ស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិ ចំនួន ២ផ្ទាំង ដែលដាក់តាំងតាមចិញ្ចើមផ្លូវសាធារណៈក្នុងឃុំអូរជីក និងភូមិថ្នល់កែង នៃស្រុកអន្លង់វែង ត្រូវក្រុមជនមិនស្គាល់មុខបំផ្លាញចោលជាថ្មីទៀត។ កាលពីថ្ងៃទី២៩ ខែឧសភា កន្លងទៅ ស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិ ចំនួន ២ផ្ទាំង ដែលដាក់តាំងនៅភូមិត្រពាំងត្រាវ និងភូមិអូរបាត់ដាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ត្រូវបានមេភូមិ ២នាក់ដែលគាំទ្រគណបក្សកាន់អំណាច ទៅដកបំផ្លាញម្ដងមកហើយ។
សកម្មជនគណបក្សសង្គ្រោះជាតិ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទាមទារឲ្យអាជ្ញាធរ និងសមត្ថកិច្ច ត្រូវតែវែករកមុខជនដៃដល់ដែលបានបំផ្លាញស្លាកសញ្ញារបស់គណបក្សប្រឆាំងចំនួន ២ផ្ទាំង ដែលជាអំពើខុសច្បាប់ និងជាការសំអប់ខាងនយោបាយផងនោះ។
សកម្មជនគណបក្សសង្គ្រោះជាតិ នៅស្រុកអន្លង់វែង គឺលោក នូ ភិរម្យ។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃពុធ ទី៦ ខែកក្កដា ថា កាលពីរាត្រីថ្ងៃទី៤ ខែកក្កដា កន្លងទៅ ស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិ ទំហំទទឹង ០,៧០ម៉ែត្រគុណនឹងបណ្ដោយជាង ១ម៉ែត្រចំនួន ២ផ្ទាំង ត្រូវជនមិនស្គាល់មុខបំផ្លាញឲ្យខូចខាតខ្ទេចខ្ទី។ សកម្មជនដដែលបញ្ជាក់ថា ស្លាកសញ្ញាទាំងពីរផ្ទាំងនោះ គឺលោកទើបតែយកទៅដាក់នៅកន្លែងពីរផ្សេងគ្នា ដោយមួយផ្ទាំងនៅក្នុងភូមិថ្នល់កែង និងមួយផ្ទាំងទៀតនៅផ្លូវចូលទៅអតីតផ្ទះតា ម៉ុក ក្នុងឃុំអូរជីក៖ «គេយកទៅបោះចោលនៅក្នុងសាលារៀនមួយ និងគេបោះទម្លាក់ទឹកអូរជីកមួយ។ គេដកជិតហ្នឹង គេទម្លាក់ចោលនៅក្បែរហ្នឹង»។
ក៏ប៉ុន្តែរហូតមកដល់ពេលនេះ សមត្ថកិច្ចឆ្លើយថា គេនៅមិនទាន់បានទទួលព័ត៌មានជុំវិញការបំផ្លាញស្លាកសញ្ញាគណបក្សប្រឆាំងទាំងពីរផ្ទាំងនោះនៅឡើយទេ។
អធិការនគរបាលស្រុកអន្លង់វែង លោក គឹម វណ្ណៈ មានប្រសាសន៍ថា លោកនៅមិនទាន់បានទទួលព័ត៌មានស្ដីពីការបំផ្លាញស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ នៅឡើយទេ។ លោកអធិការដដែលបញ្ជាក់ថា សមត្ថកិច្ចនឹងមិនព្រងើយកន្តើយក្នុងការស្រាវជ្រាវករណីនេះទេ ប្រសិនបើតំណាងរបស់គណបក្សសង្គ្រោះជាតិ ដាក់បណ្ដឹងមកដល់អធិការដ្ឋាន៖ «ប្រសិនជាបទល្មើសជាក់ស្ដែង គឺសមត្ថកិច្ចអាចឃាត់ខ្លួនជនប្រព្រឹត្តិ ហើយប្រសិនជាអត់ជាក់ស្ដែងដូចនេះ បើគណបក្សមកប្ដឹង ប៉ូលិសនៅតែធ្វើការស្រាវជ្រាវ»។
ទោះបីជាយ៉ាងណា សកម្មជនគណបក្សសង្គ្រោះជាតិ ស្រុកអន្លង់វែង ឲ្យដឹងថា កាលពីថ្ងៃទី៥ ខែកក្កដា កន្លងទៅ គេបានអញ្ជើញអធិការរងម្នាក់ឲ្យទៅពិនិត្យមើល ព្រមទាំងថតរូបភាពស្លាកសញ្ញាដែលគេបំផ្លាញនោះផង ក៏ប៉ុន្តែនៅឡើយតែមិនទាន់ដាក់ពាក្យបណ្ដឹងផ្លូវការ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន មានប្រសាសន៍ថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៦ នេះ នៅខេត្តឧត្តរមានជ័យ គឺមានការបំផ្លាញស្លាកសញ្ញាគណបក្សប្រឆាំងចំនួនពីរលើកហើយ។ លោក ស្រី ណារ៉េន អំពាវនាវឲ្យសមត្ថកិច្ច គួរតែយកចិត្តទុកដាក់កុំឲ្យមានការបំផ្លាញស្លាកសញ្ញាគណបក្សប្រឆាំងតទៅទៀត។
កាលពីថ្ងៃទី២៩ ខែឧសភា កន្លងទៅ គណបក្សសង្គ្រោះជាតិ ធ្លាប់ចោទប្រកាន់បុរស ២នាក់ឈ្មោះ ភួង ភឿន ជាមេភូមិអូរបាត់ដាវ និងឈ្មោះ ម៉ោន គឹមយ៉ាន ជាមេភូមិត្រពាំងត្រាវ ថាបានទៅដកបំផ្លាញស្លាកសញ្ញាចំនួន ២ផ្ទាំងនៅក្នុងសង្កាត់បន្សាយរាក់ ក្រុងសំរោង ម្ដងមកហើយ។
បញ្ហានៅសង្កាត់បន្សាយរាក់ នោះ គឺអធិការដ្ឋាននគរបាលក្រុងសំរោង បានត្រឹមតែកោះហៅតំណាងគណបក្សសង្គ្រោះជាតិ ទៅសាកសួរ ប៉ុន្តែចំណាត់ការហាក់មិនបានផលអ្វីទេ បន្ទាប់ពីប៉ូលិសបានកោះហៅមេភូមិទាំងពីរទៅសាកសួរ ប៉ុន្តែមេភូមិទាំងពីរមិនបានចូលខ្លួនតាមការកោះហៅ ដោយសំអាងថាកំពុងជាប់រវល់ធ្វើស្រែ និងចម្ការនោះ៕
ប្រភព៖ RFA/
loading...
0 comments:
Post a Comment