គណបក្សនយោបាយពីរផ្សេងគ្នា បានរៀបចំរំឭកព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ២០១៦ ក្នុងពេលតែមួយ។ ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ បដិសេធថា រូបលោកមិនដែលក្បត់នឹងគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងរឿងព្រឹត្តិការណ៍ផ្ទុះអាវុធថ្ងៃទី៥-៦ កក្កដា ម្ដងណាទេ។ ដោយឡែកប្រធានស្ដីទីគណបក្សប្រឆាំងវិញអះអាងថា គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់គោលការណ៍ធម៌អហិង្សាក្នុងការដោះស្រាយវិបត្តិនយោបាយ។
ទាំងគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា ដែលស្ថិតក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធដូចគ្នាកាលពី ១៩ឆ្នាំមុនដែរនោះ មិនចាប់អារម្មណ៍អ្វីឡើយចំពោះការរំឭកព្រឹត្តិការណ៍ ឬធ្វើបុណ្យបញ្ជូនកុសលដូចគណបក្សនយោបាយពីរ ដែលបានរៀបចំរំឭកខួបនៅពេលនេះ។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ខាងគណបក្សដែលគ្រប់គ្រងរដ្ឋាភិបាល នៅតែចងចាំអ្នកបូជាជីវិតមួយចំនួនក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធនោះ ប៉ុន្តែមិនបានរំឭកដូចបក្សដទៃកំពុងធ្វើនាពេលនេះទេ។ លោកបន្តថា អ្វីដែលបក្សកាន់អំណាចមិនរៀបចំនេះ ដោយសារហេតុការណ៍នោះ គឺព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ នាំកម្លាំងខ្មែរក្រហមចូលក្រុងភ្នំពេញ ដែលចង់បង្កើតឲ្យទៅជារបបខ្មែរក្រហមទី២ ឡើងវិញ។ លោកថា ហេតុនេះគេមិនត្រូវរំឭក ឬត្រូវតែកប់ចោលវិញជាជាងរក្សាទុក។ លោកបន្តថា «ដឹងគុណអំពីគុណបំណាច់បងប្អូនអ្នកដែលខិតខំបូជាជីវិត ប៉ុន្តែនេះក៏គួរតែបំភ្លេចចោល ពីព្រោះរឿងហ្នឹងវាជាបទពិសោធន៍មិនល្អ»។
ជុំវិញរដ្ឋប្រហារដោយយោធាកាលពី ១៩ឆ្នាំមុន អតីតមន្ត្រីខុទ្ទកាល័យសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ លោក គឹម សុខ ចោទប្រកាន់ថា មូលហេតុនៃការផ្ទុះអាវុធនេះ គឺជាការធ្វើរដ្ឋប្រហារយោធាពីកម្លាំងដែលស្មោះត្រង់នាយករដ្ឋមន្ត្រីទី២ លោក ហ៊ុន សែន។ ក្រៅពីបំណងរបស់គណបក្សប្រជាជនកម្ពុជា នេះហើយ គឺនៅមានការលូកដៃ និងមានភាពមិនស្មោះត្រង់នឹងបក្សដោយលោក ញឹក ប៊ុនឆៃ មួយជាន់ថែមទៀតផង។ លោក គឹម សុខ ថ្លែងកាលពីថ្ងៃទី២ កក្កដា ថា មូលហេតុមួយក្នុងចំណោមបញ្ហាផ្សេងទៀតដែលបង្កើតឲ្យមានរដ្ឋប្រហារនេះ ក្នុងនោះគឺលោក ញឹក ប៊ុនឆៃ ក៏ជាដើមចមនាំឲ្យមានព្រឹត្តិការណ៍រដ្ឋប្រហារនេះដែរ។ លោកបន្តថា «គេសួរដោយឆ្ងល់ តើលោក ញឹក ប៊ុនឆៃ ជាមេទ័ពនៅពេលនោះរបស់គណបក្សហ៊្វុនស៊ិនប៉ិច ពិតជាអ្នកប្រយុទ្ធរបស់ហ៊្វុនស៊ិនប៉ិចមែន ឬក៏មានអីដែលឃុបឃិតនឹងគេដែរ។ ទាំងនេះជាចំណុចឆ្ងល់។ មានចំណុចច្រើនដែលយើងឆ្ងល់។ ចំណុចទី១ ដែលយើងមើលតាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ន ឯកឧត្ដម ញឹក ប៊ុនឆៃ គាត់ដែលមានបញ្ហាអីទេរហូតដល់ខ្ញុំស្គាល់កូនចៅគាត់។ គាត់ថាឯកឧត្តម ញឹក ប៊ុនឆៃ ហ្នឹងចង់និយាយអីជាមួយសម្ដេចនាយកហ្នឹង តេទៅស្មើណាក៏បាន និយាយរឿងអី និងកិច្ចការរបៀបម៉េចគឺបាន»។
