ខេត្ដកំពង់ឆ្នាំង ៖ ក្រុមគ្រួសារជាអាណាព្យាបាលកុមារីសិស្សសាលា៤នាក់ជាជនរងគ្រោះ និងលោកមេភូមិថ្មកែវ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ បានជួបជុំគ្នាលើកបដាស្នើសុំដល់សម្តេចតេជោ ហ៊ុន សែន និងលោករដ្ឋមន្ត្រីក្រសួងអប់រំ ជួយអន្តរាគមន៍ជួយរកយុត្តិធម៌ដល់កូនចៅនិងក្មួយពួកគាត់ចំនួន៤នាក់ ជាសិស្សសាលាបឋមសិក្សាថ្មកែវ ។
កូនក្មួយពួកគាត់បានរងគ្រោះពីសំណាក់គ្រូបង្រៀនប្រចាំថ្នាក់ម្នាក់ ក្នុងអំពើបៀតបៀនកេរ្តិ៍ខ្មាស និងការចាប់រំលោភមិនសម្រេចកាលពីជាង៣ឆ្នាំមុន ហើយពួកគាត់បានដាក់បណ្តឹងទៅសាលាដំបូងខេត្ត៣ឆ្នាំហើយ តែមកដល់ពេលនេះមិនទាន់ឃើញមានចំណាត់់ការនៅឡើយ ។
ពួកគាត់បានលើកយកសំណុំរឿងពីជាង៣ឆ្នាំមុន មកបង្ហាញថា រឿងអាស្រូវខាងលើនេះបានកើតឡើងនៅក្នុងខែមករា ឆ្នាំ២០១៣ ដោយលោកគ្រូបង្រៀននៅសាលាបឋមសិក្សាថ្មកែវម្នាក់ ឈ្មោះ កែម ចាន់ឆេន តែងតែឆ្លៀតឱកាសបៀតបៀនកេរ្តិ៍ខ្មាសលើកូនសិស្ស៤នាក់ នៅក្នុងថ្នាក់រៀន ខណៈសិស្សចេញធ្វើពលកម្ម ម្តងៗ ។
លោកគ្រូខាងលើនេះជាញឹកញាប់តែងតែចាប់ថើបនិងច្របាច់សុដន់កូនសិស្សខ្លួនឯង ក្នុងនោះ កុមារីម្នាក់ក្នុងចំណោម៤នាក់ ត្រូវលោកគ្រូបង្រៀនរូបនោះបានចាប់សម្រាតសំពត់ប្រុងចាប់រំលោភនាង តែមិនបានសម្រេចព្រោះនាងបានរើបម្រះ និងទាត់ចំពងស្វាសគ្រូ និងបានរើរំដោះខ្លួនរួច ។ ក្រោយពេលកើតុហេតុពួកគាត់បានមកដាក់បណ្តឹងនៅសាលាដំបូងខេត្ត តែសាលាដំបូងខេត្តបានតម្កល់រឿងទុកមិនចាត់ការ ។
ក្រោយមក ពួកគាត់បានប្តឹងតវ៉ាទៅសាលាឧទ្ធរណ៍ និងលោកប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឲ្យជួយអន្តរាគមន៍ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ១២៥ ចុះថ្ងៃទី០២ ខែសីហាឆ្នាំ២០១៣ ហើយលោក សុង ប៊ុណ្ណរិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វើការចោទប្រកាន់លោកគ្រូ កែម ចាន់ឆេន ជាផ្លូវការតាមលិខិតលេខ៣៩៤/១៥(ត) ចុះថ្ងៃទី២៧ ខែតុលាឆ្នាំ២០១៥ ។ ប៉ុន្តែកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ នៅពេលពួកគាត់ដាក់ពាក្យសុំឱ្យលោកចៅក្រមពន្លឿនដំណើរការសំណុំរឿងនេះ ត្រូវបានចៅក្រមស៊ើបសួរនិយាយប្រាប់ថា លោកបានចេញសេចក្តីជូនដំណឹងលេខ៣៩៤/១៥(ត) ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ ស្តីពីការចោទប្រកាន់លើឈ្មោះ កែម ចាន់ឆេន ជាផ្លូវការ ទៅរដ្ឋមន្ត្រីក្រសួងអប់រំរួចហើយ តែមកដល់ថ្ងៃនេះក្រសួងអប់រំមិនទាន់ឆ្លើយតបនៅឡើយ ។
