ពិធីស្វាគមន៍វីរកីឡាការិនី ស៊ន សៀវម៉ី នាថ្ងៃនោះគឺមាន២វគ្គដោយវគ្គ១គឺការទៅទទួលនាងដល់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញ និងវគ្គ២គឺកិច្ចសំណេះសំណាល និងផ្ដល់ប្រាក់រង្វាន់ឧបត្ថម្ភដល់នាងនៅគណៈកមា្មធិការជាតិអូ ឡាំពិកកម្ពុជា ។ នៅក្នុងពិធីសំណេះសំណាល ក្រោមវត្តមានលោករដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា រួមនឹងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត កញ្ញា ស៊ន សៀវម៉ី បានអះអាងថា មុនការប្រកួតឈ្នះមេដាយមាសលើកទី១ដើម្បីទទួលបានសិទ្ធិទៅប្រកួត នៅក្នុងព្រឹត្តិការណ៍អូឡាំពិក អារម្មណ៍របស់នាងមិនស្រួលនោះទេ ដោយសារតែនាងខ្លាចចាញ់ការប្រកួតនាំឲ្យនាងដេកមិនលក់ ហើយកម្លាំងក៏មិនពេញ ។ នាងថា សប្បាយចិត្តចង់ហោះនៅពេលលទ្ធផលតស៊ូធ្វើឲ្យនាងទទួលបានមេដាយមាស សម្រាប់ការប្រកួតជម្រុះប្រចាំទ្វីបអាស៊ី ដែលជាក្ដីសង្ឃឹមទី១ ដែលនាងរំពឹងចង់បានបំផុតមុនពេលចាកចេញទៅប្រកួតនៅហ្វ៊ីលីពីន។ បន្ទាប់មក សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកតំបន់អាស៊ី គឺនាងរឹតតែមានបញ្ហាមុនឈានដល់វគ្គចុងក្រោយដោយសារតែនាងគេងក៏ មិនសូវគ្រប់គ្រាន់ ហើយកម្លាំងក៏ទើបតែប្រកួតអស់ក្នុងពេលទទួលបានមេដាយមាស ។ នាងនិយាយថា៖«មុនបានមេដាយមាស ខ្ញុំមានអារម្មណ៍ច្របូកច្របល់យ៉ាងខ្លាំង ប៉ុន្តែបើនិយាយពីរឿងភ័យគឺពេលប្រកួតក្នុងព្រឹត្តិការណ៍ទី២នោះ តែម្ដង ដោយសារតែទើបប្រកួតអស់កម្លាំងផង ហើយភ័យមិនចង់ចាញ់ផង អ៊ីចឹងហើយទើបខ្ញុំប្រកួតបានត្រឹមតែមេដាយប្រាក់ បើទោះជាខ្ញុំប្រឹងអស់ពីសមត្ថភាពទៅហើយក្តី!»។ នាងថា នាងទទួលបានមេដាយទាំងពីរ គឺជារឿងលំបាកខ្លាំងណាស់ព្រោះមិនមែនប្រកួតក្នុងលក្ខណៈប្រឡែងគ្នា ដូចអ្នកខ្លះបានបង្ហាញការរិះគន់នៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ ឡើយ ។
លោករដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអះអាងថានេះជាលើកទី ១ដែលកម្ពុជាទទួលបានសិទ្ធិចេញទៅប្រកួតនៅអូឡាំពិកក្នុងរយៈពេល ៦២ឆ្នាំ ដោយសារតែកន្លងមកឲ្យតែមានការប្រកួតជម្រុះតាមទ្វីប គឺកីឡាករ-កីឡាការិនីកម្ពុជាមិនដែលទទួលបានឱកាសនោះទេ ។ លោកបានសម្រេចប្រគល់ថវិកាលើកទឹកចិត្តចំនួន១ពាន់ដុល្លារដល់ កីឡាការិនី ស៊ន សៀវម៉ី, ៥០០ដុល្លារដល់លោកគ្រូ ឆយ យ៉ុងសុខ និង៥០០ដុល្លារទៀតដល់កីឡាការិនី ឈឿម ពុទ្ធារីម ដែលឈ្នះមេដាយសំរឹទ្ធពីការប្រកួតជើងឯកកីឡាអាស៊ានហ្គេម ដែលនេះគ្រាន់តែជាទឹកប្រាក់ឧបត្ថម្ភចេញពីគណៈកម្មាធិការជាតិអូឡាំ ពិកកម្ពុជាប៉ុណ្ណោះ ។ លោកថា ប្រាក់រង្វាន់របស់នាងនឹងទទួលបានច្រើនជាងនេះដើម្បីឲ្យសមនឹង អ្វីដែលនាងធ្វើបាននៅក្នុងព្រឹត្តិការណ៍កីឡាលំដាប់ទ្វីប ។