ទាក់ទិនការចោទប្រកាន់នេះ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ថ្លែងនៅព្រឹកថ្ងៃទី៦ ខែកក្កដា នៅវត្តចំបក់មាស ក្នុងខណ្ឌជ្រោយចង្វារ ដោយបដិសេធថា រូបលោកមិនដែលក្បត់នឹងរបបរាជានិយម ហើយក៏មិនដែលក្បត់នឹងគណបក្សហ៊្វុនស៊ិនប៉ិច ដូចការចោទប្រកាន់នេះដែរ។ បន្ថែមពីលើនេះ អ្វីដែលកម្លាំងរបស់លោក សម្រេចចិត្តដកថយវិញកាលណោះ គឺដើម្បីកុំឲ្យមានឈ្មោះអាក្រក់ចំពោះប្រវត្តិសាស្ត្រថាបំផ្លាញសន្តិភាព ជាពិសេសមិនចង់ឃើញខ្មែរបង្ហូរឈាមឡើងវិញប៉ុណ្ណោះ។ លោកបន្តថា «ខ្ញុំមិនមានអីទៅក្បត់សម្ដេចក្រុមព្រះទេ។ គ្រាន់តែថាខ្ញុំជាមេទ័ពមួយ ខ្ញុំមានបទពិសោធន៍។ ខ្ញុំសិក្សា និងមើលពីបទពិសោធន៍ពីប្រទេសផ្សេងៗជាច្រើនណាស់។ ឧទាហរណ៍ថា បើថ្ងៃនោះខ្ញុំប្រយុទ្ធយកស្លាប់រស់ទៅប្រហែលភ្នំពេញ។ ហើយបើឆេះខ្ទេចទៅ គឺខ្ញុំប្រហែលអាចត្រូវព្យួរក ឬប្រហារជីវិតហើយ ព្រោះខ្ញុំធ្វើឲ្យខ្ទេចខ្ទីងាប់អាយុជីវិតប្រជាពលរដ្ឋ ទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យប្រជាពលរដ្ឋច្រើនណាស់ មិនអាចមានថ្ងៃនេះដែលខ្ញុំអាចមកឈរនិយាយជាមួយអ្នកសារព័ត៌មានបានទេ។ ខ្ញុំគិតថា បើទោះជាខ្ញុំខ្លាំងប៉ុណ្ណោះក៏ដោយ ចុងបញ្ចប់ខ្ញុំត្រូវចាញ់នៅភ្នំពេញ ព្រោះកងទ័ពទូទាំងប្រទេសមកវាយខ្ញុំ ហើយខ្ញុំនៅភ្នំពេញមានតែកងអង្គរក្សសម្ដេចក្រុមហ្នឹង»។
ជុំវិញព្រឹត្តិការណ៍រដ្ឋប្រហារកាលពីថ្ងៃទី៥-៦ កក្កដា អតីតមន្ត្រីយោធាជាន់ខ្ពស់នៃគណបក្សហ៊្វុនស៊ិនប៉ិច យល់ឃើញថា មូលហេតុដែលនាំឲ្យមានព្រឹត្តិការណ៍ផ្ទុះអាវុធ អាចបណ្ដាលមកពីមិនទុកចិត្តគ្នារវាងបក្សទាំងពីរនៅពេលនោះ។ ម្យ៉ាងវិញទៀត ការព្យាយាមធ្វើឲ្យមានតុល្យភាពអំណាចរវាងកម្លាំងយោធារបស់គណបក្សហ៊្វុនស៊ិនប៉ិច ដំណឹងអំពីការមិនបែងចែកអំណាចស្មើគ្នា និងការនាំកម្លាំងខ្មែរក្រហមចូលក្រុងភ្នំពេញ ជាដើម គឺជាដើមចមនាំឲ្យកើតមានព្រឹត្តិការណ៍នេះឡើង។
ដោយឡែកគណបក្សប្រឆាំងឯណេះវិញ ក៏រំឭកព្រឹត្តិការណ៍ថ្ងៃទី៥-៦ កក្កដា ដូចគណបក្សខ្មែររួបរួមជាតិ នេះដែរ នៅក្នុងទីស្នាក់ការនាសង្កាត់ចាក់អង្រែលើ ក្នុងថ្ងៃតែមួយ។ ពិធីដែលរៀបចំតាមបែបព្រះពុទ្ធសាសនាដូចគ្នានេះ លោក កឹម សុខា ពុំបាននិយាយអ្វីច្រើនឡើយ ក្រៅពីសារនយោបាយផ្ដោតសំខាន់រឿងព្រះធម៌ទៅវិញនោះ។ ការបង្ហាញវត្តមានជាសាធារណៈលើកទី២ នេះ លោក កឹម សុខា បញ្ជាក់ថា គណបក្សប្រឆាំងនៅតែប្រកាន់គោលការណ៍អហិង្សា និងមិនយកខ្មែរណាធ្វើជាសត្រូវឡើយ ជាពិសេសនឹងមិនដឹកនាំប្រទេសទៅរកព្រឹត្តិការណ៍រដ្ឋប្រហារដូចថ្ងៃទី៥-៦ កក្កដា នោះដែរ។
ក្រៅពីគណបក្សនយោបាយទាំងពីរ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សខ្មែររួបរួមជាតិ ដែលប្រារព្ធព្រឹត្តិការណ៍រដ្ឋប្រហារកាលពី ១៩ឆ្នាំមុននោះ គេសង្កេតឃើញថា ពុំមានបក្សដទៃណាមួយក្រៅពីនេះ រំឭកព្រឹត្តិការណ៍ដូចនេះឡើយ ជាពិសេសគណបក្សនយោបាយដែលដិតដាម និងស្ថិតក្នុងព្រឹត្តិការណ៍រដ្ឋប្រហារនៅពេលនោះ គឺគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា បានសម្ងំឈឹងទៅវិញនៅថ្ងៃទី៥-៦ កក្កដា។
ស្របពេលនេះ លោក ញឹក ប៊ុនឆៃ ឲ្យដឹងថា កម្លាំងរណសិរ្សតស៊ូដែលស្មោះត្រង់នឹងរបបរាជានិយម គិតចាប់ពីទសវត្សរ៍ទី៨០ បូករួមទាំងក្រោយរដ្ឋប្រហារថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ផង គឺមាននាយទាហាន នាយទាហានរង និងពលរដ្ឋបានពលីជីវិតប្រមាណជាង ៤ពាន់នាក់៕
ប្រភព៖ RFA
loading...
0 comments:
Post a Comment