រាជធានីភ្នំពេញ ៖ សំណុំរឿងឃុបឃិតជាមួយសង្សារចាស់រៀបចំអន្ទាក់ស្នេហ៍នាំសង្សារថ្មីរួមរ័កវាយសម្លាប់ប្លន់យកម៉ូតូរហូតមកទល់ពេលនេះ ជនសង្ស័យ២នាក់ជាសង្សារនឹងគ្នាត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ជួន សុរាសី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៅរសៀលថ្ងៃទី៤ ខែកក្កដា ២០១៦ បានប្រកាសសាលក្រមលើសំណុំរឿងឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចវាលស្មៅព្រៃត្រែង ស្ថិតនៅដីឡូត៍មួយកន្លែង ខាងកើតស្ពានជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ ។
ជនជាប់ចោទឈ្មោះ អ៊ូច ស្រីរ័ត្ន ភេទស្រីអាយុ១៩ឆ្នាំ ជាស្ត្រីខារ៉ាអូខេ ចៅក្រមសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយ:ពេល៣៥ឆ្នាំ និងជនជាប់ចោទឈ្មោះ ធឿន គីម ភេទប្រុសអាយុ២២ឆ្នាំ ត្រូវជាសង្សារ និងជាអតីតសន្តិសុខក្រុមហ៊ុនISA សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត និងបង្គាប់ឲ្យសងជំងឺចិត្តទៅដើមបណ្តឹងគឺម្តាយជនរងគ្រោះឈ្មោះ ស៊ឹម ស្រីអាន ចំនួន៣ម៉ឺនដុល្លារ ។
សូមបញ្ជាក់ថា ក្នុងសវនាការដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ជនជាប់ចោទឈ្មោះ អ៊ូច ស្រីរ័ត្ន ឆ្លើយសារភាពថា នាងបានស្គាល់ជនរងគ្រោះឈ្មោះ យ៉ុន តុលា ហើយជនរងគ្រោះបានបបួលនាងទៅច្រៀងខារ៉ាអូខេនៅម្ដុំជ្រោយចង្វា តែនាងមិនទៅ ។ នាងបានបបួលជនរងគ្រោះទៅរួមភេទ ហើយជនរងគ្រោះបានបបួលនាងទៅដេកនៅផ្ទះសំណាក់ តែនាងប្រាប់ថាទៅព្រៃត្រែងស្ងាត់ជាង ។ ពេលនោះសង្សារនាងឈ្មោះ ធឿន គីម បានមកវាយជនរងគ្រោះបួនប្រាំដំបងសម្លាប់ ដែលគម្រោងការនេះគឺនាងនិងសង្សារបានរៀបចំរយ:ពេលជាងកន្លះខែមកហើយ ដើម្បីប្លន់យកម៉ូតូសេ១២៥ ពាក់ស្លាកលេខ ព្រៃវែង 1G 4092 យកមកលក់ចែកលុយគ្នា ។
ឯជនជាប់ចោទឈ្មោះ ធឿន គីម ឆ្លើយសារភាពថា ខ្លួនពិតជាបានវាយជនរងគ្រោះបួនប្រាំដំបងប្រាកដមែន ដោយឈ្មោះស្រីរ័ត្ន ជាអ្នកឲ្យខ្លួនវាយសម្លាប់ ។
សូមរំលឹកឡើងវិញថា កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងៃទី៤ ធ្នូ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីមានករណីវាយសម្លាប់យុវជនម្នាក់ យកសពមកប្លុងចោលក្នុងដីឡូត៍មួយកន្លែង ទល់មុខហាងនំប៉័ងភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
ការឃាត់ខ្លួននេះ ខណៈពេលសមត្ថកិច្ចកំពុងតែជិះម៉ូតូ ល្បាតក្នុងមូលដ្ឋានរបស់ខ្លួន មកដល់មុខហាងនំប៉័ងភ្នំពេញ ក៏ឃើញនារីម្នាក់ឈររេរាៗ ដោយសង្ស័យ សមត្ថកិច្ចក៏ឈប់ម៉ូតូសួរនាំនារីនោះថា មកធ្វើអ្វីនៅទីនេះ ព្រោះជាកន្លែងស្ងាត់ណាស់ កំពុងតែសួរនាំ ស្រាប់តែលេចមុខបុរសម្នាក់ទៀតដើរចេញពីក្នុងព្រៃដីឡូត៍មួយកន្លែង ដោយខ្លួនប្រឡាក់សុទ្ធតែឈាម ។