យោងតាមព័ត៌មានក្រៅផ្លូវការ ស៊ន សៀវម៉ី ត្រូវទទួលបានទឹកប្រាក់ឧបត្ថម្ភពីសម្ដេចតេជោនាយករដ្ឋមន្ត្រីចំនួន ៨០លានរៀលសម្រាប់មេដាយមាស និង១៣លានរៀលទៀតសម្រាប់មេដាយប្រាក់ដែលនាងទទួលបានពីការប្រកួត នៅក្នុងប្រទេសហ្វ៊ីលីពីន ។ ទឹកប្រាក់ទាំងនេះនឹងត្រូវប្រគល់ជូនក្នុងពេលដ៏ខ្លីដែលត្រូវគេ មើលឃើញថាមិនតិចនោះទេ បើធៀបនឹងអ្វីដែលនាងទទួលបានកាលពីឆ្នាំ២០១៤កន្លងទៅ។ ទោះបីយ៉ាងណា ទឹកប្រាក់ជាច្រើនលានរៀលនេះ មិនមែនប្រាក់រង្វាន់ដែលមានចែងនៅក្នុងអនុក្រឹត្យឡើយ ដោយសារតែមេដាយដែលនាងទទួលបានមិនមែនជាការប្រកួតជម្រុះ ព្រឹត្តិការណ៍ Game ។ មន្ត្រីដែលបានទម្លាយព័ត៌មានអះអាងថា ប្រាក់រង្វាន់ជិត១០០លានរៀលនោះ គឺជាការសម្រេចឲ្យដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឲ្យនាងកាន់តែមានទឹកចិត្តបន្តដំណើរទៅកាន់ព្រឹត្តិការណ៍អូ ឡាំពិក ដោយធាតុពិតគឺនាងទទួលបានតែប្រាក់លើកទឹកចិត្តដែលខាងអូឡាំពិក ផ្ដល់ឲ្យក្នុងថ្ងៃចុះពីលើយន្តហោះប៉ុណ្ណោះ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបញ្ជាក់ថា ក្រោយពីមកដល់មាតុប្រទេសវិញប្រមាណជាកន្លះខែ ស៊ន សៀវម៉ី នឹងត្រូវបញ្ជូនឲ្យទៅហ្វឹកហាត់នៅប្រទេសកូរ៉េចាប់ពី២ទៅ៣ខែ ដោយខាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានត្រៀមស្នើសុំទៅ កាន់ភាគីកូរ៉េដែលធ្លាប់ជ្រោមជ្រែងឲ្យនាងហ្វឹកហាត់កន្លងមករួចហើយ ។ លោកមានប្រសាសន៍ថា៖ «សម្រាប់អូឡាំពិកនៅខែសីហាហ្នឹង អាសៀវម៉ី ដាច់ខាតត្រូវតែហ្វឹកហាត់នៅបរទេសយ៉ាងហោចជាង២ខែមុនទៅប្រកួត ហើយកូរ៉េគេពិតជាទទួលឲ្យធ្វើការហ្វឹកហាត់តាមការស្នើសុំរបស់យើង ដោយសារតែនាងទើបតែឈ្នះមេដាយបានកៅអីទៅប្រកួតនៅអូឡាំពិកជាលើក ទី១បែបនេះ!» ។ ទោះមិនទាន់សង្ឃឹមខ្ពស់សម្រាប់លទ្ធផលនៅអូឡាំពិក ប៉ុន្តែលោកបញ្ជាក់ថា ក៏ជាមុខមាត់មួយដែលនាងបានអង្គុយកៅអីនាំមុខគេក្នុងទ្វីបអាស៊ី ហើយបានទៅប្រកួតនៅអូឡាំពិកដោយកិត្តិយសមិនមែនក្នុងលក្ខខណ្ឌ អនុគ្រោះឡើយ ៕
ប្រភព៖កោះសន្តិភាព
loading...
0 comments:
Post a Comment