ខកខានមិនបានសម្ដែងរឿង រយៈពេលជាង១០ឆ្នាំ អ្នកនាង ស៊ឹម សូលីកា បានបង្ហាញវត្តមានគួរឲ្យភ្ញាក់ផ្អើល ចូលរួមក្នុងពិធីក្រុងពាលីថតរឿង «ទឹកចិត្តម្ដាយសម័យថ្មី» នៅឯគេហដ្ឋានរបស់អ្នកស្រី ពាន់ ភួងបុប្ផា ក្នុងសង្កាត់ព្រែកឯង នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ ដែលជាការបើកទំព័រថ្មីមួយទៀត ក្នុងការវិលមករកអាជីពសម្ដែងវិញ។ ទោះបីជា ស៊ឹម សូលីកា ឃ្លាតឆ្ងាយពីពិភពសម្ដែងយូរឆ្នាំហើយក្ដី ប៉ុន្តែអ្នកនាង ត្រូវបានមហាជនឃើញវត្តមានរបស់នាងជាហូរហែ ក្នុងតំណែងជាពិធីការិនី នៅក្នុងកញ្ចក់ទូរទស្សន៍បាយ័ន និងការថតស្ពតពាណិជ្ជកម្មខ្លីៗ របស់ផលិតផលនានា។
ការទំនាក់ទំនង ដើម្បីឲ្យអ្នកនាង ស៊ឹម សូលីកា ចូលសម្ដែងក្នុងរឿងរបស់ខ្លួនបាន ពិតជារឿងមួយ មិនងាយស្រួលនោះឡើយ ប៉ុន្តែសម្រាប់ អ្នកស្រី ពាន់ ភួងបុប្ផា ដែលជាអ្នកនិពន្ធ និងដឹកនាំសម្ដែងដ៏ល្បីមួយរូប គឺអាចធ្វើបានដោយងាយ និងថែមទាំងបានកៀគរ តារាសម្ដែង៣ជំនាន់ ឲ្យមកសម្ដែងរួមគ្នា ក្នុងរឿងថ្មីរបស់លោកស្រីទៀតផង។
ថ្លែងប្រាប់ Khmertalking នៅព្រឹកមិញនេះ អ្នកនាង ស៊ឹម សូលីកា បានសម្ដែងអារម្មណ៍រំភើបរីករាយ ពេលបានមកចូលរួមប្រឡូក ក្នុងការងារសម្ដែងវិញ ហើយបើទោះបីជារូបនាងខកខានមិនបានសម្ដែងរឿង ជាច្រើនឆ្នាំមកហើយក្ដី ប៉ុន្តែក្នុងចិត្តមិនដែលគិតថា នឹងបោះបង់ការងារមួយនេះចោលទេ ព្រោះសិល្បៈគឺនាងពេញចិត្តទាំងអស់។ ចំពោះមូលហេតុដែល ស៊ឹម សូលីកា មកបង្ហាញវត្តមានក្នុងរឿង «ទឹកចិត្តម្ដាយសម័យថ្មីនេះ» ត្រូវបាននាងបញ្ជាក់ថា ដោយសារតែនាងធ្លាប់ស្គាល់ពីស្នាដៃនិពន្ធ និងដឹកនាំាសម្ដែងរបស់អ្នកស្រី ពាន់ ភួងបុប្ផា ធ្វើឲ្យអ្នកនាង មានជំនឿទុកចិត្ត និងផ្ដល់កិត្តិយសចូលរួមសម្ដែង គួបផ្សំជាមួយនឹងឱកាសក៏ផ្ដល់ឲ្យសមរម្យ។
ស៊ឹម សូលីកា និយាយថា «ការវិញត្រឡប់មកកាន់ការសម្ដែងជាថ្មីនេះ គឺដោយសារតែស្នាដៃរបស់អ្នកមីង ពាន់ ភួងបុប្ផា ដែលខ្ញុំធ្លាប់ចូលរួម និងធ្វើការងារជាច្រើនជាមួយគាត់ តាំងពីដើមឆ្នាំ២០០២-២០០៣ គឺថាល្អ ហើយរហូតដល់ពេលនេះ មានការអញ្ជើញឲ្យខ្ញុំចូលរួមជាថ្មី ខ្ញុំក៏ពិចារណា និងសម្រេចមកវិញ ក្នុងរឿងថ្មីនេះ ព្រោះតែខ្ញុំមើលឃើញពីស្នាដៃ និពន្ធ និងដឹកនាំសម្ដែងរបស់គាត់។ ក្នុងរឿងនេះ ខ្ញុំសម្ដែងជាតួអង្គម្ដាយម្នាក់ ក្នុងចំណោមម្ដាយទាំង៣នាក់ (មានអ្នកនាង អម្ពរ ទេវី និងអ្នកនាង ស្វែង សុជាតា) ហើយខ្ញុំនៅជាតួអង្គទី២ គឺម្ដាយថ្នាក់កណ្ដាល មានជីវភាពមធ្យម»។
អតីតតារាសម្ដែងធ្លាប់មានឈ្មោះល្បី និងជាពិធីការិនីមានឥទ្ធិពល ប្រចាំក្នុងស្ថានីទូរទស្សន៍បានយ័ន អ្នកនាង ស៊ឹម សូលីកា បានបន្ថែមទៀតថា ទោះបីជាអ្នកនាងឃ្លាតឆ្ងាយ ពីការសម្ដែងច្រើនឆ្នាំមែន ប៉ុន្តែពេលចូលវិញ គឺមិនមែនជាឧបសគ្គ ឬជាការលំបាកសម្រាប់អ្នកនាងឡើយ ព្រោះការធ្វើពិធីការិនី នៅលើកញ្ចក់ទូរទស្សន៍ ក៏មិនខុសពីការសម្ដែងដែរ ពោលគឺមួយថ្ងៃៗ នៅតែនឹងមុខកាមេរ៉ា ដូច្នេះមិនមែនជាបញ្ហាធំសម្រាប់អ្នកនាង ដែលឃ្លាយឆ្ងាយពីការសម្ដែងយូរឆ្នាំនោះឡើយ៕
ប្រភព ៖ Khmertalking
loading...
0 comments:
Post a Comment