ប្រជាពលរដ្ឋជាអាណាព្យាបាលសិស្សរងគ្រោះ បានឱ្យដឹងទៀតថា ដោយសារតែច្បាប់មិនមានចំណាត់ការលើជនល្មើស ហើយថែមទាំងជនល្មើសត្រូវបានគេដំឡើងបុណ្យស័ក្តិឱ្យមកនៅធ្វើការក្នុងការិយាល័យអប់រំស្រុកទៀតនោះ ធ្វើឱ្យកុមារីរងគ្រោះ៣នាក់ ក្នុងចំណោម៤នាក់មានភាពអៀនខ្មាសដោយសារការរិះគន់បង្អាប់ពីសិស្សនៅក្នុងសាលាក៏បានសម្រេចចិត្តឈប់រៀនទៀតផង ។
ករណីនេះ ពួកគាត់ជាអាណាព្យាបាលសិស្សរងគ្រោះ ពិសេសលោក ខៀវ ឃុយ ដែលជាឪពុកកុមារីម្នាក់ ក្នុងចំណោម៤នាក់ បានសំណូមពរដ៏ទទូចដល់សម្តេចតេជោ ហ៊ុន សែន និងលោករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា សូមជួយអន្តរាគមន៍បើកផ្លូវឲ្យតុលាការបានចាត់ការរឿងនេះដោយយុត្តិធម៌ជូនដល់ជនរងគ្រោះផង ព្រោះរឿងនេះមានរយៈពេល៣ឆ្នាំហើយកប់បាត់មិនដោះស្រាយទេ ។
ដោយឡែក លោក សោម ឈឿន មេភូមិថ្មកែវ ឃុំស្វាយជ្រំ បានឲ្យដឹងថា ក្រោយពេលកើតហេតុ ពេលមានបណ្តឹងពីឪពុកម្តាយសិស្សរងគ្រោះទាំង៤នាក់ លោកបានហៅសិស្សជាសាក្សីដែលបានឃើញលោកគ្រូ កែម ចាន់ឆេន ប្រព្រឹត្តអំពើបៀតបៀនកេរ្តិ៍ខ្មាស និងសិស្សរងគ្រោះទាំង៤នាក់មកសាកសួរផ្ទាល់ នៅចំពោះមុខលោកមេភូមិ និងចំពោះមុខអាណាព្យាបាលសិស្ស ។ ពេលនោះជនរងគ្រោះនិងសិស្សជាសាក្សីចំនួន១៤នាក់ បានឆ្លើយដូចៗគ្នាថា លោកលោកគ្រូ កែម ចាន់ឆេន ពិតជាបានប្រព្រឹត្តអំពើបៀតបៀនកេរ្តិ៍ខ្មាសមកលើសិស្សរងគ្រោះដូចបានរៀបរាប់ខាងលើមែន ។ ជាមួយនេះ ថែមទាំងបានផ្តិតមេដៃទទួលខុសត្រូវនៅលើចម្លើយនៅក្នុងកំណត់ហេតុចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ ជាភ័ស្តុតាងតាមច្បាប់ផងដែរ ដែលមានលោក យី ភួន មេឃុំស្វាយជ្រំំ ចុះហត្ថលេខាដឹងឮទៀតផង ។
ចំពោះរឿងរ៉ាវនេះ លោកមេភូមិសំណូមពរដល់ក្រសួងអប់រំ ពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ផ្តល់យុត្តិធម៌ដល់សិស្សក្រីក្រទន់ខ្សោយ និងក្រុមគ្រួសារនាងឲ្យមានកិត្តិយសវិញផង ៕
ប្រភព៖EveryDay
loading...
0 comments:
Post a Comment