ថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ០៧:០៥ (06-12-2016 07:05)
ខេត្តពោធិ៍សាត់ ៖ បន្ទាប់ពីអ្នកជិតខាងឮសំឡេងស្រែក «អូយ» តែមួយម៉ាត់ហើយស្ងាត់ឈឹងទៅវិញ ក៏នាំគ្នារត់ទៅមើល ស្រាប់តែប្រទះឃើញស្ត្រីជាប្រពន្ធដេកដួលស្លាប់ក្នុងថ្លុកឈាមយ៉ាង អាណោចអាធ័មបាត់ទៅហើយ ។ ករណីអំពើហិង្សាក្នុងគ្រួសារនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងផ្ទះរបស់ជនរងគ្រោះស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។នគរបាលប៉ុស្តិ៍រដ្ឋបាលប្រមោយបានឲ្យដឹងថា បុរសសង្ស័យជាប្តីឈ្មោះ ឆេង សារិទ្ធ ហៅវិត អាយុ៣៥ឆ្នាំ រីឯប្រពន្ធជនរងគ្រោះឈ្មោះ សួន ធី អាយុ៤០ឆ្នាំ មានកូន២នាក់ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ បុរសជាប្ដីបានប្រើកាំបិតផ្គាក់កាប់ប្រពន្ធមួយកាំបិតចំក្បាល ពីក្រោយធ្លាយខួរបណ្ដាលឲ្យស្លាប់ភ្លាមៗមួយរំពេច ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសជាប្ដីជាមនុស្សញៀនថ្នាំ ហើយផឹកស្រាស្រវឹងស្ទើរតែរាល់ថ្ងៃ ។ នៅពេលស្រវឹងម្ដងៗតែងតែរករឿងឈ្លោះប្រកែកជាមួយប្រពន្ធញឹកញាប់ណាស់ ដែលភាគច្រើនផ្ដើមចេញពីការប្រច័ណ្ឌ ។ ជាក់ស្ដែងនៅយប់ថ្ងៃកើតហេតុ បុរសជាប្ដីផឹកស្រាស្រវឹង ហើយបានរករឿងឈ្លោះប្រកែកជាមួយប្រពន្ធដូចសព្វមួយដង ប៉ុន្តែអ្នកជិតខាងមិនចាប់អារម្មណ៍ទេ ព្រោះវាជាទម្លាប់របស់គ្រួសារនោះទៅហើយ ។ លុះមួយសន្ទុះក្រោយមកអ្នកជិតខាងឮសំឡេងប្រពន្ធស្រែក «អូយ» ហើយស្ងាត់មាត់ឈឹងទៅវិញ ក៏នាំគ្នារត់ទៅមើល ស្រាប់តែឃើញស្ត្រីជាប្រពន្ធដេកដួលស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ ក៏ទៅរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យឃាត់ខ្លួនបុរសជាភ្លាមៗតែម្ដង ។
សមត្ថកិច្ចសន្និដ្ឋានថា ករណីនេះអាចបណ្ដាលមកពីបុរសជាប្ដីញៀនថ្នាំ ហើយស្រវឹងស្រា គួបផ្សំភ្លើងប្រច័ណ្ឌផង ទើបបែកស្លុយបែបនេះតែម្ដង ។ ជនសង្ស័យជាប្តីត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត ៕



ប្រភព៖ VD7NEWS
loading...
0 comments:
Post a Comment