៃដែលមិនធ្លាប់មកប្រកួតនៅស្រុកខ្មែរពីមុន មកនោះ អាចពិបាកបន្តិចហើយ ទោះបីកីឡាករថៃរូបនេះមានប្រវត្តិប្រកួតលើសគេជាង២០ដងក្ដី ។ ឡន លឿប ធ្លាប់ប្រកួតបានតែ៤០ដងប៉ុណ្ណោះក្នុងនោះឈ្នះ២៨ដង ចាញ់១១ដង ស្មើ១ដង និងផ្ដួលគូប្រកួតបាន២១ដង។ ចំណែកកីឡាករថៃឈ្មោះ អីុនស៊ីឌែង វិរិយៈហ្វាមវិញ ធ្លាប់ប្រកួតបានដល់ទៅ៦១ដង ឈ្នះ៥០ដង ចាញ់១០ដង និងស្មើ១ដង ។ ឡន លឿប គេមានទំនុកចិត្តត្រង់មានផ្លែកែង ជង្គង់ និងជើងទាត់ល្អ គ្រាន់តែចលនានៃការវាយចេញរបស់គេរាងយឺតយ៉ាវបន្តិចប៉ុណ្ណោះ ។ រីឯកីឡាករថៃអត់មានអ្នកណាដឹងពីល្បិចប្រយុទ្ធនៅលើសង្វៀនរបស់គេ ថាខ្លាំងប៉ុនណាទេ ។ ចាំមើល ឡន លឿប អាចផ្ដួលអ្នកប្រដាល់ថៃរូបនេះបានឬអត់ ខណៈកីឡាកររូបនេះអះអាងថា នឹងមិនធ្វើឱ្យអ្នកគាំទ្រខ្លួនខកចិត្តឡើយ?
គូផ្សេងទៀតមាន កីឡាករព្រំ វី មកពីក្លិបកងពលធំអន្តរាគមន៍លេខ៨ភ្នំទ្រព្យ ប្រកួតជាមួយកីឡាករ គង់ ហូវ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ។ កីឡាករសេក ចាន់រាជ មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប ប្រកួតជាមួយកីឡាករហែល វ៉ា មកពីក្លិបឃ្លាំងមឿងកីឡា និងកីឡាករឡុង រ៉ាមី មកពីក្លិបខ្លារខិនមានរិទ្ធ ប្រកួតជាមួយកីឡាករ យ៉ន ពិសី មកពីក្លិបសាលវ័ន្តកីឡា ៕
ប្រភព៖កោះសន្តិភាព
loading...
0 comments:
Post a Comment