ភរិយារបស់លោក កែម ឡី បានអះអាងថាករណីបាញ់សម្លាប់ប្តីរបស់អ្នកស្រី ជារឿងនយោបាយ ដោយច្រានចោលការលើកឡើងពីរឿងជំពាក់លុយគេ។
លោកបណ្ឌិត កែម ឡី អ្នកវិភាគព្រឹត្តិការណ៍សង្គមឯករាជ្យត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹកថ្ងៃអាទិត្យនេះនៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។
អ្នកស្រី ប៊ូ រចនា ដែលកំពុងស្ថិតនៅកន្លែងកើតហេតុ បានប្រាប់វីអូឌីតាមទូរស័ព្ទនៅ ម៉ោងប្រមាណ១១និង៤០នាទីនេះថាប្តីរបស់អ្នកស្រីមិនដែលមានបញ្ហាជាមួយអ្នកណានោះទេ។ អ្នកស្រីបានច្រានចោលការលើកឡើងថាលោក កែម ឡី ជំពាក់លុយគេមិនសង។ អ្នកស្រីចាត់ទុកករណីនេះជារឿងនយោបាយ។ “ខ្ញុំពិបាកនិយាយណាស់។ រឿងនយោបាយហ្នឹង…”។ អ្នកស្រីឲ្យដឹងថាអ្នកស្រីមានកូនចំនួន៤នាក់និងកំពុងពរពោះកូនម្នាក់។
លោក កែម ឡី ត្រូវបានបាញ់សម្លាប់ក្នុងសម្លៀកបំពាក់កីឡា ខោខ្មៅ អាវក្រហម។ ផ្ទះរបស់លោកស្ថិតនៅខាងត្បូងផ្សារបឹងកេងកង។ ក្រោយពីការបាញ់សម្លាប់ ខ្មាន់កាំភ្លើងម្នាក់ដែលគេអះអាងថាជាអ្នកបាញ់លោក កែម ឡី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន នៅក្រោយហេតុការណ៍ឃាតកម្មបានកើតឡើង។
លោកបណ្ឌិត កែម ឡី ដែលត្រូវបានគេស្គាល់ជាទូទៅថាជាអ្នកវិភាគព្រឹត្តិការណ៍សង្គមនោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារយ៉ាងតិចចំនួន២គ្រាប់ នៅក្នុងស្តារម៉ាត ក្នុងការ៉ាស់សាំងកាល់តិច នៅម្ដុំស្តុបបូកគោក នៅម៉ោងប្រហែល ៩ព្រឹកថ្ងៃអាទិត្យនេះ។
ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី បានទៅដល់កន្លែងកើតហេតុ ហើយបានយំសោកសង្រេងយ៉ាងខ្លាំង ខណៈដែលលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ កំពុងតែពិនិត្យនៅកន្លែងកើតហេតុ៕
Source: http://vodhotnews.com/2016/07/kem-leys-wife-deems-the-gunning-as-political/
loading...
0 comments:
Post a Comment