ស្ថានភាពគួរឱ្យសង្ស័យបែបនេះ សមត្ថកិច្ចក៏ឃាត់ខ្លួនប្រុសស្រីពីរនាក់នេះ ដើម្បីសួរនាំ ។ សួរនាំចុះឡើង នារីសង្ស័យនេះឆ្លើយប្រាប់សមត្ថកិច្ចថា នាងត្រូវគេចាប់រំលោភក្នុងដីឡូត៍នេះ តែបានបុរសម្នាក់នេះឃើញទាន់ ក៏មកជួយនាង ។ ដោយនៅតែមិនដឹងរឿងច្បាស់ សមត្ថកិច្ចក៏ជិះម៉ូតូចូលទៅក្នុងដីឡូត៍នោះ ក៏ប្រទះឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខ ព្រៃវែង 1G-4092 និងឃើញបុរសម្នាក់ស្លាប់នៅក្នុងថ្លុកឈាមបាត់ទៅហើយ ។
នគរបាលក៏បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីពីរនាក់នេះ យកទៅប៉ុស្តិ៍ជ្រោយចង្វា ដើម្បីសួរនាំឱ្យបានកាន់តែច្បាស់ ព្រោះករណីនេះអាចជារឿងឃាតកម្មរៀបចំទុកជាមុនរបស់ជនល្មើស ។
តាមស្ត្រីរូបនោះបានប្រាប់សមត្ថកិច្ចឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ នាងត្រូវបានបុរសរងគ្រោះដឹកពីសង្កាត់ស្ទឹងមានជ័យក្នុងគោលបំណង់ ដើរលេង ។ នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ នាងឱ្យម៉ូតូឈប់ដើម្បីបត់ជើង ហើយត្រូវបានបុរសនោះចូលទៅតាម ប្រុងចាប់រំលោភទើបនាងស្រែកឱ្យគេជួយ ក៏ត្រូវបានគេវាយស្លាប់តែម្តង ។
ទោះបីជានិយាយដោះស្រាយបែប ណាក៏ដោយ សមត្ថកិច្ចមានការសង្ស័យថា ជនរងគ្រោះនិងស្ត្រីរូបនោះចូលក្នុងដីឡូត៍ គោលបំណងរួមភេទ ហើយត្រូវបានក្រុមជនដៃដល់ធ្វើសកម្មភាពវាយនឹងដំបងសម្លាប់ប្លន់យក ម៉ូតូ តែមិនបានសម្រេច ។ សមត្ថកិច្ចនៅតែមិនជឿលើការរៀបរាប់របស់ស្ត្រីរូបនេះ ដោយសារថា ការបត់ជើងនោះ ហេតុអ្វីក៏ចូលទៅក្នុងបរិវេណដីឡូត៍ជ្រៅម្ល៉េះចម្ងាយប្រមាណជិត ៥០ម៉ែត្រឯណោះ ហើយងងឹតទៀតត្រូវដើរកាត់ខ្សាច់ ដូច្នេះទាល់តែមានបំណងអ្វីមួយ ទើបដើរចុះទៅឆ្ងាយបែបនេះ ។
តាម សមត្ថកិច្ចបានដាក់ការសង្ស័យថា ការវាយសម្លាប់ជនរងគ្រោះនេះ គឺស្ដ្រីរូបនោះរៀបចំគម្រោងហៅបុរសរងគ្រោះទៅកន្លែងស្ងាត់ដើម្បី ធ្វើសកម្មភាពប្លន់ ដោយឱ្យបុរសជាជនសង្ស័យនៅរង់ចាំនៅទីនោះមុន ។ ទោះបីជាយ៉ាងណាក៏ដោយ ជនទាំងពីនាក់ដែលបានឃាត់ខ្លួននេះ ខំឆ្លើយប្រកែកថា ពួកគេមិនដែលស្គាល់គ្នាទេ ។
នៅព្រឹកថ្ងៃ ទី៤ ធ្នូ សមត្ថកិច្ច ដែលចុះទៅពិនិត្យសព បានរកឃើញស្រោមអនាម័យ និងទូរស័ព្ទ១គ្រឿងក្នុងហោប៉ាវខោរបស់សព ។ សពត្រូវបានឃាតករវាយក្បាលពីក្រោយរងរបួសធ្ងន់ធ្ងរ ដេកស្លាប់ក្នុងថ្លុកឈាមផ្កាប់មុខ ។ បន្ទាប់ពីត្រួតពិនិត្យសពត្រូវបានបញ្ជូនទៅកាន់ឈាបនដ្ឋានវត្ត ប្រជុំសាគរ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។
ព័ត៌មានចុងក្រោយពីសមត្ថកិច្ចបានអោយដឹងថា នៅវេលាល្ងាចថ្ងៃដដែល បុរសនិងស្ត្រីសង្ស័យបានសារភាពហើយ គឺពិតជាការរៀបចំគម្រោងការសម្លាប់ជនរងគ្រោះដើម្បីប្លន់ម៉ូតូពិតមែន ។ តាមការសារភាពបានបង្ហាញថា ស្ត្រីឈ្មោះ អូន ស្រីរ័ត្ន និងឈ្មោះ យុន តុលា ដែលស្លាប់នេះ គឺជាសង្សារថ្មី ឯជនដៃដល់វាយសម្លាប់នោះ គឺជាសង្សារចាស់ និងធ្វើជាសន្តិសុខនៅក្បែរកន្លែងកើតហេតុនោះផងដែរ ។
ជុំវិញការសម្លាប់នោះ គឺគេឆក់ឱកាសពេលដែលបុរសជាសង្សារថ្មីកំពុងតែនេបនិត្យស្នេហាជាមួយស្រីស្នេហ៍រូបនេះ សង្សារចាស់ក៏យកដំបងវាយទៅលើកញ្ចឹង.កពីក្រោយរហូតដល់ស្លាប់។ ល្បែងស្នេហ៍បែបនេះពិតជាគ្រោះថ្នាក់ ៕
loading...
0 comments:
Post a Comment